Cambodia2050 Ep50: ក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥
ផលិតភាពសេដ្ឋកិច្ច សំដៅទៅលើសេដ្ឋកិច្ចមួយដែលមានផលិតភាពខ្ពស់។ វាសំដៅទៅលើសកម្មភាពសេដ្ឋកិច្ចជាទូទៅដូចជា ការលក់ដូរ ដឺងជញ្ជូន ហើយប្រតិបត្តិនៃផលិតកម្មឬអាជីវកម្ម សេវាកម្ម មានសមត្ថភាពខ្ពស់និងស្ថិរភាព។ ផលិតភាពសេដ្ឋកិច្ចមានទស្សនៈទានថា ធ្វើយ៉ាងណាដើម្បីសម្រេចសេដ្ឋកិច្ចជាប្រព័ន្ធ មាននិរន្តរភាពនិងស្ថេរភាពខ្ពស់។ ចំពោះក្របខ័ណ្ឌគោលនយោបាយគឺយើងចង់លើកកម្ពស់សេដ្ឋកិច្ច ផ្តល់ជូននូវសន្ដិសុខសេដ្ឋកិច្ច និងវិបុលភាពសង្គមឬសុខុមាភាពសង្គមជូនប្រជាជន។ យើងឃើញថា ដោយសារជំងឺកូវីដ១៩ជាមួយកត្តាដទៃទៀត សេដ្ឋកិច្ចរបស់កម្ពុជាបានធ្លាក់មួយកម្រិតពី ៧% ដល់ -៣% ទោះយ៉ាងណាក្តី បច្ចុប្បន្ននេះ យើងកំពុងងើបនេះឡើងវិញហើយ កើនឡើងដល់ ៣% ហើយធនាគារពិភពក៏បានព្យាករថា សេដ្ឋកិច្ចយើងនឹងអាចឡើងដល់ ៤.៨។ អាស្រ័យហេតុនេះ បានជារាជរដ្ឋាភិបាលបានផ្តល់អាទិទេពដល់ផលិតភាពសេដ្ឋកិច្ច។ ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ចនៃប្រទេសកម្ពុជា គណៈកម្មការផលិតភាពសេដ្ឋកិច្ចជាតិកម្ពុជានឹងទទួលបន្ទុកអភិវឌ្ឍនិងតាមដានសកម្មភាពទាំងអស់ដោយមានសមាសសភា ២៣ ក្រសួង ក្រៅពីនេះមាន វិស័យឯកជន ស្ថាប័នស្រាវជ្រាវជាមួយនឹងសាកលវិទ្យាល័យផ្សេងៗផងដែរដើម្បីបង្កើតគោលនយោបាយឱ្យមានប្រស័ទ្ធភាព។
សំណួរទី ១៖ តើអ្វីទៅជាផលិតភាពសេដ្ឋកិច្ច?
ផលិតភាពសេដ្ឋកិច្ច គឺជាសេដ្ឋកិច្ចមួយដែលមានផលិតភាពខ្ពស់។ យើងសំដៅទៅលើសកម្មភាពសេដ្ឋកិច្ចជាទូទៅដូចជា ការលក់ដូរ ដឺងជញ្ជូន ហើយប្រតិបត្តិនៃផលិតកម្មឬអាជីវកម្ម សេវាកម្ម មានសមត្ថភាពខ្ពស់និងស្ថិរភាព។ បន្ថែមពីនេះទៀត វាសំដៅទៅលើគំរូសេដ្ឋកិច្ចក៏ដូចជានិរន្តរកម្មនៃសេចដ្ឋកិច្ច។ នេះមានន័យថាខ្សែចង្វាក់ផ្គត់ផ្គង់សេដ្ឋកិច្ចយើងត្រូវមានលក្ខណៈថេរ។ ហើយវិស័យសេដ្ឋកិច្ចនីមួយៗត្រូវទ្រទ្រង់គ្នា។ សេដ្ឋកិច្ចមានពីរផ្នែក៖ មួយខាងផលិតកម្ម មួយពីខាងសេវាកម្មដោយទាំងពីរនេះត្រូវទ្រទ្រង់គ្នាទៅវិញទៅមកដើម្បីឱ្យមានប្រសិទ្ធភាព។ នោះហើយបានយើងប្រើពាក្យ
“ផលិតភាពសេដ្ឋកិច្ច” ដោយមិនសំដៅតែមួយផ្នែកនោះទេ ប្រព័ន្ធសេដ្ឋកិច្ចទាំងមូលត្រូវស៊ីចង្វាក់គ្នាទ្រទ្រង់គ្នាទៅវិញទៅមក។
សំណួរទី ២៖ តើផលិតភាពសេដ្ឋកិច្ចនេះមានទស្សនៈទានយ៉ាងដូចម្ដេចដែរ?
ជាដំបូងទស្សនៈទាននៃផលិតភាពសេដ្ឋកិច្ច គឺធ្វើយ៉ាងណាដើម្បីសម្រេចសេដ្ឋកិច្ចជាប្រព័ន្ធ មាននិរន្តរភាពនិងស្ថេរភាពខ្ពស់។ ចំពោះក្របខ័ណ្ឌគោលនយោបាយគឺយើងចង់លើកកម្ពស់សេដ្ឋកិច្ច ផ្តល់ជូននូវសន្ដិសុខសេដ្ឋកិច្ច និងវិបុលភាពសង្គមឬសុខុមាភាពសង្គមជូនប្រជាជន (Economic security & social well-being) ។ គោលជំហរពីរនេះដែលនាំឱ្យយើងប្រើពាក្យ “ផលិតភាពសេដ្ឋកិច្ច សន្ដិសុខសេដ្ឋកិច្ច វិបុលភាពសង្គម” ។
សំណួរទី ៣៖ តើស្ថានភាពកំណើនសេដ្ឋកិច្ចនៅកម្ពុជាមានវឌ្ឍនភាពយ៉ាងដូចម្តេចដែរ?
ពីឆ្នាំ ១៩៩៥ រហូតដល់ឆ្នាំ ២០១៦នេះ យើងបានកសាងសេដ្ឋកិច្ចឱ្យបានខ្ពង់ខ្ពស់មកហើយ ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារជំងឺកូវីដ១៩ជាមួយកត្តាដទៃទៀត យើងក៏បានធ្លាក់មួយកម្រិតពី ៧% ដល់ -៣% ទោះយ៉ាងណាក្តី បច្ចុប្បន្ននេះ យើងកំពុងងើបនេះឡើងវិញហើយ កើនឡើងដល់ ៣% ហើយធនាគារពិភពក៏បានព្យាករថា សេដ្ឋកិច្ចយើងនឹងអាចឡើងដល់ ៤.៨។ នេះមានន័យថា និរន្តរកម្មសេដ្ឋកិច្ចបានធ្លាក់ចុះ តែងើបឡើងវិញយ៉ាងលឿន។ នោះហើយ បើជាយើងសង្កត់លើ ផលិតភាពសេដ្ឋកិច្ច ឱ្យមានការបន្ថែមទៅលើតម្លៃ ទៅលើសក្ដានុពលរបស់ប្រទេសជាតិយើង។ ហើយសមិទ្ធផលដែលយើងធ្វើបានសម្រេចមកត្រូវធ្វើថែមឱ្យល្អពីលើនេះទៅទៀត។
- តើមានន័យថាម៉េច សក្ដានុពលនិងតម្លៃបន្ថែម?
ចម្លើយនោះគឺធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធអប់រំ សុខាភិបាល ពន្ធ។ល។ ដោយសារយើងឃើញពីសក្ដានុពលរបស់យើងប្រើប្រាស់មិនទាន់អស់ នោះហើយបានជាយើងដាក់គោលនយោបាយ ធ្វើយ៉ាងណាដើម្បីប្រើប្រាស់យុទ្ធសាស្ត្រនិងយន្តការលើកកម្ពស់នៃចរន្តសេដ្ឋកិច្ចរបស់យើង។ ដូចនេះ យើងត្រូវប្រមូលគ្នា ប្រទេសជាតិយើងទាំងមូល គ្រប់តួអង្គសេដ្ឋកិច្ច ទាំងមន្ត្រីរាជការ ទាំងក្រុមហ៊ុនឯកជនវិស័យ ត្រូវចូលរួមដើម្បីពង្រឹងឱ្យបាន។ ចំពោះតួលេខ ដូចបានបកស្រាយ ធនាគារពិភពលោកនិងក្រសួងបានព្យាករថាសេដ្ឋកិច្ចយើងនឹងឡើងដល់ ៤.៨ នៅឆ្នាំ ២០២២ និងនៅចុងឆ្នាំនេះតទៅមុខទៀត។
ទោះជាយ៉ាងណាក្តី វិស័យមួយចំនួនទៀតនៅខ្នាត់តូចនៅឡើយ ដូចនេះហើយទើបផលិតភាពសេដ្ឋកិច្ចចង់ពង្រីកវិស័យសេដ្ឋកិច្ចឱ្យធំ ក្រៅពីវិស័យកាត់ដេរ សំណង់ ទេសចរណ៍ និងកសិកម្ម។ យើងចង់បានអនាគតមួយដែលការងារមានតម្លៃខ្ពស់។ ចំពោះវិស័យទាំងបួន(វិស័យកាត់ដេរ សំណង់ ក្រៅ ទេសចរណ៍ និងកសិកម្ម) ឥឡូវនេះ យើងឃើញទេសចរមកវិញខ្លះហើយ កសិកម្មក៏មានការងើបឡើងដែរ ប៉ុន្តែវានូវតែដាច់ដោយឡែកពីគ្នា មិនអាចជួយទ្រទ្រង់គ្នាបាន។ ក្រោយក្របខណ្ឌផលិតភាពសេដ្ឋកិច្ច យើងចង់ឱ្យវាជាប់គ្នា តភ្ជាប់ទ្រទ្រង់គ្នាទៅវិញទៅមក។
សំណួរទី ៤៖ តើមូលហេតុអី្វបានជារាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពទៅលើផលិតភាពសេដ្ឋកិច្ច?
យើងបានកសាងសេដ្ឋកិច្ចយើងជាង ៤០ ឆ្នាំមកហើយ ការវិវត្តរបស់យើងក៏ដូចជាការសម្រេចរបស់យើងក៏ធ្វើបានល្អហើយដែរ។ នេះឱ្យមានការផ្លាស់ប្តូរខ្លាំង ហើយការផ្លាស់ប្តូរនេះកើតឡើងដោយទាំងកត្តាផ្ទៃក្នុងនិងផ្ទៃក្រៅ។ យើងត្រូវឆ្លើយតបនឹងការផ្លាស់ប្តូរនេះដើម្បីរក្សាបាននូវ សន្តិសុខសេដ្ឋកិច្ច សុវត្ថិភាពសេដ្ឋកិច្ច និងសុខុមាលភាពសង្គមរបស់ប្រជាជនរបស់យើង។ ដូច្នេះ យើងត្រូវរកវិធីយ៉ាងណាដើម្បីពង្រឹងមូលដ្ឋានសេដ្ឋកិច្ច ឱ្យមានស្ថិរភាព ហើយមានតម្លៃបន្ថែមខ្ពស់ដោយប្រើធនធានដែលមានសមត្ថភាពឱ្យបានត្រឹមត្រូវ។ សំណួរសួរថា ហេតុអ្វីបានជាឱ្យអាទិភាពទៅលើវា?ចម្លើយនោះគឺដោយសារតែយើងមិនអាចធ្វើអ្វីដែលយើងធ្លាប់ធ្វើពីមុនទេ។ ខ្ញុំសូមរៀបរាប់ជាក់លាក់ក្តីពីកត្តាផ្ទៃក្នុងដែលធ្វើឱ្យយើងដាក់គោលនយោបាយចេញបន្ទាប់មក នឹងជម្រាបជូនថាពីកត្តាក្រៅដែលយើងត្រូវដាក់គោលនយោបាយនោះ។
១. កត្តាខាងក្រៅមានឧទាហរណ៍ជាច្រើនដូចជា កូវីដ-១៩ សង្គ្រាមពាណិជ្ជកម្ម សង្គ្រាមភូមិសាស្ត្រនយោបាយ ហើយឥឡូវនេះថែមមួយទៀតគឺ វិបត្តិស្ថេរភាពថាមពលដែលបង្កដោយសង្រ្គាមអ៊ុយក្រែន។ ដោយសារតែកត្តាខាងក្រៅទាំងនេះបានជះឥទ្ធិពលមកលើយើងផ្ទាល់ ជាមួយប្រព័ន្ធអន្តរជាតិនិងតំបន់ ដូចនេះយើងក៏បានដាក់ក្របខ័ណ្ឌផលិតភាពសេដ្ឋកិច្ចជាតិ ដើម្បីពិនិត្យមើលថា វាជាហានិភ័យឬឱកាសសម្រាប់យើងពង្រឹងសេដ្ឋកិច្ចរបស់យើង។
២. ចំពោះកត្តាខាងក្នុង នាពេលសេដ្ឋកិច្ចបានជោគជ័យ ប្រជាជននឹងទាមទារតម្រូវការសេវាសាធារណៈបន្ថែមទៀត។ ប្រជាជនក៏មានប្រែប្រួលដែរ ប៉ុន្មានឆ្នាំទៅមុខទៀតនេះ យើងត្រូវប្រយ័ត្នជាខ្លាំងនឹងកម្លាំងយុវជន ព្រោះទេពកោសល្យនិងកម្លាំងធ្វើការក៏បានពីនេះដែរ។ ប្រសិនបើយើងមិនប្រយ័ត្ន យើងនឹងអាចបាត់បង់អត្ថប្រយោជន៍ដើម្បីបំពេញតម្រូវការសេដ្ឋកិច្ច។ មួយវិញទៀត យើងចង់ឱ្យប្រទេសជាតិយើងក្លាយទៅជាប្រទេសជាតិដែលមានប្រាក់ចំណូលមធ្យមនៅ ២០៣០ បានហើយនៅ ២០៥០ មានប្រាក់ចំណូលខ្ពស់។ ដូចនេះហើយបានជាយើងគិតពី ផលិតភាពសេដ្ឋកិច្ច ដើម្បីនូវសម្រេចគោលដៅទាំងនេះ។
សំណួរទី ៥៖ បើយើងងាកមកមើលក្របខ័ណ្ឌគោលនយោបាយវិញ តើរាជរដ្ឋាភិបាលមានវិធានការគោលនយោបាយជាគន្លឹះយ៉ាងដូចម្តេចខ្លះដែរ?
ក្នុងគោលនយោបាយ មានយុទ្ធសាស្ត្រសូចនាករ ៤ ហើយក្រោមគោលនយោបាយទាំង ៤ នេះមានគោលនយោបាយទ្រទ្រង់ចំនួន ៨៤ ។ គោលនយោបាយយុទ្ធសាស្ត្រធំៗទាំង ៤ មានដូចជា៖
១. ការអប់រំ៖ ទៅលើធនធានមនុស្ស ហើយបង្កើតវិជ្ជាជីវៈដើម្បីកសាងពលកម្មឱ្យមានផលិតភាពនិងជំនាញកម្រិតខ្ពស់ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ច។
២. និវានុវត្តន៍៖ សំដៅលើវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដែលប្រទេសជាតិយើងកំពុងរៀបចំ បូករួមទាំងការធ្វើការសិក្សាស្រាវជ្រាវសម្រាប់ការបង្កើតផលិតផល ឧបករណ៍ផ្សេងៗ។ល។
៣. អភិបាលកិច្ចល្អ៖ សំដៅលើការកែទម្រង់ស្ថាប័នដែលវាមានសារៈសំខាន់យ៉ាង ខ្លាំងព្រោះស្ថាប័នជាអាណាព្យាបាលទៅលើទិសដៅ ចលនា សកម្មភាព របៀបរបស់សេដ្ឋកិច្ច។ យើងកែទម្រង់ឱ្យល្អដើម្បីឱ្យផ្តល់ឱ្យស្ថាប័នផ្តល់សេវាដែលមានប្រសិទ្ធភាពខ្ពស់ជូនសាធារណៈ ដូចនេះជួយថ្នាក់ដឹកនាំនិងគណៈកម្មការទាំងមូល ប្រជាពលរដ្ឋទាំងអស់ និងភាគីពាក់ព័ន្ធទាំងអស់ក៏ដូចជាស្ថាប័នផ្សេងៗឱ្យយល់ពីទស្សនៈទាន កុំឱ្យយល់ខុស កុំឱ្យអនុវត្តគោលនយោបាយខុស។
៤. ហេដ្ឋារចនាសម្ព័ន្ធ៖ សំដៅទៅលើ ផ្លូវដឹកជញ្ជូន ក៏ដូចជាថាមពលអគ្គិសនីសុទ្ធតែបានកសាងល្អច្រើនហើយ ប៉ុន្តែវាមិនទាន់មានស្ថេរភាពនៅឡើយ។ ផ្លូវដឹកជញ្ជូននូវតែស្ទះ បើភ្លើងអគ្គិសនីវិញ យើងមានភ្លើងអគ្គិសនីប្រើប្រសើរជាងមុនឆ្ងាយណាស់ ប៉ុន្តែមិនទាន់បានពេញលេញសម្រាប់ប្រទេសជាតិនៅឡើយ។ បើយើងចង់ពង្រីកសេដ្ឋកិច្ច ចង់កែច្នៃសេដ្ឋកិច្ចយើងឱ្យទៅជាសេដ្ឋកិច្ចឧស្សាហកម្ម យើងត្រូវមានហេដ្ឋារចនាសម្ព័ន្ធដូចជា ទឹក ភ្លើង ផ្លូវ គ្រប់សព្វ។
មួយទៀតគឺ ឌីជីថល។ ចំពោះឌីជីថល យើងមានតេឡេហ្វូន អង់តែនគ្រប់គ្រាន់ហើយប៉ុន្តែយើងនៅខ្វះការចេះដឹងដើម្បីប្រើវាឱ្យបានពេញសក្ដានុពល។ ប្រជាជនយើងច្រើនប្រើតែសម្រាប់ការកម្សាន្តដូចនេះ យើងត្រូវប្រើវាដោយមានចំណេះដឹងវិជ្ជាជីវៈលើផ្នែកនេះបន្ថែមទៀតដោយមានការយកចិត្តទុកដាក់ ប្រើប្រាស់ឧបករណ៍សម្រាប់ការបណ្តុះខ្លួន ចំណេះដឹង ឬជំនាញរបស់យើង។ ដូចនេះហើយ បានជាយើងខិតខំធ្វើអភិបាលកិច្ចដោយយើងចង់មានស្ថាប័នផ្អែកទៅលើអភិបាលកិច្ចល្អ។ ហើយមួយទៀតគឺពាក់ព័ន្ធនឹងបទប្បញ្ញត្តិទីផ្សារ។ យើងធ្វើយ៉ាងណាឱ្យមានការប្រកួតប្រជែងនិងមានយុត្តិធម៌ បើមិនដូចនេះទេស្ថាប័នទីផ្សារការងារហ្នឹងគឺអត់មានសម្រាប់នៅឡើយ។ ធនធាន មូលធនមនុស្សគឺនៅសល់ច្រើន ប៉ុន្តែគុណភាពអប់រំ ការឈូសខាត់ទេពកោសល្យ និងការលើកកម្ពស់បានល្អត្រូវការការយកចិត្តទុកដាក់ថែមទៀត។
សំណួរទី ៦៖ ជាសរុបសេចក្ដីមក តើរាជរដ្ឋាភិបាលកម្ពុជាអាចសម្រេចបានក្របខ័ណ្ឌនយោបាយនេះតាមរយៈយុទ្ធសាស្ត្រនៃការអភិវឌ្ឍអ្វីខ្លះដើម្បីលើកកម្ពស់ទៅដល់សេដ្ឋកិច្ចជាតិ?
គណៈកម្មការផលិតភាពសេដ្ឋកិច្ចជាតិកម្ពុជានឹងទទួលបន្ទុកអភិវឌ្ឍនិងតាមដានសកម្មភាពទាំងអស់នេះ។ ហើយគណៈកម្មការនេះមានសមាសសភា ២៣ ក្រសួង ក្រៅពីនេះ យើងមាន វិស័យឯកជន ស្ថាប័នស្រាវជ្រាវជាមួយនឹងសាកលវិទ្យាល័យ ដូច្នេះពេលយើងសរសេរគោលនយោបាយពោរពេញដោយសំឡងជាច្រើន។ នាពេលគោលការណ៍ចេញមក ក្រសួងនីមួយៗដឹងខ្លួនថាត្រូវធ្វីអ្វី អត់មានការស្រពេចស្រពិលទៀតទេ។
ហើយប្រធានគណៈកម្មការគឺឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ជាប្រធាននៅទីនេះអមដោយអនុប្រធាន ៤ មានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកសិកម្ម ក្រសួងសាធារណៈការនិងដឹកជញ្ជូនជាដើម។ ដូចនេះ ពេលដែលយើងធ្វើប្លង់ យើងអាចមើលគ្រប់ផ្នែក។ បន្ទាប់ពីធ្វើប្លង់ យើងត្រួតពិនិត្យនិងរាយការណ៍ថាត្រូវទិសដៅឬអត់ ប្រើថវិកា ធនធានយ៉ាងណាដើម្បីឱ្យយើងអាចតាមដានតាមបាន។
ចាប់ពីហ្នឹងទៅ យើងនឹងដាក់ជូនរាជរដ្ឋាភិបាល ប្រមុខរាជរដ្ឋាភិបាល។ លោកនឹងមើលពីលើមកហើយតម្រង់ទិសទៀតនាំឱ្យមានការទទួលខុសត្រូវខ្ពស់។ យុទ្ធសាស្ដ្រអនុវត្តតែងឈរលើគោលការណ៍ ៣ ៖សហប្រតិបត្តិការគ្រប់តួអង្គសេដ្ឋកិច្ច Media អ្នកលក់ដូរ សមាគមដឹកជញ្ជូនគ្រប់យ៉ាងព្រមទាំងយុវជន ទាំងអស់ហើយយើងត្រូវតែឱ្យគាត់ចូលរួម។ យើងចង់ឱ្យការបែងចែកនៃចំណូលនិងសេដ្ឋកិច្ចទូទៅឱ្យមានសមធម៌ ដោយយើងត្រូវបានកម្រៃតាមមុខជំនាញ ហើយយើងចង់រក្សាធ្វើម៉េចឱ្យការងារមានស្ថិរភាពនិងយូរអង្វែង ចង់ធ្វើឱ្យការងារមានកម្រិតខ្ពស់ហើយចង់បង្កើតការងារតម្លៃខ្ពស់ជូនប្រជាជនខ្មែរ។ យើងនៅតែធ្វើការបរទេស ប៉ុន្តែអាទិភាពគឺខ្មែរ។ ប្រសិនបើបរទេសមក គេធ្វើការជាមួយយើងវិញ មិនមែនយើងធ្វើការឱ្យគេនោះឡើយ៕
វាគ្មិន៖ ឯកឧត្តម ស៊ីសុវត្ថិ ដួងច័ន្ទទោ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា