ប្រេសិតពិសេស អ.ស.ប សម្តែងការសោកស្តាយ ដែលតាលីបង់ ហាមឃាត់ស្រី្តមិនឱ្យទទួលការអប់រំកម្រិតសកលវិទ្យាល័យ
កាប៊ុល៖ បេសកជនកំពូលរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថាន ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បានសម្តែងការសោកស្ដាយចំពោះក្រុមតាលីបង់ ដែលបានហាមឃាត់ស្ត្រីមិនឱ្យទទួលបាន នូវការអប់រំកម្រិតសាកលវិទ្យាល័យ។
លោកស្រី Roza Otunbayeva អ្នកតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធានបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅប្រទេសអាហ្វហ្គានីស្ថាន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះព័ត៌មានដែលត្រូវបានរាយការណ៍យ៉ាងទូលំទូលាយនៅព្រឹកនេះថា រដ្ឋមន្ត្រីឧត្តមសិក្សាតាលីបង់បានហាមឃាត់ស្ត្រីមិនឱ្យចូលរៀននៅសកលវិទ្យាល័យ។
ប្រេសិតពិសេសរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំសោកស្តាយដែលពួកតាលីបង់ហាក់ដូចជាមិនបានគិតគូរអំពីអនាគតរបស់ប្រទេសអាហ្វហ្គានីស្ថាន និងរបៀបដែលស្ត្រីអាចរួមចំណែកជួយដល់សេដ្ឋកិច្ច ការអប់រំ និងវប្បធម៌។ លោកស្រីថា អង្គការសហប្រជាជាតិបាននិងកំពុងស្វែងរកព័ត៌មានបន្ថែម និងការស្រាយបំភ្លឺអំពីការសម្រេចចិត្តនេះ។
ដំណឹងនៃការហាមប្រាមថ្មីនេះបានកើតមានឡើង ខណៈពេលដែលលោកស្រី Otunbayeva នៅទីក្រុងញូវយ៉ក ដើម្បីរាយការណ៍សង្ខេបដល់ក្រុមប្រឹក្សាសន្តិសុខ អំពីស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ចាប់តាំងពីក្រុមតាលីបង់បានហាមឃាត់ការអប់រំកម្រិតមធ្យមសិក្សាសម្រាប់ក្មេងស្រីនៅក្នុងខែមីនា ឆ្នាំ២០២២ ក្រុមប្រឹក្សាសន្តិសុខក៏បានឯកភាពគ្នាក្នុងការថ្កោលទោសរឿងនេះផងដែរ៕



ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា