ប្រមុខ អ.ស.ប ភ្ញាក់ផ្អើលជាខ្លាំង ក្រោយដឹងដំណឹងថា តាលីបង់ហាមមិនឱ្យស្រី្តចូលរៀនសាកលវិទ្យាល័យ

អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស មានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះ របាយការណ៍ដែលថា រដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថាន បានហាមឃាត់ស្ត្រី និងក្មេងស្រីមិនឱ្យចូលរៀននៅ សាកល វិទ្យាល័យ។

អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា លោក ហ្គូទែរេស មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះរបាយការណ៍ ព័ត៌មានដែលថា ក្រុមតាលីបង់បានផ្អាកការចូលរៀននៅសកល វិទ្យាល័យសម្រាប់ស្ត្រី និងកុមារី។ បន្ថែមលើនេះ លោកអគ្គលេខា ធិការ បានបញ្ជាក់ជាថ្មីថា ការបដិសេធការទទួលបាននូវការអប់រំ មិនត្រឹមតែរំលោភសិទ្ធិស្មើគ្នារបស់ស្ត្រី និងកុមារីប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងមានការប៉ះពាល់ដល់អនាគតរបស់ប្រទេសអាហ្វហ្គានីស្ថានទាំងមូលផងដែរ។ បើតាមសេចក្តីថ្លែងការណ៍ខាងលើនេះ លោក ហ្គូទែរេស បានជំរុញឱ្យអាជ្ញាធរក្នុងប្រទេសអាហ្វហ្គានីស្ថាន ធានាឱ្យមានសិទ្ធិទទួលបាននូវការអប់រំស្មើៗគ្នានៅគ្រប់កម្រិតសម្រាប់ស្ត្រី និងកុមារី។

ប្រតិកម្មរបស់លោក ហ្គូទែរេស នេះបានកើតមានឡើង បន្ទាប់ពី ក្រសួងអប់រំដែលគ្រប់គ្រងដោយក្រុមតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាន ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បានផ្អាកការចូលរៀននៅសកល វិទ្យាល័យរបស់និស្សិតស្រី រហូតដល់មានការជូនដំណឹងបន្ថែម ខណៈការសម្រេចបែបនេះ បានរងការថ្កោលទោសយ៉ាងខ្លាំងពី សំណាក់សហរដ្ឋអាមេរិក អង់គ្លេស និងអង្គការសហប្រជាជាតិ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner