«រស់ជាមួយកូវីដ»៖ ចិនប្រឈមមុខនឹងរលកនៃការឆ្លងកូវីដ១៩ ដ៏ធ្ងន់ធ្ងរ ក្រោមវិធានការថ្មី
ចិន៖កាលពីដើមខែធ្នូនេះ ប្រទេសចិនបានបន្ធូរបន្ថយនូវការរឹតត្បឹត ដ៏តឹងតែងរបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលនៃជំងឺកូវីដ១៩ ក្រោមគោលនយោបាយសូន្យកូវីដ ហើយងាកទៅអនុវត្ត វិធាន ការ «រស់នៅជាមួយកូវីដ» វិញ។
ការផ្លាស់ប្ដូរគោលនយោបាយបែបនេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យការឆ្លងនៃវីរុសក្នុងសហគមន៍ហក់ឡើងខ្ពស់ជាគំហុក ក្នុងប្រទេស ដែលមានប្រជាជនជាង ១,៤១ ប៊ីលាននាក់មួយនេះ។ នេះបើតាម ការសរសេររបស់លោកស្រី Devi Sridhar ប្រធានផ្នែកសុខភាព សាធារណៈសកលនៅសាកលវិទ្យាល័យ Edinburgh ក្នុង អត្ថបទ ទស្សនៈចុះផ្សាយនៅកាសែត ឌឹ ហ្កាដឌៀន។
ក្រោមគោលនយោបាយ «រស់នៅជាមួយកូវីដ» ទីក្រុងនានា លែងស្ថិតនៅក្នុងការបិទខ្ទប់ទៀតហើយ ខណៈការរឹត បន្តឹង លើការធ្វើដំណើរក្នុងស្រុកត្រូវបានដកចេញ ហើយអ្នកដែល ធ្វើតេស្តវិជ្ជមានកូវីដឥឡូវនេះ អាចធ្វើចត្តាឡីស័កនៅផ្ទះបាន ជំនួសកន្លែងដែលរដ្ឋាភិបាលរៀបចំ។ មិនត្រឹមតែប៉ុណ្ណោះ ការធ្វើតេស្តកូវីដ ក៏បានក្លាយជាការស្ម័គ្រចិត្ត ស្របពេលដែល រដ្ឋាភិបាលចិនកំពុងជំរុញការចាក់វ៉ាក់សាំងក្នុងចំណោមមនុស្សចាស់ និងក្រុមមនុស្សងាយរងគ្រោះ។
អ្វីដែលធ្វើឱ្យអ្នកជំនាញសុខភាពពិភពលោកមានការងឿងឆ្ងល់នោះ គឺមូលហេតុដែលចិនចំណាយពេលយូរដើម្បីចាក់វ៉ាក់សាំង ក្រុមមនុស្សទាំង២នេះ ហើយហេតុអ្វីបានជារដ្ឋាភិបាលចិន មិនទទួលយកវ៉ាក់សាំងពីលោកខាងលិចដូចជាវ៉ាក់សាំង mRNA ដែលមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការបង្ការជំងឺទៅជាធ្ងន់ធ្ងរ។
នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោក Avril Haines បានលើកឡើងថា ប្រធានាធីបតីចិន ស៊ី ជិនពីង ហាក់ដូចជាមិនមានឆន្ទៈក្នុងការទទួលយកវ៉ាក់សាំងដែលមានប្រសិទ្ធិភាពខ្ពស់ពីលោកខាងលិច ហើយពឹងផ្អែកលើវ៉ាក់សាំងផលិត នៅចិនដោយខ្លួនឯង ដែលស្ទើរតែគ្មានប្រសិទ្ធភាពប្រឆាំង នឹងវ៉ារ្យ៉ង់ អូមីក្រុង។
រដ្ឋាភិបាលចិនបានទទូចឱ្យព្យាយាមបង្កើតវ៉ាក់សាំងដោយខ្លួនឯង ដែលត្រូវការចំណាយខ្ពស់ ហើយនិងរយៈពេលយូរ ដែលអាចបង្ក វិបត្តិកូវីដកាន់តែធ្ងន់ធ្ងរ។
ក្នុងឆ្នាំ ២០២១ ប្រទេសជាច្រើនផ្សេងទៀត បានចាក់វ៉ាក់សាំងជូន ប្រជាជន របស់ខ្លួន ហើយក្នុងឆ្នាំ ២០២២ ប្រទេសទាំងនោះបាន បន្ថែមការចាក់ដូសជំរុញ (ដូសទី៣) ប៉ុន្តែសម្រាប់ចិន អត្រា វ៉ាក់សាំងដូសទី៣មានកម្រិតទាបខ្លាំងបើប្រៀបធៀបនឹងប្រទេសដទៃទៀត។
យោងតាមទិន្នន័យពីរដ្ឋាភិបាល អត្រានៃការចាក់វ៉ាក់សាំង ទាំងមូល របស់ចិនមានលើសពី ៩០ ភាគរយ ប៉ុន្តែមនុស្ស ពេញវ័យដែលទទួលបានដូសជំរុញមានត្រឹមតែ ៥៧,៩ ភាគរយប៉ុណ្ណោះ ខណៈមនុស្សចាស់វ័យ ៨០ ឬចាស់ជាងនេះ ដែលទទួលបានដូចជំរុញដូចគ្នានេះ មានអត្រាកាន់តែទាប ជាងនេះទៅទៀត (៤២,៣ ភាគរយ)។
ឥឡូវនេះ ដោយសារតែការធ្វើតេស្តធ្លាក់ចុះ គេមិនទាន់ដឹង ពិតប្រាកដថា ការឆ្លងរាលដាលនៃកូវីដ-១៩ មានវិសាលភាព ធំប៉ុណ្ណានោះទេ។ កាលពីពាក់កណ្ដាលខែធ្នូ លោក Xi Chen អ្នកស្រាវជ្រាវសុខភាពសកលនៅសាកលវិទ្យាល័យ Yale និងជាអ្នកជំនាញលើប្រព័ន្ធថែទាំសុខភាពចិន បានអះអាងថា នាយករងនៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺចិន (CDC) លោក Xiaofeng Liang នឹងប្រកាសតាមរយៈប្រព័ន្ធផ្សព្វផ្សាយ សាធារណៈថា រលកកូវីដទី១អាចឆ្លងប្រជាជនចិនប្រមាណ ៦០ ភាគរយក្នុងរយៈពេល២ទៅ៣ខែខាងមុខ។
នេះមានន័យថា ប្រហែល ៨០០ លាននាក់នៃប្រជាជនចិន ឬស្មើនឹង១០ ភាគរយនៃចំនួនប្រជាជនសកល នឹងឆ្លងកូវីដ នៅក្នុងរយៈពេល ៩០ ថ្ងៃខាងមុខ។ ដោយសារតែអត្រានៃការឆ្លងខ្ពស់ ហើយភាពស៊ាំរបស់ប្រជាជន ទាប ការស្លាប់អាចកើនឡើងដល់ជិត ៩ ០០០ ករណីក្នុងមួយ ថ្ងៃនៅចុងខែមីនា។
ប៉ុន្តែគេមើលឃើញថា តួលេខផ្លូវការរបស់ចិនគួរឱ្យទុកចិត្ត ស្របពេលដែលរដ្ឋាភិបាលចិនមិនបានរាយការណ៍ពីករណីស្លាប់ ហើយផ្លាស់ប្ដូរពីទម្រង់នៃការរាប់បញ្ជូលអ្នកជំងឺដែលស្លាប់ដោយសារតែកូវីដ។ អ្នកជំនាញខាងវេជ្ជសាស្ត្រឈានមុខរបស់ចិន ប្រកាសកាលពីថ្ងៃអង្គារថា មានតែការស្លាប់ដែលបណ្តាល មក ពីជំងឺរលាកសួត និងខូចផ្លូវដង្ហើមក្រោយឆ្លងកូវីដប៉ុណ្ណោះ ដែលនឹងចាត់ទុកថាស្លាប់ដោយសារកូវីដ។
វិធីរាប់អ្នកស្លាប់ដោយសារកូវីដខុសគ្នាទៅតាមប្រទេសនីមួយៗតាំងពីជំងឺនេះរាតត្បាត ប៉ុន្តែការរាប់បែបចិននាពេលនេះ ធ្វើឱ្យមាន ការ ព្រមានពីអ្នកជំនាញផ្នែកសុខាភិបាលផ្សេងៗថា នឹងរំលង លើស្ថានភាពរបស់អ្នកជំងឺផ្សេងៗទៀត ដែលអាចបង្កឱ្យ ស្លាប់ ដោយសារតែផលវិបាកនៃជំងឺកូវីដ។
ផលវិបាកទាំងនោះ អាចបង្កើនការស្លាប់នៅផ្ទះ ជាពិសេស សម្រាប់អ្នកដែលមិនដឹងថា ពួកគេគួរតែស្វែងរកការថែទាំសម្រាប់ រោគសញ្ញាទាំងនេះដែរឬយ៉ាងណា។ ជារួម គឺការមិនច្បាស់ ពីតួលេខអ្នកស្លាប់ដោយសារតែជំងឺកូវីដ។
នាពេលនេះ ប្រព័ន្ធសុខាភិបាលចិនកំពុងជួបការលំបាក ខណៈ មាន ការព្រមានផងដែរថា សុខាភិបាលចិនអាចនឹងដួលរលំ នៅពេលអត្រានៃការចូលមន្ទីរពេទ្យកើនឡើងខ្ពស់កប់ពពក ប៉ុន្តែខ្វះបុគ្គលិក ឬសម្ភារៈបរិក្ខារគ្រប់គ្រាន់។
ប៉ុន្តែនេះមិនមែនជាបញ្ហាតែមួយនោះទេ នៅពេលដែលកូវីដនៅ ចិនហក់ឡើងខ្ពស់ ព្រោះវាក៏ប៉ះពាល់យ៉ានធ្ងន់ធ្ងរដល់វិស័យ សេដ្ឋកិច្ច ចិន។ លោកស្រី Sridhar បានសរសេរថា ការរីក រាលដាល នៃជំងឺកូវីដ កំពុងបណ្តាលឱ្យមានការខ្វះខាតបុគ្គលិក ដោយសារជំងឺនេះធ្វើឱ្យមានការបិទរោងចក្រ និងការដឹកជញ្ជូន។
លោកស្រីលើកឧទាហរណ៍ជាក់ស្ដែងមួយថា នៅរោងចក្រមួយ ក្នុងខេត្តភាគខាងកើត Shandong មានបុគ្គលិកតែ ២០ ភាគរយ ប៉ុណ្ណេះ ដែលទៅធ្វើការកាលពីថ្ងៃសុក្រសប្តាហ៍មុន (១៦ ធ្នូ) ដោយសារតែ ៨០ ភាគរយទៀតឆ្លងកូវីដ។
ដោយមើលពីបញ្ហាដូច្នេះ លោកស្រី Sridhar សរសេរថា ៖ «ខណៈការរឹតបន្តឹងដូចជាការបិទខ្ទប់វិស័យផ្សេងៗធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ការបើកដៃឱ្យវីរុសរីករាលដាលនោះមិនមានន័យថា សេដ្ឋកិច្ចអាចបន្តត្រឡប់ទៅដូចធម្មតាវិញនោះទេ។ ប្រសិនបើ មនុស្សឈឺ ហើយមិនអាចធ្វើការបាន ឬភ័យខ្លាចពេកក្នុងការធ្វើ ដំណើរ ឬទទួលទានអាហារនៅក្នុងភោជនីយដ្ឋាន នោះ សេដ្ឋកិច្ចមិនដំណើរការដូចពីមុនទេ»។
លោកស្រី Sridhar បានបន្តថា បច្ចុប្បន្ន ចិនកំពុងស្ថិតនៅ ក្នុងដំណើរដ៏លំបាកនៃការរៀន «រស់ជាមួយកូវីដ»។
កាលពីថ្ងៃព្រហស្បតិ៍ អង្គការសុខភាពពិភពលោក (WHO) បានអះអាងថា ខ្លួនមិនបានទទួលទិន្នន័យពីប្រទេសចិន ស្តីពីការ សម្រាកព្យាបាលនៅមន្ទីរពេទ្យថ្មីករណីកូវីដ-១៩ នោះទេ ចាប់តាំងពីចិនទម្លាក់ចោលវិធានការណ៍រឹតត្បឹតកូវីដតឹងរ៉ឹង ហើយអនុវត្តវិធានការ «រស់ជាមួយកូវីដ»។
នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ទ៌មានរ៉យទ័រ។ WHO និយាយថា ខ្លួនមាន «ការព្រួយបារម្ភខ្លាំង» ជាមួយនឹង យុទ្ធសាស្ត្រ កូវីដរបស់ចិន ហើយជំរុញឱ្យទីក្រុងប៉េកាំង បង្កើន កម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន៕ ដោយ៖ ហួន ឌីណា