លោកអាចារ្យមង្គល៖ ប្រពៃណីចូលម្លប់ មិនមែនជាពិធីនោះទេ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ប្រពៃណីចូលម្លប់ គឺជាប្រពៃណីទំនៀមទម្លាប់ មួយដែល ខ្មែរបានធ្វើឡើងដើម្បីបំពេញលក្ខណ៍ឱ្យកូនស្រីនៅពេលពេញវ័យ។ ប្រពៃណីនេះមានតាំពីយូរណាស់មកហើយ ប៉ុន្តែគេមិនបានដឹង ច្បាស់ថាមានតាំងពីពេលណាមកនោះទេ។

តាមឯកសារមួយចំនួនបានឱ្យដឹងថា ពិធីឆ្លងវ័យមួយនេះត្រូវបាន ប្រជាជនខ្មែរនិយមប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន និងមានការពេញនិយម ខ្លាំងក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស នៅរវាងឆ្នាំ ១៩៣០-១៩៤០ រហូតសម័យក្រោយមក ទើបគេពុំសូវឃើញ មានការប្រា រព្ធពិធីគ្រប់ទីកន្លែងនៅប្រទេសកម្ពុជាដូចកាល ពីមុនទៀត។

ទាក់ទិននឹងប្រពៃណីចូលម្លប់នេះ លោកអាចារ្យមង្គល សំណាង សំណាក់ មានប្រសាសន៍ឱ្យដឹងថា ៖ «ចូលម្លប់ ពីដើមឡើយគ្មាន ពិធីនោះទេ ទើបតែបច្ចុប្បន្ន ទើបមានប្រជាពលរដ្ឋធ្វើពិធី នេះ ឡើង។ ចេញម្លប់ទើបមានពិធី។ ចូលម្លប់ ជាការកំណត់យក ពេលដែលយុវតីមានវ័យជំទង់ និងមករដូវដំបូង ពេលវេលា នេះហើយដែលហើយថាចូលម្លប់»។

លោកបន្ថែមថា ៖ «ឪពុកម្ដាយ ឬអាណាព្យាបាលត្រូវរៀបចំទុកមុន មានន័យថា ត្រូវត្រៀមលក្ខណៈតាំងពីបន្ទប់ និងអញ្ជើញចាស់ ទុំដែលលោកមានចំណេះ ជំនាញផ្នែកខាងប៉ាក់ឌិន វិជ្ជាមេ ផ្ទះ ប្រកប ដោយអនាម័យក្នុងនាមជាស្ត្រី រួមទាំងការថែរក្សាសម្ផស្ស ជាដើម និងអញ្ជើញលោកអ្នកដែលមានចំណេះខាងច្បាប់ស្រី ច្បាប់ប្រុស ដើម្បីបង្ហាត់បង្រៀនកូននៅថ្ងៃចូលម្លប់»។

ថ្វីបើមិនមានប្រារព្ធពិធីចូលម្លប់ធំក៏ពិតមែន ប៉ុន្តែលោកអាចារ្យ មង្គល ដដែលបន្តថា ៖ «មិនមានរៀបចំអ្វីធំដុំទេ គឺគ្រាន់តែឱ្យ ឪពុកម្តាយនាងជម្រាបដល់សាច់ញាតិជិតដិតឱ្យបានដឹងថាកូនស្រីឈ្មោះនេះបានបញ្ចូលម្លប់នៅថ្ងៃនេះថ្ងៃនោះជាកាស្រេច។ នៅថ្ងៃបញ្ចូលគេរៀបចំសែនព្រេនអុជធូបទៀនជម្រាបដូនតា និងប្រកាសចំពោះវត្ថុស័ក្តិសិទ្ធិឱ្យបានដឹងឮ អំពីការចូលម្លប់របស់ កូនស្រីសុំសេចក្តីសុខសប្បាយ និងមានរៀបចំផ្លែឈើជាតង្វាយ សម្រាប់ព្រះភូមិ ឬជំនាងផ្ទះ និងជីដូនជីតាតែប៉ុណ្ណោះ»។

លោកអាចារ្យ សំណាង សំណាក់ បានសង្កត់បន្ថែមថា បើថាឱ្យ មានពិធីធំដុំ គឺគ្មានទេ គឺគ្រាន់តែរៀបចំនៅថ្ងៃឆ្លងវ័យ បន្តិច បន្តួចប៉ុណ្ណឹង ដែលការណ៍ឱ្យមានថ្ងៃនោះ គឺដើម្បីរៀបចំ បណ្ដុះបណ្ដាល ចំណេះដឹង។

ចំណេះដឹងទី១ គឺបណ្ដុះបណ្ដាលច្បាប់ស្រី ដើម្បីឱ្យនាំងប្ដូរ ឥរិយាបថដែលធ្លាប់នៅជាកុមារីដែលជាទម្លាប់គឺតែងតែចង់ហក់ លោតក៏លោត ចង់រត់ក៏រត់ ចង់ជេរចង់ស្ដី ដែលអកប្បកិរិយា នោះគ្មានគេចាប់អារម្មណ៍ ប៉ុន្តែចាប់ពីពេលឆ្លងវ័យនេះត្រូវ ចេះ ប្ដូរឥរិយាបថនេះចោលទៅ។

ចំណុចទី២ ដើម្បីត្រៀមលក្ខណៈជាភរិយាល្អសម្រាប់ស្វាមី។ រីឯទី៣ ដើម្បីត្រៀមលក្ខណៈជាម្ដាយល្អ ព្រោះខ្មែរយើងចាត់ ទុកមេជាធំ មិនថាជាមេស្ករ មេដំបែរ មេដំបូល ឬមេអីទេ គេគិត ថាមេសំខាន់ ដូចនេះហើយគេត្រូវឱ្យមេនោះល្អ កាលណាបើមេ ល្អហើយ កូនក៏ចេញទៅបែបនោះដែរ។

លោកអាចារ្យ សំណាង សំណាក់ បានលើកឡើងទៀតថា ៖ «ម្ដាយតែងតែនៅជិតកូន ដែលធ្វើឱ្យកូនទទួលបានចំណេះដឹង ទង្វើល្អៗច្រើនពីម្ដាយ ចំណែកឪពុកចេញទៅធ្វើការឆ្ងាយពីផ្ទះ គ្មានពេលវេលានៅជិតកូនបានច្រើនដូចម្ដាយ។

ចំណែកចំណុចចុងក្រោយគឺ ដើម្បីក្លាយជាស្ត្រីល្អសម្រាប់ ប្រទេស ជាតិ»។
លោកបានបញ្ជាក់បន្ថែមលើប្រពៃណីនេះ យ៉ាង ដូច្នេះថា ៖ «ការចូលម្លប់ មិនមែនពិធីចូលម្លប់ទេ។ វត្ថុបំណងសំខាន់នៃពិធីនេះ គឺចង់ឱ្យក្លាយជាម្ដាយល្អ ជាមេដ៏សម្រាប់គ្រប់យ៉ាង ជាពិសេស សម្រាប់ផ្ដល់ឱ្យកូន ឱ្យអ្នកដែលនៅជិតដិតដែលត្រូវទទួល បាន ពីម្ដាយ ឬពីមេ»។
ប្រពៃណីនៃការចូលម្លប់មានរយៈពេលអាចចាប់ពីបីខែ ,ប្រាំមួយខែ ឬមួយឆ្នាំទៅតាមលទ្ធភាពគ្រួសារ និងមើលទៅតាមយុវតី ចូលម្លប់ថានាងមានចំណេះដឹង ចំណេះវិជ្ជា និងមានគំនិតចាស់ ទុំកម្រិតណា។ នេះបើតាមប្រសាសន៍លោកអាចារ្យមង្គល។

ក្រោយពេលដែលឃើញថាកូនស្រីចេះបានសព្វគ្រប់ហើយ ទើបគេធ្វើពិធីចេញម្លប់ ឬបញ្ចេញម្លប់។
លោកអាចារ្យរូបនេះ បានគូសបញ្ជាក់ប្រៀបធៀបការចូលម្លប់ នេះប្រៀបបានទៅនឹងការសិក្សាយ៉ាងដូច្នោះដែរ ៖ «រាល់ថ្ងៃ យើងមានការភាន់ច្រឡំយល់ខុសខ្លះទៅលើកូនស្រីមិនទាន់នឹងចេះដឹងអ្វីផងក៏នាំគ្នាធ្វើពិធីអបអរធំមួយ តាមពិតការចូលម្លប់ នេះពីដើមឡើយគេលាក់ផង មិនមែនមកបង្ហាញកណ្ដាល វាលនោះទេ»។

លោកបានបន្តថា ម្ដាយឪពុកត្រូវឱ្យកូនទទួលបានការអប់ បណ្ដុះបណ្ដាលឱ្យបានល្អហើយទើបមានពិធី ដែលនោះគឺពិធី ចេញម្លប់ ដែលជាពិធីធ្វើឡើងដើម្បីអបអរសាទរ ដែលជាពិធីល្អ និងត្រូវបង្ហាញញាតិឱ្យគេដឹងលឺ។

លោកអាចារ្យ សំណាង សំណាក់ ថា ៖ «ការចូលម្លប់ជាការ លាក់ បាំង ឧទាហរណ៍ថាការចូលម្លប់នោះមានការធ្លុះធ្លាយខុសឆ្គង ប្រពៃណី ស្រាប់តែចេញទៅជួបអ្នកកំលោះឯណានោះ មិនខ្មាស គេងាប់ហើយ? ការចូលម្លប់ដូចជាការរៀនមួយអ៊ីចឹងដែរ គឺចូល រៀនស្ងាត់ៗ ហើយថ្ងៃទទួលសញ្ញាបត្រ ទើបមានពិធីប្រកាស ប្រគល់ និងទទួល។ ពេលនោះហើយដែលគេទទួលបានដុំពេជ្រសមនឹងបង្ហាញ»។

សូមរម្លឹកថា បច្ចុប្បន្ន គេកម្រឃើញគ្រួសារខ្មែរណាមួយនូវប្រកាន់ ទំនៀមទម្លាប់ចូលម្លប់នេះទៀតណាស់ ព្រោះហាក់ហួស សម័យ ទៅហើយ។
មួយវិញទៀតប្រជាពលរដ្ឋជាប់បំពេញការងារប្រចាំថ្ងៃមិនអាចមានពេលគ្រប់គ្រាន់ដើម្បីរៀបចំឱ្យកូនស្រីឡើយ ហើយចំណែកយុវតី សម័យជឿនលឿនក៏បានសិក្សានៅសាលារៀន ដែលមាន បង្រៀនចំណេះដឹង និងចំណេះជំនាញជាច្រើនផងដែរ៕
ដោយ៖ហ៊ួន ស៊ីឡូន

ads banner