ស្ថានទូតបារាំង និងក្រសួងវប្បធម៌ បានជ្រើសយកខេត្តបាត់ដំបង ជាគោលដៅរៀបចំសិក្ខាសាលាអន្តរជាតិ”ស្តីពីការយល់ដឹង ការលើកតម្លៃមរតកស្ថាបត្យកម្ម និងការរៀបចំក្រុង “

សិក្ខាសាលាអន្តរជាតិ ” ស្តីពីការយល់ដឹងការលើកតម្លៃមរតកស្ថាបត្យកម្ម និង ការរៀបចំក្រុងនៅខេត្តបាត់ដំបង” ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការ រវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនិងសាកលវិទ្យាល័យជាតិបាត់ដំបង(ខាងកម្ពុជា) ជាមួយនិង សាលាស្ថាបត្យកម្មជាតិជាន់ខ្ពស់ទូលូស៍ និងសាកលវិទ្យាល័យទូលូស៍ហ្សង់ហ្សូរ៉េស(ប្រទេសបារាំង) ក្រោមការឧបត្ថម្ភគដោយស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា តំបន់អុកស៊ីតានីនៃសាធារណរដ្ឋបារាំង និងដៃគូរពាក់ព័ន្ធ ជាពិសេសការគាំទ្រពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងរដ្ឋបាលខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានចាត់ទុកថាសិក្ខាសាលានេះ គឺពិតជាផ្តល់នូវសារៈប្រយោជន៍និងសំខាន់ណាស់ សម្រាប់ខេត្ត ដែលនេះគឺជាការបង្ហាញឲ្យឃើញពីលទ្ធផល នៃការសិក្សាស្រាវជ្រាវរបស់សាស្ត្រាចារ្យនិងនិស្សិត ផ្នែកស្ថាបត្យកម្ម និងបុរាណវិទ្យា ដើម្បីលើកគុណតម្លៃ និងផ្សព្វផ្សាយបេតិកភណ្ឌស្ថាបត្យកម្ម និងក្រុងនៅក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ បន្ថែមថា អង្គសិក្ខាសាលានេះ វាក៏ជាការសិក្សាស្វែងយល់បន្ថែម ពីប្រភេទសំណង់នៃអគារបុរាណដែលបានបន្សល់ទុកពីសម័យអាណានិគមបារាំងនៅក្នុងខេត្តបាត់ដំបងដ៏ល្បីល្បាញផងដែរ។ពីព្រោះខេត្តបាត់ដំបង វាមិនត្រឹមតែជាខេត្តជង្រុកស្រូវ និងសំបូរដោយសម្បត្តិធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែបន្ថែមលើសម្បត្តិធម្មជាតិដ៏សំបូរបែប ខេត្តបាត់ដំបងនៅមានសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រដ៏មានតម្លៃមហាសាលជាច្រើនថែមទៀតមានដូចជា៖ សំណង់ប្រាសាទបុរាណ សំណង់ផ្ទះខ្មែរបុរាណ ផ្ទះល្វែងប្រមាណជាង៨០០ខ្នង ដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង ។

ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ក៏បានថ្លែងថា ការអភិរក្សនូវសំណង់បេតិកភណ្ឌក្រុងបាត់ដំបង គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សជំនាន់ក្រោយបានយល់ដឹង និងបានរៀនសូត្រអំពីប្រវត្តិសាស្ត្រ ដើមកំណើត និងវប្បធម៌ របស់ខេត្តបាត់ដំបងជាពិសេសថែមទាំងបានលើកស្ទួយវិស័យទេសចរណ៍ និង កំណើនសេដ្ឋកិច្ចជាតិនៅក្នុងតំបន់និងភូមិភាគពាយ័ព្យ នៃ ប្រទេសកម្ពុជាផងដែរ។

លោកសាស្រ្តាចារ្យ ភ្យែរ ហ្វែណង់ដេ នាយកនៃសាលាជាតិស្ថាបត្យកម្ម នៃទីក្រុងងទូលូស៍ បានបង្ហាញពីការគាំទ្រនៃដំណើរការអភិវឌ្ឍន៍ទីក្រុងបាត់ដំបង ខណៈខេត្តបាត់ដំបងមានសម្បត្តិបេតិកភណ្ឌជាច្រើនដែលជាធាតុសំខាន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងគោលនយោបាយនីតិកម្ម ៕ អ៊ុក សំអាន

ads banner