លោក ហ្សេលេនស្គី មានផែនការទៅកាន់សហរដ្ឋអាមេរិក ដែលជាការបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូង ចាប់តាំងពីផ្ទុះសង្គ្រាមជាមួយរុស្ស៊ី
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មានគម្រោងបំពេញទស្សនកិច្ចទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ក្នុងថ្ងៃពុធសប្តាហ៍នេះ សម្រាប់លទ្ធភាពប្រជុំជាមួយលោក ចូ បៃដិន និងថ្លែងសុន្ទរកថាទៅកាន់សភាអាមេរិក ដែលនេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់គាត់ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីចុងខែកុម្ភៈកន្លងទៅ។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា ដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គី ជាបណ្តោះអាសន្ន រួមមានជំនួបជាមួយលោក បៃដិន នៅសេតវិមានសម្រាប់ការប្រកាសកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន រួមទាំងជើងទម្របាញ់មីស៊ីល ប៉ាទ្រីយ៉ូត កម្រិតខ្ពស់ ដើម្បីជួយការពារប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលដ៏ឃោរឃៅរបស់រុស្ស៊ី។
យ៉ាងណាមិញ ដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គី នេះដែរ នៅតែមានភាពតានតឹង ហើយអាចត្រូវលុបចោលនៅនាទីចុងក្រោយ ដោយសារតែការព្រួយបារម្ភផ្នែកសន្តិសុខ។
លោក ហ្សេលេនស្គី ដែលបានដឹកនាំដោយគ្មានការសម្រាករយៈពេល ១០ខែនៃសង្គ្រាមដ៏ឃោរឃៅជាមួយកងកម្លាំងឈ្លានពានរុស្ស៊ី បាននិយាយជាញឹកញាប់ទៅកាន់មេដឹកនាំ និងអ្នកគាំទ្រជុំវិញពិភពលោក ប៉ុន្តែគ្រាន់តែតាមទូរស័ព្ទ និងវីដេអូប៉ុណ្ណោះ។
ដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោក ហ្សេលេនស្គី គឺទទួលស្គាល់ថា សហរដ្ឋអាមេរិកជាអ្នកគាំទ្រដ៏សំខាន់បំផុតនៃកិច្ចខិតខំប្រឹងប្រែងសង្គ្រាម ដែលបានផ្តល់ជំនួយសរុបប្រមាណ ៥០ពាន់លានដុល្លាររួចហើយ រួមទាំងជំនួយផ្នែកសន្តិសុខ ២០ពាន់លានដុល្លារផងដែរ៕ ប្រភព៖ CNA ដោយ៖ ទីណា និងបុត្រា