អាល្លឺម៉ង់ជម្រុញឱ្យចិនប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ឈប់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន
ប៊ែរឡាំង៖ ប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្រ្វាំង វ៉លធឺ ស្តែនម៊ែរ នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទនៅថ្ងៃអង្គារសប្តាហ៍នេះ បានជំរុញឱ្យមេដឹកនាំចិន លោក ស៊ី ជីនពីង ឱ្យប្រើឥទ្ធិពលរបស់គាត់លើប្រទេសរុស្ស៊ី ដើម្បីបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន។
ការិយាល័យប្រធានាធិបតីអាល្លឺម៉ង់ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ស្តែនម៊ែរ បានគូសបញ្ជាក់ពីផលប្រយោជន៍រួមរបស់ចិន និងអឺរ៉ុប ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាការគោរពចំពោះអធិបតេយ្យភាពអ៊ុយក្រែន និងការទាមទារឱ្យរុស្ស៊ីដកទ័ព។
បន្ថែមលើនេះ លោក ស្តែនម៊ែរ ក៏បានស្នើឲ្យលោក ស៊ី ប្រើឥទ្ធិពលរបស់គាត់ទៅលើរុស្ស៊ី និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីបញ្ចប់សង្គ្រាមនេះផងដែរ។ ចំណែកលោក ស៊ី វិញ បានរំពឹងថា សហភាពអឺរ៉ុបនឹងអភិវឌ្ឍទំនាក់ទំនងរបស់ខ្លួនជាមួយចិនដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងដោយមិនចុះចូលចំពោះភាគីទីបី។
ប្រធានាធិបតីចិនរូបនេះ បានសង្កត់ធ្ងន់ទៀតថា ប្រទេសចិនមានឆន្ទៈសហការយ៉ាងទូលំទូលាយ និងស៊ីជម្រៅជាមួយប្រទេសអាល្លឺម៉ង់ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល ដូចជាការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ វិបត្តិស្បៀងអាហារ និងវិបត្តិថាមពល ក្រោយជំងឺ Covid-19៕ ប្រភព៖ AFP និង News 360 ដោយ៖ ទីណា និងបុត្រា



