កំណាត់ផ្លូវជាតិលេខ២១ និងផ្លូវក្រុងលេខ២០៦ ក្នុងក្រុងតាខ្មៅ នឹងបិទចរាចរមួយព្រឹកនៅថ្ងៃទី២២ ខែធ្នូ
កណ្តាល៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នឹង ធ្វើការបិទចរាចរកំណាត់ផ្លូវជាតិលេខ២១ និងផ្លូវក្រុងលេខ ២០៦ រយៈពេលមួយព្រឹកចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ នៅថ្ងៃទី ២២ ខែធ្នូនេះ ដើម្បីដង្ហែពានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានធ្វើការជូនដំណឹង នៅពីថ្ងៃទី២១ ខែធ្នូ ទៅដល់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋដែលមាន លំនៅឋាន និងធ្វើចរាចរតាមបណ្ដោយផ្លូវជាតិលេខ២១ និង ផ្លូវក្រុងលេខ២០៦ ស្ថិតក្នុងក្រុងតាខ្មៅ ពីការបិទចរាចរនេះ។
លោកថា ៖ «ការបិទចរាចរនឹងធ្វើនៅលើកំណាត់ផ្លូវជាតិ លេខ ២១ ចាប់ពីផ្លូវជាតិលេខ២១បេ រហូតដល់រង្វង់មូលតាខ្មៅ បត់ តាមផ្លូវ ក្រុងលេខ១០៧ និងផ្លូវក្រុងលេខ២០៦ ចាប់ពីផ្លូវក្រុង លេខ១០៧ រហូតដល់ផ្លូវក្រុងលេខ១០២ (គល់ស្ពាន ដែកតាខ្មៅ) នៅពេលហែក្បួន ដង្ហែពានជ័យលាភី ជា ខេត្តបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល»។
លោក ម៉ឺង យូឡេង បានបន្តថា ចរាចរចាប់ពីផ្លូវក្រុង លេខ ១០២ (គល់ស្ពានដែកតាខ្មៅ) រហូតដល់រង្វង់មូល ព្រះនរាយណ៍ក៏ត្រូវបិទដូចគ្នា រយៈពេលមួយព្រឹក ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ នៅថ្ងៃទី ២២ ខែធ្នូ នេះ ដើម្បីជួយសម្រួលដល់ការ ដង្ហែពានជ័យលាភី ជាខេត្តបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
ខេត្តកណ្តាលនឹងរៀបចំធ្វើពិធីដង្ហែពានរង្វាន់ជ័យលាភីលេខ០១ ដែលត្រូវបានទទួលស្គាល់ថាជាដែលបានបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល (ODF) ឆ្នាំ២០២២នេះ ដោយពិធីនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា ក្រុង/ស្រុក ទាំង១១ មាន១២៧ ឃុំ/សង្កាត់ ស្មើនឹង១០១០ភូមិនៃខេត្តកណ្តាល បានបញ្ចប់ការបន្ទោបង់ ពាសវាលពាសការ១០០ភាគរយ។ ចំនួនខ្នងផ្ទះ សរុប មានចំនួន ២៦៣ ៩៦៣ ហើយចំនួនខ្នងផ្ទះដែល បានប្រើ បង្គន់អនាម័យផ្ទាល់ខ្លួន សរុប២៥១,៩៥២ ស្មើនឹង៩៥.៤ ភាគរយ, ចំនួនខ្នងផ្ទះប្រើបង្គន់អនាម័យរួមសរុប ១២,០១១ ស្មើនឹង៤.៦ភាគរយ។
យោងតាមរបាយការណ៍អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ ២០១៩-២០២០ ថា នៅឆ្នាំ ២០២២ អត្រាប្រជាជនមាន ប្រភពទឹកកែលម្អប្រើប្រាស់មាន ៨០ភាគរយ។ ចំណែកឯ អត្រាប្រជាជន មានបង្គន់អនាម័យកែលម្អប្រើប្រាស់មាន ៨០ភាគរយ និងគ្រួសារប្រមាណ ៨៩ភាគរយ ប្រើប្រាស់ ឧបករណ៍ផ្សេងៗ សម្រាប់លាងសម្អាតដៃនៅក្នុងបរិវេណផ្ទះ៕
ដោយ៖នាង សុគន្ធា