បាត់ដំបង នឹងរៀបចំពិព័រណ៍មុខម្ហូបខ្មែរ ដើម្បីទាក់ទាញភ្ញៀវទេសចរ នៅថ្ងៃឆ្លងឆ្នាំសកល
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំការបង្ហាញពិព័រណ៍ មុខម្ហូបខ្មែរ នៅថ្ងៃឆ្លងឆ្នាំសកល ដើម្បីជាការទាក់ទាញភ្ញៀវទេសច រ ជាតិ និងអន្តរជាតិ ចូលមកកម្សាន្តក្នុងខេត្តបាត់ដំបង់។ នេះបើ តាមមន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបញ្ជាក់កាលពីថ្ងៃទី២១ខែធ្នូកន្លងទៅនេះ។
អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងលោក នូ ថា មាន ប្រសាសន៍ ថា ការរៀបចំបង្ហាញពិព័រណ៍មុខម្ហូបខ្មែរ នៅថ្ងៃឆ្លង ឆ្នាំសកលនេះ គឺដោយសារខេត្តបាត់ដំបង គឺជាខេត្តមួយ ដែល មានប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទំលាប់ យ៉ាងសម្បូរបែប តាំងពីដើមមក។
លោកបន្ថែមថា៖« អ្វីដែលជាការកត់សម្គាល់មួយ គឺភ្ញៀវ ទេសចរ ភាគច្រើន ជាពិសេសភ្ញៀវទេសចរក្នុងស្រុក ពេលដែល លឺឈ្មោះ បាត់ដំបង គេតែងតែនឹកឃើញដល់បទចម្រៀងរបស់អធិរាជ សំឡេងមាស ស៊ីន ស៊ីសាមុត ដែលបានរៀបរាប់ពីមុខម្ហូបចំណី អាហារ ដ៏ឈ្ងុយឆ្ងាញ់ ដែលអ្នកនិពន្ធបានចងក្រង នូវប្រវត្តិនៃមុខ ម្ហូប ដ៏ពេញនិយមនិងឈ្ងុយឆ្ងាញ់ដូចជា៖ អាម៉ុកត្រី ផ្អកត្រីប្រៃ ណែមត្រី ក្រូចពោធិ៍សាត់ ដូងខ្ទិះជាដើម»។
លោកបញ្ជាក់ថា ពិព័រណ៍នេះឆ្លុះបញ្ចាំង បង្ហាញនូវអត្តសញ្ញាណ ស្នាដៃចម្អិនម្ហូប អាហាររបស់អ្នកបាត់ដំបង រហូតពេលខ្លះបាន ទាក់ទាញដល់ភ្ញៀវទេសចរឲ្យមកលេងកម្សាន្ត ដើម្បីបាន ភ្លក់ និងស្គាល់នូវរសជាតិ និងមុខម្ហូបខ្លះៗផងដែរ។
លោក នូ ថា បន្តថា ៖ «នេះជាព្រឹត្តិការណ៍មួយ ដែលយើងធ្វើ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងជាពិសេសភ្ញៀវទេសចរ អន្តរជាតិ ដែលយើងបង្ហាញពីសមិទ្ធផលម្ហូបខ្មែរយើង ដែល បន្សល់ទុកពីមុនដូនតាយើងមកអ៊ីចឹង ហើយយើងនឹងធ្វើការ ផ្សព្វផ្សាយថាម្ហូបនេះ ជាម្ហូបអ្នកខេត្តបាត់ដំបង យើង ផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីទាក់ទាញ»។
លោកបន្ថែមថា ចំពោះការយកម្ហូបខ្មែរមកតាំងក្នុងព្រឹត្តិការណ៍ ពិព័រណ៍ម្ហូបអាហារនេះ គឺមានការរៀបចំ និងជាស្នាដៃរបស់ ប្រជាពលរដ្ឋ សហគមន៍ទេសចរ និងតាមបណ្ដាស្ថាប័ន រដ្ឋផងដែរ។
ក្រៅពីពិព័រណ៍ម្ហូបនោះ រដ្ឋបាលខេត្តបាត់ដំបងក៏នឹងគ្រោង រៀបចំឱ្យ មានការដាក់តាំងពិព័រណ៍ ផលិតផល ការសម្តែង សិល្បៈរបាំប្រពៃណី និងរបាំប្រជាប្រិយ ការសម្តែងសៀក របស់អង្គការហ្វាពន្លឺសិល្បៈកម្ពុជា ការប្រគំតន្ត្រីខ្នាតតូច-ធំ និង ការអុជកាំជ្រួច ឆ្លងឆ្នាំនៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ជាដើម។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថាគ្រប់អាជ្ញាធ រក្រុង និង មន្ទីរជំនាញ ពាក់ព័ន្ធទាំងអស់ ធ្វើការចុះពិនិត្យមើល ទីតាំងត្រៀមរៀបចំការដាក់តាំង បង្ហាញពិព័រណ៍មុខម្ហូបខ្មែរ របស់ប្រជាពលរដ្ឋខេត្តបាត់ដំបង ដែលល្បីល្បាញ ដើម្បីបង្ហាញជូន ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹង ចូលរួមលេងកម្សាន្ត ក្នុងនេះ នាឱកាសពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល។
ការត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសាកល២០២២ ឈានចូលឆ្នាំថ្មី ២០២៣ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២២ ដោយកំណត់យក ទីតាំងខាងមុខសាលាខេត្ត បរិវេណមន្ទីរ ទេសចរ ខេត្ត តាមដងផ្លូវភ្លោះចាប់ពីស្ពានថ្មថ្មី១៣មករា ខាងមុខសាលាខេត្តចាស់ រហូតដល់សួនច្បារស្តុបសួនយុវ័ន ក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង៕
ដោយ៖ជា សុខនី