ស្ពានភ្ជាប់ជាមួយនឹងផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅក្រុង បាវិត នឹងបើកការដ្ឋាននៅខែមិថុនាឬកក្កដា ឆ្នាំ២០២៣

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បាន ឱ្យដឹងថា ក្រសួងគ្រោងនឹងបើកការដ្ឋានសាងសង់ស្ពានត ភ្ជាប់ ទៅផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ខេត្ត ស្វាយរៀង ក្នុងអំឡុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៣ ខាងមុខ នេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានថ្លែងដូចនេះ កាលពីថ្ងៃទី២២ ខែធ្នូ ដោយលោកបានបន្ថែមថា ក្រសួងបានត្រៀមធ្វើការបើក ការដ្ឋាន សាងសង់ស្ពាន់ភ្ជាប់ជាមួយនឹងផ្លូវល្បឿនលឿននេះ ក្នុងអំឡុងពាក់កណ្តាលឆ្នាំក្រោយនេះ ដែលឥឡូវនេះភាគីចិន កំពុងស្វែងរកថវិកាសម្រាប់សាងសង់ផ្លូវនេះផងដែរ។

ឯកឧត្តមបានមានប្រសាសន៍ថា ៖ «តាមគម្រោង នឹងត្រូវចំណាយ ថវិកាអស់ប្រមាណជាង១ ៤០០ លានដុល្លារអាមេរិក ហើយយើង ក៏គ្រោងនឹងសាងសង់ស្ពានជាមួយគ្នានឹងផ្លូវល្បឿនលឿនផងដែរ ដោយសារយើងចង់ធ្វើឱ្យហើយក្នុងពេលជាមួយគ្នានោះ គឺផ្លូវធ្វើ ហើយ ស្ពានក៏ធ្វើហើយដែរ»។

ទាក់ទងនឹងសមិទ្ធផលហេរដ្ឋាសម្ព័ន្ធផ្លូវនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានប្រាប់ពីគម្រោងជាច្រើនទៀតផងដែរដែល គ្រោង នឹងធ្វើការសម្ពោធជាបន្តបន្ទាប់ ដែលក្នុងនោះក្រសួងនឹងបើក ការដ្ឋានពង្រីកផ្លូវលេខ៤១, ផ្លូវ៣១, ផ្លូវ៣៣ ហើយនឹងគម្រោង មួយចំនួនទៀតនៅដើមឆ្នាំ២០២៣ ផងដែរ។

ឯកឧត្តមបានថ្លែងថា ៖ «ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ យើងគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី២ ខែមករា និងនៅថ្ងៃទី៩ ខែមករា នឹងបើកការដ្ឋានពង្រីកគន្លងផ្លូវពីពីរគន្លងទៅបួន គន្លង ពីភ្នំពេញទៅកំពង់ចាម ដែលទាំងនេះជាសមិទ្ធផលធំៗដែល យើង នឹងអញ្ជើញសម្តេចតេជោហ៊ុន សែន ចូលរួមជាគណៈអធិបតីផង ដែរ ហើយក៏មានសមិទ្ធផលជាច្រើនទៀតគ្រោងនឹងសម្ពោធ ឱ្យប្រើ ប្រាស់ដែរ»។

សូមជម្រាបផងដែរថាសេចក្តីព្រាងនៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋនិងឯកជន (Public-Private Partnership Contract) នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានី ភ្នំពេញ ទៅក្រុងបាវិត ត្រូវបានពិនិត្យពិភាក្សាបញ្ចប់រួចរាល់ និង ឈាន ទៅរកការចុះកិច្ចសន្យានាដើមឆ្នាំក្រោយ។

កាលពីអំឡុង ខែកញ្ញា កន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានចុះអនុស្សរណៈយោគយល់គ្នា (MoU) រួចហើយជាមួយ ក្រុមហ៊ុន CRBC គឺជាក្រុមហ៊ុនមានបទពិសោធន៍សង់ផ្លូវ ល្បឿន លឿនដំបូងបង្អស់របស់កម្ពុជា គឺផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពិធីដាក់សម្ពោធដាក់ ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុង ខេត្តព្រះសីហនុ កាលពីសប្តាហ៍មុន បានលើកឡើងដែរថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គឺជាការបែងចែងផ្លែផ្កា សេដ្ឋកិច្ចជាតិប្រកបដោយសមធម៌។

សម្ដេចតេជោបានមានប្រសាសន៍ថា ៖ «នៅពេលខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងអភិវឌ្ឍកសាង ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀតសម្រាប់បម្រើប្រយោជន៍ប្រជាជនកម្ពុជា ដូចជា ការសាងសង់ ស្ពានតភ្ជាប់ពីផ្សារចាស់ ទៅអរិយក្សត្រ, ផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត, ផ្លូវបាត់ដំបង-សៀមរាប,ស្ពាន ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវដែកល្បឿនលឿនជាដើម»៕
ដោយ៖នាង សុគន្ធា

ads banner