ពានរង្វាន់ Soccer League រដូវកាលថ្មី ចំនួនក្រុមចូលរួមមានការកើនឡើង ខណៈបន្ថែមក្រុមនារី
ភ្នំពេញ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ រៀបចំឡើងក្នុងគោលដៅសំខាន់ លេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព រវាងក្រសួង-ស្ថាប័ននីមួយៗ ក៏ដូចជាការផ្ដល់ឱកាសអោយយុវជនផងដែរ។ ពានរង្វាន់នេះ រៀបចំក្រោមគំនិតផ្ដួចផ្ដើមបង្កើតឡើងដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)។
ឯកឧត្តម ខៀវ ភារិទ្ធ បានបញ្ជាក់ថា ពានរង្វាន់ Soccer League 2023 គឺមានក្រុមចូលរួម រហូតដល់ ៧៤ក្រុម មានការកើនឡើង បើធៀបនឹង កាលពីឆ្នាំ២០១៩ មុនផ្អាករៀបចំ ដោយសារជំងឺកូវីដ-១៩។ អ្វីដែលគួរឲ្យកត់សម្គាល់ មានក្រុមថ្មីៗប្រមាណ ៦០%ចូលរួម ហើយកាន់តែពិសេស ថ្នាក់ដឹកនាំ ស.ស.យ.ក គឺបានជំរុញឲ្យមានការប្រកួតបាល់ទាត់នារីលើកដំបូង ដើម្បីជាការរួមចំណែកអភិវឌ្ឍន៍វិស័យបាល់ទាត់នារី ជាមួយសហព័ន្ធទៀតផង ។
ឯកឧត្តម បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំក្រុម និងកីឡាករទាំងអស់ ដែលបានចំណាយធនធានជាច្រើន ដើម្បីចុះឈ្មោះចូលរួមប្រកួតពានរង្វាន់ Soccer League នេះ។ ប៉ុន្ដែឯកឧត្តម បានសំណូមពរក្រុមនីមួយៗ ត្រូវចូលរួមដោយឆន្ទៈ និងក្ដីស្រលាញ់ ដើម្បីធានាបាននូវការប្រកួតប្រកបដោយភាពសប្បាយរីករាយ មិត្តភាព សាមគ្គីភាព មិនមែនចូលរួមដើម្បីតែឈ្នះចាញ់ ឬប្រាក់រង្វាន់នោះទេ ។ ប្រធានប្រតិបត្តិរូបនេះ បន្ដថា «គោលបំណងនៃការរៀបចំពាន Soccer League មិនមែនតែឈ្នះចាញ់ទេ…។
ផ្ទុយទៅវិញ ការរៀបចំ ដើម្បីឲ្យមានការជួបជុំ លេងកីឡា ដើម្បីសុខភាព សប្បាយរីករាយ មិត្តភាព សាមគ្គីភាពជាធំ ។ តែសំណូមពរកុំឲ្យផ្ដោតតែលើប្រាក់រង្វាន់ពេក គឺផ្ដោតលើការរចូលរួម ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ហើយក៏ជាឱកាសសម្រាប់កីឡាករយុវជន បានឈានទៅលេងនៅក្លិបអាជីព ឬអាចត្រូវបានជ្រើសរើសទៅធ្វើការនៅតាមក្រសួង ស្ថាប័នផ្សេងៗ ផងដែរ» ។
សូមបញ្ជាក់ថា ពានរង្វាន់ Soccer League លើកទី៦ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៧ ខែមករា ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ដោយគ្រោងប្រើប្រាស់ទីលានចំនួន៨។ នេះគឺជាការរៀបចំឡើងវិញ បន្ទាប់ពីព្រឹត្តិការណ៍នេះ ខកខានអស់រយៈពេល ៣ឆ្នាំដោយសារវិបត្តិកូវីដ-១៩ ។ សម្រាប់ប្រាក់រង្វាន់ផ្នែកបុរស លេខ១ ទទួលបានពាន ប្រាក់រង្វាន់ ២៥លានរៀល, លេខ២ ១០លានរៀល និងលេខ៣ ៥លានរៀល ។
ឯផ្នែកនារី លេខ១ ពាន១ ប្រាក់រង្វាន់ ១០លានរៀល, លេខ២ ៥លានរៀល និងលេខ៣ បីលានរៀល។ ជាមួយគ្នានេះ គណកម្មការ ក៏បានកោះអញ្ជើញតំណាងក្រុម មកពីក្រសួង-ស្ថាប័ន និងអង្គភាពទាំងអស់ ចូលរួមសិក្ខាសាលាស្ដីពីបទបញ្ជាការប្រកួត ច្បាប់ល្បែង និងការចុះបញ្ជីរកីឡាតាមប្រព័ន្ធ FIFA Connect កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូនេះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា៕ ចាន់ វិចិត្រ