អភិបាលខេត្តព្រះវិហារ ៖ សភាពសការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រខេត្ត តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ មានសភាពស្ងប់ស្ងាត់ល្អ
ខេត្តព្រះវិហារ៖ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី មានប្រសាសន៍ថា សភាពសការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រខេត្ត តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ មានសភាពស្ងប់ស្ងាត់ល្អប្រសើរ ដែលផ្ដើមចេញពីកិច្ចសហប្រតិបត្តិការល្អ រវាងកម្លាំងឈរជើងតាមបណ្តោយព្រំដែន និងកងកម្លាំងអាជ្ញាធរស្រុក និងស្រុក អាជ្ញាធរខេត្ត និងខេត្តជាប់ព្រំដែន។
ឯកឧត្តម គីម រិទ្ធី មានប្រសាសន៍បែបនេះ ខណៈអញ្ជើញចូលរួម បើកវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពយោធិន ឲ្យទទួលបានជំនាញច្បាស់លាស់ក្នុងយុទ្ធវិធីថ្មើរជើង ពង្រឹងបានទាំងស្មារតី និងមានប្រៀបក្នុងការប្រយុទ្ធនៅលើសមរភូមិ កាលពីថ្ងៃទី២៣ ធ្នូ ២០២២នោះ ។
វគ្គបំប៉នយុទ្ធវិធី ខ.គ ថ្មើរជើង ឆ្នាំ២០២២ របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ត្រូវបានធ្វើឡើងនៅក្នុងអង្គភាពវរសេនាតូចលេខ១ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី មានប្រសាសន៍ទៀតថា ជាមួយនេះ សន្តិសុខ និងសណ្ដាប់សាធារណៈផ្ទៃក្នុង ក៏មានភាពល្អប្រសើរ និងបទល្មើសមានការថយចុះ តាមរយៈការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលមានការចូលរួមសហការណ៍គ្នា ពីកងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ផងដែរ។
អភិបាលខេត្តព្រះវិហារ ក៏បានក្រើនរំលឹក ដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំសិក្សា រៀនសូត្រ ក្រេបយកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីយកទៅបម្រើការងារនៅអង្គភាព ឱ្យមានប្រសិទ្ធភាព និងត្រូវយកចិត្តទុកដាក់គោរពវិន័យកងទ័ព រក្សាសេចក្ដីថ្លៃថ្នូរ សីលធម៌រស់នៅស្អាតស្អំ និងរក្សាសាមគ្គីភាព ឯកភាព ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏នៅតែស្មោះត្រង់ឥតងាករេ ការពារ និងគោរពដាច់ខាត នូវបទបញ្ជារបស់ រាជរដ្ឋាភិបាល ជាពិសេស កម្លាំងកងយោធពលខេមរភូមិន្ទ ត្រូវតែស្មោះត្រង់ ក្នុងការការពារបូរណភាពទឹកដី ឲ្យខាងតែបានដាច់ខាត ៕ ដោយ៖ឡុង សំបូរ