ធនាគារពិភពលោកថា វៀតណាមខាតបង់រាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ដោយសារការកកស្ទះចរាចរណ៍
ហាណូយ៖ តំណាងធនាគារពិភពលោកបាននិយាយថា គោលនយោបាយដឹកជញ្ជូនគ្មានប្រសិទ្ធភាព និងគ្មាននិរន្តរភាពបាននាំឱ្យមានការកកស្ទះចរាចរណ៍ ដែលបណ្តាលឱ្យទីក្រុងហាណូយ និងទីក្រុងហូជីមិញ នៅប្រទេសវៀតណាម ខាតបង់រាប់ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់ការលើកឡើងរបស់អ្នកតំណាង ប្រាប់សន្និសីទថ្ងៃច័ន្ទ ស្តីពីការដឹកជញ្ជូនសាធារណៈ និងភាពជាដៃគូសាធារណៈ និងឯកជន នៅទីក្រុងហូជីមិញថា តំបន់ភាគខាងត្បូងនេះត្រូវតែផ្តល់អាទិភាព ដល់ការធ្វើឱ្យការដឹកជញ្ជូន ក្នុងទីក្រុងមាននិរន្តរភាព និងប្រសិទ្ធភាព។
អ្នកតំណាងរូបនេះបានបន្ថែមថា ក្រុងហូជីមិញខាតបង់រាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដោយសារការកកស្ទះចរាចរណ៍ ខណៈទីក្រុងហាណូយ ខាតបង់ចំនួន ១.២ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដោយសារតែស្ទះចរាចរណ៍។
លោក Shige Sakaki អ្នកឯកទេសដឹកជញ្ជូនទីក្រុងជាន់ខ្ពស់ដែលធ្វើការជាមួយអង្គភាពដឹកជញ្ជូន និង ICT Global Practice របស់ធនាគារពិភពលោក បាននិយាយថា ការបំភាយកាបូនរបស់វៀតណាមបានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ភាគច្រើន ដោយសារតែចំនួនរថយន្តផ្ទាល់ខ្លួនកើនឡើងយ៉ាងខ្លាំងរបស់ប្រទេស។
លោក Sakaki បានចង្អុលបង្ហាញថា នៅឆ្នាំ ២០៣០ ការបំភាយក្នុងវិស័យដឹកជញ្ជូនត្រូវបានគេរំពឹងថា នឹងកើនឡើងជាងបីដងចាប់តាំងពីឆ្នាំ ២០១៤ ខណៈពេលដែលប្រទេសវៀតណាមបានប្តេជ្ញាចិត្តចំពោះគោលដៅសូន្យ នៅឆ្នាំ ២០៥០ នេះបើយោងតាមការលើកឡើងដោយកាសែត Thanh Nien។
ក្រុងហាណូយមានរថយន្ត និងម៉ូតូជាង ៧លានគ្រឿង រួមជាមួយរថយន្តជាងមួយលានគ្រឿងទៀត មកពីតំបន់ផ្សេងទៀត។ ក្រុងហូជីមិញ មានយានយន្តជាង ៨.៤ លានគ្រឿង រួមទាំង រថយន្ត និងម៉ូតូ៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត