ប៉ូលិសភូមាចាប់ខ្លួនក្រុមអន្ធពាលមួយក្រុម ដែលពាក់ព័ន្ធនឹងការស្លាប់ របស់ជនជាតិរ៉ូហ៊ីងយ៉ា ១៣ នាក់
ណៃពិដោ៖របបយោធានិយាយថា ប៉ូលិសភូមាបានចាប់ ខ្លួនជនសង្ស័យចំនួន ១២នាក់នៃក្រុមជួញដូរមនុស្ស ដែលជាប់ពាក់ព័ន្ធនឹងករណីជនជាតិរ៉ូហ៊ីងយ៉ា ១៣នាក់ ត្រូវគេសម្លាប់។
នៅថ្ងៃទី២០ខែធ្នូរដ្ឋាភិបាលយោធាភូមាបាននិយាយថា ប៉ូលីសបានឆ្មក់ចូលទីតាំងមួយក្នុងទីប្រជុំជន Hlegu ក្បែរមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុង យ៉ាងហ្គូន(Yangon) ដោយរឹបអូសបានរថយន្តចំនួនប្រាំគ្រឿង និងនាវាដឹកប្រេង មួយគ្រឿង ។
ប្រតិបត្តិការនោះប៉ូលីសបានចាប់ខ្លួនជនសង្ស័យទាំង១២នាក់ ដែលពួកគេកំពុងរៀបចំត្រៀមដឹកជញ្ជូនមនុស្ស២៥៥នាក់ដើម្បីចាកចេញពីប្រទេស។ ប៉ូលីសក៏បានរកឃើញជនជាតិ រ៉ូហ៊ីនយ៉ា ចំនួន១៩នាក់ផ្សេងទៀតក្នុងប្រតិបត្តិការលើក នេះ ដែរ។ ប៉ុន្តែប៉ូលីសបានចាប់ខ្លួនពួកគេក្រោម បទចោទថាល្មើស បំរាមដែលហាមឃាត់មិនអោយជនជាតិរ៉ូហ៊ីនយ៉ាចេញពីរដ្ឋរ៉ាក់ឃីន។
ក្រុមសិទ្ធិមនុស្សនិយាយថា ពួកគេប្រឈមនឹងការចាប់ខ្លួន និងកាត់ទោសពីបទប៉ុនប៉ងធ្វើដំណើរ នៅក្រៅរដ្ឋរ៉ាឃីន។
កាលពីថ្ងៃទី ៥ ខែធ្នូជនជាតិរ៉ូហ៊ីងយ៉ា ១៣នាក់នោះត្រូវបាន គេប្រទះឃើញស្លាប់នៅលើដងផ្លូវក្បែរទីក្រុង Hlegu ។
សេចក្តីថ្លែងការណ៍មិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលពួកគេបានស្លាប់នោះទេ ប៉ុន្តែប្រភពពីជនជាតិរ៉ូហ៊ីងយ៉ា និង ប្រព័ន្ធ ផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា អ្នកទាំង១៣នាក់ កំពុងធ្វើដំណើរនៅខាងក្នុងកប៉ាល់ដឹកប្រេង។
ជនមូស្លីមរ៉ូហ៊ីងយ៉ារាប់សែននាក់បានភៀសខ្លួនចេញពីការបង្រ្កាបដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ២០១៧ ដោយ បានទៅដល់ប្រទេសបង់ក្លាដែសដែលមានព្រំប្រទល់ជាប់គ្នា។ពួកគេប្រឈមនឹងនឹងរឿងរ៉ាវដ៏អាក្រក់ដូចជាការសម្លាប់ ការរំលោភ ជាដើម។
ប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតុលាការអន្តរជាតិ បន្ទាប់ពីមានការ ធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីនយ៉ា រួមមានការសម្លាប់និង ការបណ្ដេញចេញជាដើម។
ជារៀងរាល់ឆ្នាំ មនុស្សជាច្រើននាក់ព្យាយាមប្រថុយគ្រោះ ថ្នាក់រត់គេចចេញពីប្រទេសភូមា ដោយពួកគេតែងតែធ្វើ ដំណើរតាមទូកទៅកាន់ប្រទេសម៉ាឡេស៊ី ឬឥណ្ឌូនេស៊ី៕
ដោយ៖វណ្ណ ស័ក្ដិ