ទីក្រុងប៉េកាំងជម្រុញពង្រឹងទំនាក់ទំនងជាមួយបារាំង នៅមុនដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង មកកាន់ប្រទេសចិន
ប៉េកាំង៖ ប្រទេសចិនរំពឹងថា នឹងមានការអភិវឌ្ឍន៍ “ធំជាងមុន” និង “វិជ្ជមាន” ជុំវិញទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសបារាំង មុនពេលដំណើរទស្សនកិច្ចដ៏មានសក្តានុពលរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។
នៅក្នុងជំនួបតាមប្រព័ន្ធអ៊ីនធើណិតរវាងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងសមភាគីបារាំងរបស់គាត់ គឺលោកស្រី ខាធើរីន ខូឡូណា ក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ លោក វ៉ាង បានកំណត់ការរំពឹងទុកខ្ពស់ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ដែលមានភាពតានតឹងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំពេលមានភាពតានតឹងរវាងចិន និងសហភាពអឺរ៉ុប។
លោក វ៉ាង បន្តថា ចិនចង់ឱ្យមានការផ្លាស់ប្តូរកម្រិតខ្ពស់ជាញឹកញាប់ជាមួយបារាំង ក្នុងបំណងពង្រឹងផែនការអនាគតរបស់យើង ជំរុញស្ថិរភាព និងការព្យាករណ៍បាននៃទំនាក់ទំនងចិន-បារាំង។ លោកបន្ថែមថា ជំនួបរវាងលោក ស៊ី និងលោក ម៉ាក្រុង កាលពីខែមុននៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី បានធ្វើឱ្យប្រសើរឡើងនូវការយល់ដឹង និងការជឿទុកចិត្ត ព្រមទាំងពង្រីកមូលដ្ឋានរួម និងកិច្ចសហប្រតិបត្តិការ។
ជាមួយគ្នានេះ លោកស្រី ខូឡូណា បានអំពាវនាវឱ្យលោក វ៉ាង បន្តធ្វើឱ្យមានតុល្យភាពឡើងវិញនូវទំនាក់ទំនងអឺរ៉ុប-ចិន ឆ្ពោះទៅរកបដិវត្តសេដ្ឋកិច្ចកាន់តែធំ និងបានលើកទឹកចិត្តប្រទេសចិនឱ្យបើកទីផ្សាររបស់ខ្លួនបន្ថែមទៀតដល់វិនិយោគិនអឺរ៉ុប។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបារាំង។ទន្ទឹមគ្នា ប្រមុខការទូតទាំងពីរក៏បានពិភាក្សាគ្នាអំពីបញ្ហាកូរ៉េខាងជើងផងដែរ៕ប្រភព៖ SCMP ដោយ៖ ទីណា និងបុត្រា