ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ២១៦គ្រួសារ នៅស្រុកលំផាត់ ទទួលបានអំណោយជាស្បៀងអាហារពីរាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី
រតនគិរី ៖ ដោយមើលឃើញពីទុក្ខលំបាក របស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នៅថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវអមដំណើរដោយឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារពីរាជរដ្ឋាភិបាល តាមរយៈ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរីជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន២១៦គ្រួសារ មកពីឃុំទាំង៦ស្ថិតក្នុងស្រុកលំផាត់។
លោក នូ ថេអភិបាលស្រុកលំផាត់ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង២១៦គ្រួសារ ដែលមកទទួលអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល នាពេលនេះ គឺភាគច្រើនជា ស្រ្តីមេម៉ាយ ជនមានពិការភាព ចាស់ជរា និង ប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាក ក្នុងស្រុកលំផាត់ដែលអញ្ជើញមកពីឃុំទាំង៦រួមមាន ឃុំល្បាំង១,ល្បាំង២,ប៉ាតាង,កាឡែង,សេដា និង ឃុំជ័យឧត្តម ស្ថិតនៅក្នុងស្រុកលំផាត់ នៃខេត្តរតនគិរី។ដោយក្នុងនោះអំណោយដែលបាននាំយកទៅចែកជូននាពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី០១កេសតូច ត្រីខ០១យួរ ឃីតមួយកញ្ចប់។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាល ឯកឧត្តម ញ៉ែម សំអឿន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ។
ជាពិសេសសូមប្រជាពលរដ្ឋក្នុងខេត្តមានការប្រុងប្រយ័ត្នការពារសុខភាពនៅក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឱ្យបានល្អ និង ចៀសផុតពីជំងឺ ដែលអាចកើតមានជាយថាហេតុបណ្តាលមកពីអាកាសធាតុចុះត្រជាក់នេះពីព្រោះថាខេត្តរតនគិរីអាកាធាតុនឹងចុះត្រជាក់នៅក្នុងអំឡុងពេល១សប្ដាហ៍ចាប់ពីថ្ងៃទី២១-២៧ ខែធ្នូ ឆ្នាំ២០២២។ហើយក្នុងពេល១សប្ដាហ៍នេះខេត្ដរតនគិរីអាចចុះត្រជាក់ក្នុងរង្វង់ពី១៧-១៨អង្សាសេ ដែលទាមទារអោយមានការប្រុងប្រយ័ត្នទាំងអស់គ្នា។
សូមបញ្ញាក់ផងដែរថា នៅក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន និងលោកជំទាវ ក៏បានផ្តល់ជូនរទេះ រុញដល់ជនមានពិការភាពចំនួន៦នាក់ផងដែរ ៕ ដោយ គតិ យុត្ត