សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ក្រុមជម្រើសជាតិកម្ពុជា យកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-២ ពានរង្វាន់ AFF Mitsubishi

ភ្នំពេញ៖ តាមរយៈទំព័រ facebook ផ្លូវការនៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរ ក្រុមជម្រើសជាតិកម្ពុជា រកបាន ៣ពិន្ទុពេញ ពីការប្រកួតបើកឆាកពានរង្វាន់ AFF Mitsubishi Electric Cup 2022 ពូល A ក្រោយយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-២។

សម្ដេចតេជោបានសរសេរសារលើទំព័រ facebook ដូច្នេះថា៖ អបអរសាទរ ក្រុមជម្រើសជាតិកម្ពុជា រកបាន ៣ពិន្ទុពេញ ពីការប្រកួតបើកឆាកពានរង្វាន់ AFF Mitsubishi Electric Cup 2022 ពូល A ក្រោយយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

ជូនពរកីឡាករជាតិកម្ពុជាទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត។

សូមជម្រាបថា ក្រុមជម្រើសជាតិកម្ពុជា បានទទួល ៣ពិន្ទុពេញ ក្នុងជំនួបបើកឆាកពូល A នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup 2022 ក្រោយយកឈ្នះក្រុមភ្ញៀវហ្វីលីពីន ៣-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

ជំនួបបើកឆាកពានរង្វាន់ប្រចាំតំបន់នេះ ២០នាទីដំបូង ក្រុមគោព្រៃកម្ពុជា បាននាំមុខហ្វីលីពីន ២គ្រាប់ ដែលធ្វើសម្រេចដោយកីឡាករ រ៉ឹង ប៊ុនហៀង នៅនាទី១៦ និងកីឡាករ អ៊ន ចាន់ប៉ូលីន នៅនាទី២០ មុនកីឡាករហ្វីលីពីន Kenshiro Michael Lontok Daniels រកបាន ១គ្រាប់វិញ នៅនាទី៤១ ។ ចូលវគ្គទី២ ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរបស់ហ្វីលីពីនដដែល Kenshiro Michael Lontok Daniels បានធ្វើសម្រេចគ្រាប់តាមស្មើក្រុមម្ចាស់ផ្ទះ ២-២ វិញ នៅនាទី៥៥ ។ ប៉ុន្ដែកីឡាករ រ៉ឹង ប៊ុនហៀង បានបន្ថែមគ្រាប់នាំមុខជាថ្មីឲ្យកម្ពុជាវិញ នៅនាទី៥៩ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតនេះផងដែរ ។

ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីតតាំងជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី២៣ ខែធ្នូខាងមុខ ។ បន្ទាប់មកទើបកម្ពុជា បើកទ្វារផ្ទះជាថ្មី ទទួលក្រុមជម្រើសជាតិប៊្រុយណេ នាថ្ងៃទី២៩ ខែធ្នូ មុនការប្រកួតបញ្ចប់ពូល ជាមួយក្រុមម្ចាស់ផ្ទះថៃ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខាងមុខ ៕ ដោយ ៖ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner