អត្រាកំណើតប្រជាជនរបស់ជប៉ុន ធ្លាក់ចុះដល់កម្រិតទាបបំផុតក្រោម ៨០ម៉ឺននាក់ក្នុងឆ្នាំ២០២២នេះ
តូក្យូ៖ ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ជាក់ថា ចំនួនទារកដែលកើតនៅក្នុងប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់កម្រិតទាបបំផុតក្រោម ៨០០,០០០នាក់ក្នុងឆ្នាំ២០២២នេះ។
យោងតាមទិន្នន័យបឋមរបស់ក្រសួងបានបង្ហាញថា អត្រាកំណើតនៅប្រទេសជប៉ុន គិតចាប់ពីខែមករា ដល់ខែតុលាឆ្នាំនេះ បានធ្លាក់ចុះ ៤.៨ភាគរយ ធៀបនឹងឆ្នាំមុន មកនៅត្រឹម ៦៦៩,៨៧១នាក់ ហើយចំនួនសរុបនៃទារកទើបនឹងកើតក្នុងប្រទេសជប៉ុន កើនឡើងដល់ ៧៧០,០០០នាក់ ធៀបនឹងឆ្នាំមុនមានចំនួន ៨១១,៦០៤នាក់។
ចំនួននេះគឺជាកំណត់ត្រាទាបបំផុតក្នុងរយៈពេល ៧ឆ្នាំជាប់ៗគ្នា ដោយបានធ្លាក់ចុះក្រោម ៨០០,០០០នាក់ជាលើកដំបូង ចាប់តាំងពីរដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមចងក្រងស្ថិតិ ស្តីពីអត្រាកំណើតក្នុងឆ្នាំ១៨៩៩។ អត្រាកំណើតកំពុងធ្លាក់ចុះលឿនជាងការរំពឹងទុករបស់រដ្ឋាភិបាល។
តួយ៉ាង វិទ្យាស្ថានជាតិស្រាវជ្រាវប្រជាជន និងសន្តិសុខសង្គមរបស់ប្រទេសជប៉ុនបានព្យាករណ៍នៅឆ្នាំ ២០១៧ថា កំណើតសរុបនឹងមានប្រហែល ៨៥០,០០០នាក់ក្នុងឆ្នាំ ២០២២នេះ ហើយនឹងធ្លាក់ចុះក្រោម ៨០០,០០០នាក់ក្នុងឆ្នាំ ២០៣០ខាងមុខ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានជប៉ុន ក្យូដូ ក្នុងថ្ងៃអង្គារទី២០ ខែធ្នូ ឆ្នាំ២០២២។
ការថយចុះអត្រាកំណើតនៅក្នុងសង្គមរបស់ប្រទេសជប៉ុន បង្កការគំរាមកំហែងដល់ការផ្តល់មូលនិធិនាពេលអនាគត នៃកម្មវិធីសន្តិសុខសង្គម ដែលកំពុងកើនឡើងរបស់រដ្ឋាភិបាល ដូចជាប្រាក់សោធននិវត្តន៍ និងការថែទាំសុខភាពសម្រាប់មនុស្សចាស់ជាដើម ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា