លំហូរវិនិយោគនឹងវិលទៅចិនវិញ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាចិន រួចផុតពីការដកចេញពីបញ្ជីផ្សារហ៊ុនអាមេរិក
អាមេរិក៖ វិនិយោគិនអាចមានទំនុកចិត្តឡើងវិញក្នុងការ ដាក់ប្រាក់ របស់ខ្លួនក្នុងភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ខណៈ ក្រុមហ៊ុនទាំងនោះរួចផុតពីការដកចេញពីផ្សារហ៊ុនអាមេរិក ហើយ រដ្ឋាភិបាលចិនសន្យាពីគោលនយោបាយគាំទ្រ។ នេះបើការចុះផ្សាយរបស់បណ្តាញព័ត៌មានអាមេរិក CNBC ដែល ស្រង់សម្ដីអ្នកជំនាញលើការវិនិយោគ កាលពីថ្ងៃពុធ ទី ២១ ខែធ្នូ។
ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាត្រួតពិនិត្យ គណនេយ្យរបស់ក្រុមហ៊ុនសាធារណៈអាមេរិក (PCAOB) បាននិយាយកាលពីសប្ដាហ៍មុនថា ខ្លួនទទួលបានសិទ្ធិពេញ លេញ ក្នុងការត្រួតពិនិត្យ និងស៊ើបអង្កេតក្រុមហ៊ុនចិនជាលើកដំបូង បន្ទាប់ពីចិនផ្ដល់សិទ្ធិទៅឱ្យសហរដ្ឋអាមេរិកពិនិត្យមើលទិន្នន័យសវនកម្មចិននៅខែសីហា។
សូមរំឭកថា ក្រុមហ៊ុនបច្ចេកវិទ្យាចិនជាង ១០០ ដូចជាក្រុមហ៊ុន Alibaba ក្រុមហ៊ុន Baidu និងក្រុមហ៊ុន JD.com បានប្រឈម មុខនឹងហានិភ័យនៃការលុបចេញពីបញ្ជីផ្សារហ៊ុននៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤ ខាងមុខ ប្រសិនបើចិនមិនអនុញ្ញាតឱ្យ PCAOB អាចចូលពិនិត្យមើលព័ត៌មានសវនកម្មរបស់ក្រុមហ៊ុនទាំងនោះ។ ជារឿយៗ វិនិយោគិនជួបបញ្ហាកង្វះតម្លាភាពក្នុងភាគហ៊ុនចិន។
លោក Brendan Ahern ប្រធានផ្នែកវិនិយោគនៃមូលនិធិ គ្រប់គ្រង ការវិនិយោគ KraneShares ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានថ្លែងប្រាប់បណ្ដាញទូរទស្សន៍ CNBC ថា ៖ «វានឹងអនុញ្ញាតឱ្យស្ថាប័នវិនិយោគត្រលប់ទៅចិនវិញ។
វិនិយោគិនដែលមានជំនាញវិជ្ជាជីវៈ មានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះហានិភ័យនៃការលុបឈ្មោះចេញ»។
គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ចិនមានក្រុមហ៊ុនចំនួន ២៦២ ដែល ត្រូវបានចុះបញ្ជីនៅលើផ្សារហ៊ុនអាមេរិកដោយមានមូលធនប័ត្រទីផ្សារសរុបចំនួន ៧៧៥ ប៊ីលានដុល្លារ។
នេះបើយោងតាមគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខ សហរដ្ឋអាមេរិក-ចិន។
លោក Ahern បាននិយាយថា ៖ «ដោយសារតែហានិភ័យ នោះ ឃ្លាតចេញឆ្ងាយ តាមសេចក្តីប្រកាសរបស់ PCAOB អ្នកនឹង ឃើញប្រាក់វិនិយោគហូរត្រលប់ទៅក្រុមហ៊ុនទាំងនោះវិញ» ។ លោកបន្តថា៖ «ក្រុមហ៊ុនអ៊ីនធឺណិតយក្សចិន ពិតជាទីដែលអ្នក វិនិយោគចង់វិនិយោគ»។
ជាមួយគ្នានោះ លោក Ahern បានកត់សម្គាល់ផងដែរថា គោល នយោបាយគាំទ្ររបស់ចិននឹងជួយជំរុញកំណើនសម្រាប់ក្រុមហ៊ុនចិនដែលចុះបញ្ជីនៅអាមេរិក។ កាលពីសប្តាហ៍មុន ចិនបាន សន្យា ថានឹងបង្កើនការប្រើប្រាស់ក្នុងស្រុកនៅឆ្នាំក្រោយ ខណៈ ប្រទេស នេះឆ្ពោះទៅរកការជំរុញកំណើនសេដ្ខកិច្ច បន្ទាប់ពីងាកចេញ ពី គោលនយោបាយសូន្យកូវីដ។
ទោះបីជាថាលំហូរនៃការវិនិយោគត្រឡប់ទៅចិនវិញ នឹងមិន កើតឡើងខ្លាំងភ្លាមៗនាពេលឆាប់នេះ លោក Ahern បាន លើកឡើងថា ៖ «ឆ្នាំ ២០២៣ គឺជាឆ្នាំដែលយើងនឹងមាន ការគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល(ចិន)ជាច្រើន ដូចជាការបង្កើនការប្រើប្រាស់ក្នុងស្រុក»។ លោកបន្ថែមថា ប្រហែល ២៥ ភាគរយនៃការលក់រាយទាំងអស់ ឆ្លងកាត់ ក្រុមហ៊ុនដែលចុះបញ្ជីនៅអាមេរិកទាំងនោះ៕ ដោយ៖ ហួន ឌីណា