ចិនរងការចោទប្រកាន់ថាចូលទន្រ្ទានយកតំបន់ថ្មីក្នុងសមុទ្រចិនខាងត្បូង
ប៉េកាំង៖ប្រទេសចិនចាក់សង់ដីលើតំបន់ដែលមិនមានការកាន់ កាប់ជាច្រើនកន្លែងក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងរបស់ទីក្រុងប៉េកាំង ដើម្បី ពង្រឹងការទាមទារទឹកដីនៅតំបន់ជម្លោះ និងពង្រឹងវត្តមាន យោធារបស់ខ្លួនក្នុងតំបន់ដែលមានសារៈសំខាន់ចំពោះពាណិជ្ជកម្មពិភពលោក។ នេះបើតាមសេចក្ដីរាយការណ៍របស់ បណ្ដាញព័ត៌មាន Bloomberg ដែលចេញ ផ្សាយការចោទ ប្រកាន់របស់មន្រ្តីពីបស្ចិមប្រទេស។
ចិនកន្លងមកបានសង់ថ្មប៉ប្រះទឹក កោះ និងទីទួលចាក់ដី ផ្សេងៗទៀតដែលចិនគ្រប់គ្រង ក៏ដូចជាធ្វើយោធូបនីយ កម្ម លើដោយដាក់កំពង់ផែ ផ្លូវយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗជាដើម ហើយបច្ចុប្បន្ននេះ ចិនកំពុងតែទន្ទ្រាន ធ្វើ សកម្មភាពដូចគ្នានេះលើតំបន់ថ្មី ដែលគ្មានការកាន់កាប់។ នេះបើតាមការគូសបញ្ជាក់របស់មន្រ្តីប្រភពដែលសុំនិយាយជាអនាមិក តាមរយៈរូបភាពផ្កាយរណប ហើយព្រមានថា សកម្មភាពសាងសង់ចុងក្រោយបង្អស់របស់ទីក្រុងប៉េកាំង បង្ហាញពីការប៉ុនប៉ងដើម្បីជំរុញស្ថានភាពថ្មី។
ខណៈ Bloomberg មិនបានបញ្ជាក់ថា មន្រ្តីអនាមិកទាំងនោះ មកពីប្រទេសបស្ចិមលោកមួយណា ពួកគេនិយាយថា កង នាវា នេសាទដែលធ្វើប្រតិបត្តិការជាកងជីវពលដែនសមុទ្រពិតប្រាកដ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរក្នុងទីក្រុងប៉េកាំង បានធ្វើ សកម្មភាពសាងសង់ទីតាំងពិសេសចំនួនបួននៅក្នុងប្រជុំកោះស្រ្ពាតលី (Spratly) ក្នុងរយៈពេលមួយទសវត្សរ៍កន្លង មកនេះ ។
ប្រភពបន្តថា របារខ្សាច់មួយចំនួន ក៏ដូចជាទីទួលក្នុងទម្រង់ ផ្សេងទៀតក្នុងតំបន់ ធំជាងមុន ១០ ដងក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ។
រូបថតពីផ្កាយរណបបានបង្ហាញពីអ្វី ដែលមន្រ្តីប្រភព ដដែល អះអាងថាជានាវាសមុទ្រចិន ដែលផ្ទុកឧបករណ៍អេស្កាវ៉ាទ័រ ធារាសាស្ត្រ សម្រាប់ប្រើក្នុងគម្រោងចាក់ដីសង់នៅតំបន់ ថ្មប៉ប្រះទឹក Eldad នាភាគខាងជើងនៃប្រជុំកោះស្រ្ពាតលី ក្នុងឆ្នាំ ២០១៤ ហើយដីទួលថ្មីបានលេចចេញជារូបរាងលើផ្ទៃ ទឹកកាលពីឆ្នាំមុន។
ប្រភពបន្តថា សកម្មភាពដូចគ្នានេះក៏មានលើតំបន់ផ្សេងៗ ទៀតនៃប្រជុំកោះស្ព្រាតលីផងដែរ។
ឆ្លើយតបនឹងការចោទប្រកាន់ចុងក្រោយនេះ ក្រសួង ការបរទេសចិននៅទីក្រុងប៉េកាំង បានច្រានចោលដោយ លើកឡើងថា របាយការណ៍ដែលពាក់ព័ន្ធ ត្រូវបានបង្កើត ឡើងភ្លាមៗដោយគ្មានរឿងអ្វីសោះ។
គួររំឭកថា ចិនទាមទារកម្មសិទ្ធិលើផ្ទៃទឹកជាង ៨០ ភាគរយ នៃសមុទ្រចិនខាងត្បូង ដោយផ្អែកលើផែនទីឆ្នាំ ១៩៤៧ ហើយ ធ្លាប់និយាយផងដែរថា ខ្លួនមានសិទ្ធិអធិបតេយ្យភាពក្នុងការ សាងសង់អ្វីៗលើទឹកដីរបស់ខ្លួន។
ភាពតានតឹងរវាងចិន និងអ្នកទាមទារផ្សេងទៀតនៅក្នុង សមុទ្រ ចិនខាងត្បូងដូចជាហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងប្រ៊ុយណេ បានកើនឡើងជាច្រើនឆ្នាំមកហើយ ដោយសារតែទីក្រុងប៉េកាំងបានវិនិយោគបន្ថែមលើនាវាកងទ័ពជើងទឹក និងឆ្មាំឆ្នេរសមុទ្រ ដើម្បីអនុវត្តការទាមទាររបស់ខ្លួន ដែលរងការរិះគន់ពីសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋ អាមេរិក៕ ដោយ៖ ហួន ឌីណា