ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន កោតសរសើរ និងអបអរសាទរនិស្សិតកម្ពុជា ដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅអូស្រ្តាលី និងនូវែលសេឡង់

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកោតសរសើរ និងអបអរសាទរចំពោះនិស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ នៅតាមសាកលវិទ្យាល័យនានា នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលសេឡង់ ក្នុងឱកាសដែលឯកឧត្តមបានទទួលជួបសំណេះសំណាល ដើម្បីផ្តល់អនុសាសន៍ ដល់និស្សិតជ័យលាភីអាហារូបករណ៍សរុបចំនួន ៥៥ រូប នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នា ទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានផ្ដាំផ្ញើក្រុមនិស្សិតអាហារូបករណ៍ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ថែរក្សាសុខភាព ក្រេបយកចំណេះវិជ្ជាមកជួយអភិវឌ្ឍសង្គមជាតិកម្ពុជាវិញ និងចូរចងចាំថា និស្សិត ១រូប ជាទូតសុឆន្ទៈ ១រូបដែរ ដូច្នេះសូមរក្សាឥរិយាបថថ្លៃថ្នូរ រួសរាយរាក់ទាក់ ចេះជួយយកអាសា ជួយផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរ និងជួយលើកស្ទួយកិត្យានុភាពជាតិ និងផលប្រយោជន៍ជាតិនៅលើឆាកអន្តរជាតិ។

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី (AAS) គឺជាអាហារូបករណ៍រយៈពេលវែង ដែលរៀបចំដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្ដាលី។ អាហារូបករណ៍នេះមានគោលបំណងចូលរួមចំណែកដល់ការអភិវឌ្ឍនៃប្រទេសជាដៃគូរបស់អូស្រ្ដាលី ស្របតាមកិច្ចព្រមព្រៀងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់ តាមរយៈការផ្តល់ឱកាសដល់និស្សិតមកពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេស ប្រទេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ឱ្យទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅតាមសាកលវិទ្យាល័យនានា នៅប្រទេសអូស្ត្រាលី ។ ចាប់ពីឆ្នាំ១៩៩៤ដល់២០២២ កម្ពុជាទទួលបានអាហារូបករណ៍ AAS ចំនួន ៩៧០ កន្លែង ក្នុងនោះមានមន្រ្ដីរាជការចំនួន ៥៧០ នាក់ (២២ នាក់ ជាមន្ត្រីកបទ.សអ)។ រីឯ កម្មវិធីអាហារូបករណ៍នូវែលសេឡង់ (NZS) រៀបចំដោយក្រសួងការបរទេស និងពាណិជ្ជកម្ម នូវែលសេឡង់ តាមរយៈកម្មវិធីជំនួយនូវេលសេឡង់ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកប ដោយចីរភាព និង កាត់បន្ថយភាពក្រីក្រ។

ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលនូវែលសេឡង់បានផ្តល់ឱកាសដល់និស្សិតមកពីបណ្តាប្រទេសនានា ជាពិសេស ប្រទេសកំពុងអភិវឌ្ឍន៍ ទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅតាមសាកលវិទ្យាល័យនានានៅប្រទេសនូវែលសេឡង់។ ចាប់ពីឆ្នាំ២០០៥ ដល់ ២០២០ នូវេលសេឡង់បានផ្ដល់អាហារូបករណ៍ NZS ដល់និស្សិត មន្ត្រីរាជការ បុគ្គលិកស្ថាប័នឯកជន និងអង្គការសង្គមស៊ីវិលកម្ពុជា សរុបចំនួន ៣០៣ នាក់ ក្នុងនោះមានមន្ត្រីរាជការចំនួន ៩៧ នាក់ (០៤ នាក់ ជាមន្ត្រីកបទ.សអ) ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅប្រទេសនូវែលសេឡង់៕ ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner