មហោស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ រកឃើញម្ចាស់ស្នាដៃពានរង្វាន់ចំនួន៣ និងពានរង្វាន់លើកទឹកចិត្តចំនួន៥
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបិទបញ្ចប់មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ក្រោមប្រធានបទ «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្ដខ្នាតវែង» នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានលើកឡើងដែរថា ការប្រកួតប្រជែងពីសំណាក់ភាពយន្តបរទេសដែលនាំចូល កត្តាធនធានមនុស្ស កត្តាសម្ភារបច្ចេកទេស កត្តាដើមទុននៃការផលិត កត្តាទីផ្សារតូចចង្អៀត ព្រមទាំងកត្តាទំនាក់ទំនងរដ្ឋបាលផ្ទៃក្នុងមិនទាន់មានភាពល្អប្រសើរ គឺជាឧបសគ្គយ៉ាងចម្បងក្នុងការរារាំងដល់ដំណើរការរីកចម្រើនក្នុងវិស័យភាពយន្តកម្ពុជា ។ កត្តាទាំងនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់គុណភាពភាពយន្តកម្ពុជា ដើម្បីឲ្យមានឧត្តមភាពប្រកួតប្រជែងជាមួយភាពយន្តបរទេស និងពិសេសដើម្បីឈានជើងទៅកាន់ទីផ្សារភាពយន្តនៅបរទេស ។ ដើម្បីដោះស្រាយបញ្ហានេះ ទាមទារឲ្យការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែកឯកជន ទាំងស្ថាប័នរដ្ឋ ដើម្បីរួមគ្នាជជែកពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក ដោយស្មារតីឆន្ទះម្ចាស់ការ ដើម្បីជំរុញលើកកម្ពស់ និងអភិវឌ្ឍឧស្សាហកម្មភាពយន្តរបស់ជាតិ ។
ជាមួយគ្នានេះ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា មហោស្រពភាពយន្តជាតិខ្នាតខ្លី មិនគ្រាន់តែជាវេទិកាប្រកួតប្រជែងយកពានរង្វាន់នោះទេ ប៉ុន្តែក៏ជាទីកន្លែងជួបជុំសិក្សាស្វែងយល់ វាស់ស្ទង់សមត្ថភាព និងចែករំលែកបទពិសោធន៍ និងចំណេះដឹង ដើម្បីឈានឆ្ពោះទៅការផលិតភាពយន្តខ្នាតវែង ប្រកបដោយគុណភាព។ មហោស្រពនេះ ក៏បានផ្ដល់ឱកាសឲ្យយុវជនបានបញ្ចេញនូវទេពកោសល្យ និងសមត្ថភាព លើការផលិតស្នាដៃភាពយន្តខ្នាតខ្លីរបស់ខ្លួន និងចូលរួមប្រកួតប្រជែងក្នុងកម្រិតថ្នាក់ជាតិ ក្នុងគោលបំណងពង្រឹងនូវធនធានមនុស្សថ្មីៗក្នុងវិស័យភាពយន្ត ។
ឯកឧត្តម ហាប់ ទូច មានប្រសាសន៍បន្ថែមថា ពីមួយឆ្នាំទៅមួយឆ្នាំ មហោស្រពភាពយន្តខ្នាតខ្លី បានក្លាយជាចំណុចប្រសព្វយ៉ាងសំខាន់មួយ ដែលផ្សារភ្ជាប់យុវជនកម្ពុជាមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើការផ្លាស់ប្តូរយោបល់គ្នា ជាមួយនឹងការចែករំលែកនូវបទពិសោធន៍ថ្មីៗក្នុងវិស័យភាពយន្ត ហើយក៏ជាវេទិកាអប់រំ និងបំផុសទេពកោសល្យច្នៃប្រឌិត នៃការផលិតភាពយន្តខ្នាតខ្លីនៅកម្ពុជា ។
សូមបញ្ជាក់ថា ពានអ្នកដឹកនាំរឿងវ័យក្មេង បានទៅលើរឿង ប៉ិក (The Pen) ពានមាតិកាល្អ បានទៅលើ រឿងសំឡេងរាត្រី (The Sound of Night) ពានពិសេសមេប្រយោគ បានទៅលើរឿងឆ្ងាយដាច់អាល័យ (Further Further Away) ពានបច្ចេកទេស បានទៅលើរឿងស្រទាប់ផ្កា (The pick)ពានទស្សនិកជន បានទៅលើរឿងស្នេហ៍ឆ្លងវេលា (Timeless Love) ចំណែកពានសំរិទ្ធ ទី៣ បានទៅលើរឿងក្ដារចុច (The Keyboard) ពានប្រាក់ ទី២ បានទៅលើរឿងក្ដីស្រឡាញ់ដែលអ្នកផ្តល់ឲ្យ(The Love you give) និងពានមាស ទី១ បានទៅលើរឿងជីវិត ស្នេហ៍ សុខសាន្ត (Life, Love, Bliss) ៕ ដោយ / គ្រី សម្បត្តិ