ការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ សហភាពអឺរ៉ុប បន្តធ្លាក់ចុះ ទោះបីជាប្លុកត្រឡប់ទៅប្រើធ្យូងថ្មវិញក៏ដោយ

ឡុងដ៍៖កាសែតអង់គ្លេស ឌឹ ហ្កាដឌៀន បានស្រង់ទិន្នន័យចុង ក្រោយមួយពីមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) ដែលបង្ហាញថា ការបំភាយឧស្ម័ន្ធផ្ទះកញ្ចក់ របស់ សហភាពអឺរ៉ុប (EU) នៅតែបន្តធ្លាក់ចុះ ទោះបីជាប្លុកដែល ជួបនឹងវិបត្តិថាមពលមួយនេះ ត្រឡប់ទៅប្រើធ្យូងថ្មវិញក៏ដោយ។

តាមការចុះផ្សាយថ្ងៃព្រហស្បតិ៍ទី ២២ ខែធ្នូបង្ហាញថា ការបំភាយ ឧស្ម័នក្នុងខែវិច្ឆិការបស់សហភាពអឺរ៉ុប ស្ថិតនៅក្នុងកម្រិតទាប បំផុតក្នុងរយៈពេលបីទសវត្សរ៍ ដែលដូចគ្នាទៅនឹងការប្រើប្រាស់ ហ្គាស ការបញ្ចេញកាបូនពីវិស័យថាមពល និងការផលិតថាមពល ពីឥន្ធនៈហ្វូស៊ីលដែរ។

ប្រភពដដែលបន្តថា ភាពត្រជាក់នៅខែធ្នូ អាចបណ្ដាលឱ្យ ការប្រើ ប្រាស់ ធ្យូងថ្ម និងហ្គាសកើនឡើងវិញបន្ទាប់ពីធាតុអាកាសនៅ ខែវិច្ឆិកាមិនសូវជាត្រជាក់ ឬមធ្យម ខុសពីធម្មតា ប៉ុន្តែការវិភាគ ទិន្នន័យរបស់ CREA បង្ហាញថា ធាតុអាកាសមានចំណែកតែ តិចតួចប៉ុណ្ណោះ លើការថយចុះនៃការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល កាលពីខែមុន។

សីតុណ្ហភាពមធ្យម បានរួមចំណែកលើការកាត់បន្ថយ ៦ ភាគរយ នៃតម្រូវការហ្គាសក្រៅវិស័យថាមពល ខណៈតម្រូវការជាក់ស្តែង បាន ធ្លាក់ចុះ ២៦ ភាគរយ។ ក្រុមអ្នកវិភាគបានរកឃើញថា សម្រាប់វិស័យថាមពលផ្ទាល់ សីតុណ្ហភាពមធ្យមបានរួមចំណែក ២ ភាគរយនៃការធ្លាក់ចុះ ១២ ភាគរយនៃតម្រូវការ។

លោក Lauri Myllyvirta អ្នកវិភាគនាំមុខគេ និងជាអ្នកសេរសេរ របាយការណ៍របស់ CREA បានលើកឡើងថា ទិន្នន័យបានបង្ហាញ ថា ការចោទប្រកាន់ EU ថាមិនធ្វើតាមគោលដៅប្រយុទ្ធប្រឆាំង អាកាសធាតុករបស់ខ្លួននោះ មិនត្រឹមត្រូវនោះទេ។

លោកថ្លែងយ៉ាងដូច្នេះថា ៖ «មានការយល់ឃើញយ៉ាង ទូលំទូលាយ ថា អឺរ៉ុបកំពុងដើរថយក្រោយលើបញ្ហាបម្រែ បម្រួល អាកាសធាតុ ដោយសារតែសង្គ្រាមអ៊ុយក្រែន។

មានការលើកឡើងជាញឹកញាប់ចំពោះឥទ្ធិពលនោះនៅកិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុ Cop27 ដោយនិយាយថា អឺរ៉ុបនឹងត្រឡប់ ទៅប្រើធ្យូងថ្មវិញ ប៉ុន្តែយើងកំពុងតែបង្ហាញថា វាមិនមែនជាបញ្ហា នោះទេ វាគឺជាការយល់ខុសចំពោះការប្រើប្រាស់ធ្យូងថ្ម (របស់ប្លុក)»។

គួរបញ្ជាក់ថា រដ្ឋសមាជិកសហភាពអឺរ៉ុបមួយចំនួន ដូចជាអាល្លឺម៉ង់ និងប៉ូឡូញ ចង់ងាកទៅប្រើធ្យូងធ្មឡើងវិញ ប៉ុន្តែស្ថិតនៅក្នុង កម្រិត មួយ ដោយសារតែការធ្លាក់ចុះនៃការប្រើប្រាស់ហ្គាស ដែលមាន តម្លៃខ្ពស់ ហើយជួបនូវបញ្ហាផ្គង់ផ្គង់បណ្ដាលមកពីសង្រ្គាមនៅ អ៊ុយក្រែន។

ក្នុងខែវិច្ឆិកា សហភាពអឺរ៉ុបទាំងមូលបានប្រើប្រាស់ធ្យូងថ្ម តិចជាងខែវិច្ឆិកាកាលពីឆ្នាំមុន ហើយតិចជាងខែដូចគ្នាក្នុងរ យៈពេល ៣ ទសវត្សរ៍កន្លងមកនេះ ដែលធ្វើឱ្យការបំភាយ ឧស្ម័នផ្ទះកញ្ចក់ថយចុះទៅតាមនេះដែរ។ ទាំងអាល្លឺម៉ង់ និង ប៉ូឡូញ បានប្រើប្រាស់ធ្យូងថ្មតិចជាងឆ្នាំមុន ទោះបីជាហ្វាំងឡង់ បានបង្កើនការប្រើប្រាស់ធ្យូងថ្មរបស់ខ្លួនបន្តិចក៏ដោយ។
ទន្ទឹមជាមួយគ្នានោះ ក៏មានការថយចុះយ៉ាងខ្លាំងនៃទិន្នផល ថាមពល ពីម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរនៅអាល្លឺម៉ង់ និង បារាំងផងដែរ។ សម្រាប់អាល្លឺម៉ង់ ការថយចុះនេះគឺដោយសារ តែការ កើនឡើងនៃការទាញយកថាមពលពីខ្យល់ និងពន្លឺ ព្រះអាទិត្យខណៈបារាំងបានកាត់បន្ថយតម្រូវការថាមពលរបស់ខ្លួន។
យ៉ាងណាមិញ ភាពត្រជាក់នៃខែធ្នូនេះ ដូចជាស្ថានភាពព្រិល និងការកកនៅទូទាំងភាគខាងជើងនៃទ្វីបអឺរ៉ុប អាចបង្អាក់ដល់ ការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលក្នុងរដូវរងារនេះ។ លោក Myllyvirta បាននិយាយថា ៖ «អ្វីគ្រប់យ៉ាងស្ថិតនៅលើ លក្ខខណ្ឌធាតុអាកាស។ ប្រសិនបើយើងត្រជាក់ខ្លាំង យើងនឹង បំភាយឧស្ម័នកាន់តែច្រើន»។

ទោះយ៉ាងនេះក្ដី លោក Myllyvirta បានគូសបញ្ជាក់ថា ពាក់កណ្ដាលដើមខែធ្នូត្រជាក់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែការបំភាយឧស្ម័នផ្ទះកញ្ចក់នៅតែស្ថិតក្នុងកម្រិតទាប ដែលនេះបញ្ជាក់ថា ធាតុអាកាសមិនមែនជាចំណែកធំបំផុតលើ ការកាត់បន្ថយការប្រើប្រាស់អគ្គិសនី ឬហ្គាសនោះទេ។

យ៉ាងណាមិញ ការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យថាមពល បានចាប់ផ្តើមកើនឡើងម្តងទៀតនៅក្នុងខែធ្នូ ដោយសារតែ វិស័យនេះនៅតែបន្តរងការញាំញីពីដំណើរការមិនល្អនៃរោងចក្រនុយក្លេអ៊ែរ លក្ខខណ្ឌខ្យល់មិនអំណោយផល បើទោះបីជាការ ប្រើប្រាស់ហ្គាសក្រៅវិស័យថាមពល ដែលត្រូវបានកាត់បន្ថយនោះ បានរក្សាការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យធ្លាក់ចុះជារួមក៏ដោយ។

តាមរយៈនេះ លោក Myllyvirta បានបន្ថែមថា ការផ្លាស់ប្តូរ ថាមពលរបស់អឺរ៉ុបនៅឆ្នាំនេះបានបង្ហាញថានិន្នាការងាកចេញពីឥន្ធនៈហ្វូស៊ីល ស្ថិតនៅឆ្ងាយខ្លាំងណាស់៕ ដោយ៖ ហួន ឌីណា

ads banner