ម៉ាឡេស៊ី៖ មនុស្សប្រាំនាក់ស្លាប់ និងច្រើនជាងប្រាំពីរ ម៉ឺននាក់ទៀតភៀស ខ្លួនទៅ កាន់ទីសុវត្ថិភាព ដោយសារគ្រោះទឹកជំនន់ វាយប្រហារ
គូឡាឡាំពួ៖ អាជ្ញាធរម៉ាឡេស៊ី បាននិយាយនៅថ្ងៃពុធ សប្តាហ៍នេះ ថា មនុស្សយ៉ាងហោចណាស់ ប្រាំនាក់បានស្លាប់ និងជាង ៧០,០០០នាក់ទៀតបានប្រញាប់ប្រញាល់ភៀសខ្លួនទៅកាន់មជ្ឈមណ្ឌលជម្លៀសខ្លួនក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពីទឹកជំនន់ដែល បង្កឡើងដោយខ្យល់មូសុងបានជន់លិចភាគខាងជើងរបស់ប្រទេសអាស៊ីមួយនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សជាង ៣១,០០០នាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងរដ្ឋ Kelantan ខណៈដែលអ្នកស្រុកជាង ៣៩,០០០នាក់ ត្រូវបានជម្លៀសខ្លួនទៅកាន់ទីជម្រកបណ្តោះអាសន្នក្នុងរដ្ឋ Terengganu ដែលនៅជិតខាង បន្ទាប់ពីទឹកជំនន់បានចាប់ ផ្តើមកាលពីចុងសប្តាហ៍កន្លងទៅ។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ការជម្លៀសខ្លួនមនុស្ស បន្ថែមទៀតក៏បានធ្វើឡើងនៅក្នុងរដ្ឋ Pahang, Johor និង Perakផងដែរ។ នាយកដ្ឋានឧតុនិយមម៉ាឡេស៊ីបានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ទៀត រហូតដល់ថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ នៅក្នុងរដ្ឋមួយចំនួន រួមទាំងរដ្ឋ Terengganu ផងដែរ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលទើបជាប់ឆ្នោតថ្មី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានទៅទស្សនាតំបន់រងផលប៉ះពាល់ និងសាលារៀនមួយដែលត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលជម្លៀសខ្លួននៅរដ្ឋ Kelantan ក្នុងថ្ងៃពុធសប្តាហ៍នេះ។ លោក អាន់វ៉ា បាននិយាយនៅក្នុងសភាម៉ាឡេស៊ីនៅថ្ងៃអង្គារសប្តាហ៍នេះថា ដំបូងឡើយ រដ្ឋាភិបាលបានបែងចែកថវិកាប្រមាណ ៩០លាន ដុល្លារអាមេរិកដល់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NADMA) ដើម្បីដោះស្រាយភាពអាសន្នបន្ទាន់។
មន្ត្រីគ្រោះមហន្តរាយបាននិយាយថា ពួកគេនឹងតាមដាន ស្ថានការណ៍ទឹកជំនន់នៅតំបន់ដែលរងគ្រោះខ្លាំងជាងគេ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា