ក្រសួងមហាផ្ទៃ នឹងផ្សព្វផ្សាយយន្តការថ្មីស្តីពីគោល នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងហាផ្ទៃ ត្រៀមផ្សព្វផ្សាយយន្តការថ្មីនៃប្រកាស ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋានសម្រាប់ គាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទៅដល់ស្ថាប័នពាក់ព័ន្ធ បន្ទាប់ពីគោលនយោបាយនេះ ត្រូវបាន ដំឡើងជាកម្រិតថ្នាក់ជាតិ ដែលមានវិសាលភាពអនុវត្តធំជាង មុន។

ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំត្រៀមរៀបចំពិធីផ្សព្វផ្សាយ ប្រកាសស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃលេខាធិការដ្ឋាន សម្រាប់គាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព នៅថ្ងៃ ទី២១ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម សក់ សេដ្ឋា និងមានសមាសភាពចូលរួមពី ប្រធានក្រុមប្រឹក្សានីតិកម្ម និង តំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងអ្នក ពាក់ព័ន្ធ ផងដែរ។

ក្នុងឱកាសនេះឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ត្រូវបានដំឡើងកម្រិតគោលនយោបាយនេះជាកម្រិតរាជរដ្ឋាភិបាល កាលពីឆ្នាំ២០២១ ដែលត្រូវបានពង្រីកវិសាលភាពអនុវត្ត ស្ទើរគ្រប់ក្រសួង-ស្ថាប័ន។

លោកមានប្រសាសន៍ថា៖«យន្តការថ្មីនេះមិនមែនមានវិសាលភាពអនុវត្តត្រឹមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដែលផ្ដោតតែ ទៅលើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ប៉ុណ្ណោះទេ គឺមានការពាក់ព័ន្ធដល់សមត្ថកិច្ចរបស់ក្រសួង ស្ថាប័ននានាពាក់ព័ន្ធនឹងការងារផ្ដល់សេវាសាធារណៈ បរិស្ថាន
អនាម័យ សោភណ្ឌភាព ការគ្រប់គ្រងគ្រោះមហន្តរាយ ឬជំងឺ ឆ្លង កាចសាហាវផងដែរ»។

ឯកឧត្តមបន្តទៀតថា ផ្អែកលើស្មារតីនៃគោលនយោបាយនេះ តម្រូវឱ្យក្រសួងមហាផ្ទៃបង្កើតលេខាធិការដ្ឋានមួយសម្រាប់គាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលមានតួនាទីសម្របសម្រួលជាមួយគ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត។

ការបង្កើតលេខាធិការដ្ឋានថ្មីនេះ ដើម្បីឱ្យអនុវត្ត និង ការ រៀបចំចលនាប្រឡងប្រណាំងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទៅតាមវិស័យនីមួយៗ និង រាយការណ៍ ជូនរាជរដ្ឋាភិបាលអំពីលទ្ធផលនៃការអនុវត្តគោលនយោបាយ។
ឯកឧត្តមបានបន្ថែមថា ផ្អែកតាមស្មារតីនេះ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវប្រកាសមួយ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២២ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព។ លោកថា៖« ផ្អែកតាមកិច្ចពិភាក្សា អង្គប្រជុំគ្រោង នឹងរៀបចំពិធីផ្សព្វផ្សាយប្រកាសខាងលើនេះ នាពេលខាងមុខ ដើម្បីផ្សព្វផ្សាយទៅដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល រាជធានី ខេត្ត និងដៃគូអភិវឌ្ឍន៍ ដើម្បីយល់ជ្រាបអំពីយន្តការ ថ្មីនេះ»។
ទន្ទឹមនេះ ដោយសារប្រកាសស្តីពីការបង្កើតក្រុមប្រឹក្សាប្រឡង ប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព កាលពីឆ្នាំ២០១១ និងសេចក្តីសម្រេចស្តីពីការចាត់តាំងក្រុម ការងារ ទទួលខុសត្រូវដឹកនាំត្រួតពិនិត្យការអនុវត្តគោល នយោបាយភូមិ ឃុំមានសុវត្ថិភាព កាលពីឆ្នាំ២០១០ មាន ការប្រែប្រួលសមាសភាពមួយចំនួន ហេតុនេះ ក្រសួងមហាផ្ទៃ កំពុងរៀបចំធ្វើការកែសម្រួលសមាសភាពថ្មី ដើម្បីរៀបចំ យន្តការ អនុវត្តការងារ ស្របតាមស្មារតីនៃគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

សូមជម្រាបថា គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ត្រូវបានប្រកាសដាក់ឱ្យអនុត្តកាលពីឆ្នាំ ២០១០ ដែល ចុះ ហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង។ លក្ខណៈសម្បត្តិភូមិ ឃុំ មានសុវត្ថិភា ពមាន ចំណុចសំខាន់ចំនួន ៥ រួមមាន៖១ គ្មានសកម្មភាព លួច ឆក់ ប្លន់ គ្រប់ប្រភេទ, ២ គ្មានការផលិត ការចែកចាយ និងការប្រើ ប្រាស់គ្រឿងញៀនខុសច្បាប់, ៣ គ្មានអំពើអានាចារ ការជួញ ដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ, ៤ គ្មានក្មេងទំនើង និង៥ គ្មានការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការប្រើប្រាស់ អាវុធខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទ។

ប៉ុន្តែគោលនយោបាយនេះ ត្រូវបានដំឡើងទៅជា កម្រិតថ្នាក់ ជាតិ ដោយមិនត្រឹមតែផ្តោតសំខាន់លើសន្តិសុខ សុវត្ថិភាព ប៉ុណ្ណោះទេ ក៏ត្រូវផ្តោតលើមុខងារថ្មីបន្ថែមទៀត គឺការផ្ដល់ សេវាសាធារណៈ បរិស្ថាន អនាម័យ និងសោភ័ណភាព ផងដែរ៕ ដោយ៖ ឡាយ សាមាន

ads banner