មនុស្សស្លាប់-របួស ១៣នាក់ និងរាប់ពាន់នាក់គ្មានថាមពលប្រើប្រាស់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រវាយប្រហាររដ្ឋកាលីហ្វ័រញ៉ា
វ៉ាស៊ីនតោន៖ គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បណ្តាលឱ្យខូចខាតផ្ទះសម្បែង ផ្លូវ និងប្រព័ន្ធទឹក ខណៈដែលលំនៅដ្ឋានរបស់ប្រជាជន និងអាជីវកម្មរាប់ម៉ឺនកន្លែងដាច់ចរន្តអគ្គិសនីប្រើប្រាស់។
ជាមួយគ្នានេះ ការិយាល័យប៉ូលិសក្នុងតំបន់ Humboldt County បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស១១នាក់រងរបួស និងពីរនាក់ផ្សេងទៀតបានស្លាប់ បន្ទាប់ពីការវាយប្រហារពីគ្រោះរញ្ជួយដីដ៏កក្រើកនេះ។
បើតាមនាយកដ្ឋានព្រៃឈើ និងការការពារអគ្គិភ័យរដ្ឋកាលីហ្វ័រញ៉ា គ្រោះរញ្ជួយដីនៅចម្ងាយ ៣៥០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង San Francisco បានបណ្តាលឱ្យលេចធ្លាយឧស្ម័ន ដួលរលំខ្សែភ្លើងផ្គត់ផ្គង់អគ្គិសនី ឆេះអគារមួយកន្លែង ប៉ុន្តែពន្លត់ភ្លើងទាន់ពេល និងបណ្តាលឱ្យអគារពីរផ្សេងទៀតដួលរលំ។
បើយោងតាមគេហទំព័រ Poweroutageus ដែលជាគេហទំព័រតាមដានបណ្តាញអគ្គិសនី បាននិយាយថា ផ្ទះ និងអាជីវកម្មជាង ៧៩,០០០កន្លែងនៅតំបន់ Ferndale និងជុំវិញតំបន់ Humboldt County កំពុងគ្មានថាមពលប្រើប្រាស់៕ ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា