អត្តពលិកប៉េតង់មកបណ្តាក្លិប ធ្វើឲ្យជម្រើសជាតិភ្ញាក់ខ្លួន បន្ទាប់ពីមានសមត្ថភាពទម្លាក់កីឡាករជម្រើសជាតិមួយចំនួនធ្លាក់ចេញពីវគ្គឡើងប្រជែងមេដាយក្នុងការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២
ភ្នំពេញ៖ លោក អ៊ិន គឹមស្រ៊ុន ប្រធានគណៈកម្មការរៀបចំការប្រកួតមានប្រសាសន៍ កាលពីល្ងាចថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០២៣ ក្នុងពិធីបិទកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២ និងខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ១៩៩២ – ២០២២” ថា កីឡាករកីឡាការិនីមកពីបណ្តាក្លិបប៉េតង់បានបង្ហាញនូវការភ្ញាក់ផ្អើលខ្លាំង ដោយពួកគេមានសមត្ថភាពរីកចំរើនរហូតអាចទម្លាក់កីឡាករជម្រើសជាតិមួយចំនួនជ្រុះចេញពីវគ្គឡើងទៅ្រជែងមេដាយថែមទៀតផង។ការរីកចំរើនផ្នែកសមត្ថភាពរបស់កីឡារមកពីបណ្តាក្លិបនេះហើយ បានធ្វើឲ្យជម្រើសជាតិដែលកំពុងហ្វឹកហាត់ត្រៀមស៊ីហ្គេមមានការភ្ញាក់ខ្លួន និងភ្ញាក់រលឹកស្មាតីង្កើនការហ្វឹកហាត់ត្រៀមខ្លួនជានិច្ចមិនអាចមើលងាយគូប្រកួតនាស៊ីហ្គេម ឆ្នាំ២០២៣ ពេលខាងមុខនេះឡើយ។
ព្រោះ គូប្រកួតយើងអាចយកឱកាសទម្លាក់យើងបានគ្រប់ពេលចេញពីការប្រកួតធ្វើឲ្យខកខានឈ្នះមេដាយជូនជាតិ។ជាក់ស្តែងដូចការប្រកួតពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២នេះជាដើម។ជាមួយគ្នានេះដែរ ប្រធានគណៈកម្មការខាងលើ បាន បានអំពាវនាវ ដល់ក្លិបបណ្តារាជធានីខេត្ត សូមត្រៀមខ្លួនមកចូលរួមការប្រកួតយកដណ្តើមកៅអីជម្រើសជាតិដែលជាការប្រកួតជម្រុះយកកីឡាករខ្លាំងទៅប្រកួតតំណាងជាតិក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ឯកឧត្តម ស សុខា ប្រធានកិត្តិយសនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានលើកឡើងថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្ដេចវិបុលបញ្ញា សុខ អាន នៅឆ្នាំ១៩៩២ ដោយមាន សម្ដេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស និង សម្ដេចវិបុលបញ្ញា សុខ អាន ជាប្រធាន។ រហូតមកដល់បច្ចុប្បន្ន សហព័ន្ធមានអាយុកាល៣០ឆ្នាំ ហើយអ្វីដែលជាមោទកភាពរបស់យើងនោះ គឺមកដល់ម៉ោងនេះ ពុំទាន់មានសហព័ន្ធណាមួយដែលបានឈ្នះមេដាយមាសជូនជាតិច្រើនជាងគេក្រៅពីសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានោះឡើយ។
ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណនេះ ត្រូវបានផ្ដួចផ្ដើមគំនិតរៀបចំដំបូងកាលពី៣ឆ្នាំមុន និងបានរៀបចំការប្រកួតលើកទីមួយ នាឆ្នាំ២០២០កន្លងទៅ។ ក្រោមការដឹកនាំរបស់ ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អាណត្តិទី៧នេះ សហព័ន្ធបានបន្តរៀបចំនូវការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២ រួមជាមួយនឹងការប្រារព្ធខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ១៩៩២-២០២២ នេះឡើង ក្នុងគោលបំណងដើម្បីសម្ដែងនូវកតញ្ញុតាធម៌ ក៏ដូចជារំលឹកនិងតបស្នងនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ស្ថាបនិកសហព័ន្ធ ក៏ដូចជាឥស្សរជននិងអតីតថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់សហព័ន្ធ ដែលបានត្រួសត្រាយផ្លូវ និងបានលះបង់កម្លាំងកាយចិត្ត ធនធាន និងខិតខំប្រឹងប្រែងក្នុងការកសាងនិងលើកស្ទួយវិស័យកីឡាប៊ូល និងប៉េតង់កម្ពុជា ឱ្យមានវឌ្ឍនភាពនិងល្បីល្បាញទូទាំងសកលលោកដូចបច្ចុប្បន្ន ក្រោមម្លប់សន្តិភាពនិងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ការរៀបចំនូវព្រឹត្តិការណ៍ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២ នេះក៏មានគោលបំណងក្នុងការបន្តលើកស្ទួយវិស័យកីឡាប៊ូល និងប៉េតង់កម្ពុជាឱ្យរឹតតែល្អប្រសើរ តាមរយៈការបន្តអភិវឌ្ឍនូវធនធានកីឡាករ កីឡាការិនី ព្រមទាំងបន្តដុសខាត់សមត្ថភាពដើម្បីត្រៀមលក្ខណៈសម្បដែលកម្ពុជានឹងទទួលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ខាងមុខ។ បន្ថែមពីលើនេះ លោកក៏បានលើកឡើងផងដែរថា ការៀបចំព្រឹត្តិការណ៍នេះអាចសម្រេចបានទៅដោយរលូននិងជោគជ័យ គឺដោយសារមានការគាំទ្រផ្ទាល់ពីសំណាក់ក្រុមគ្រួសារសម្ដេចក្រឡាហោម ស ខេង និងក្រុមគ្រួសារសម្ដេចវិបុលបញ្ញា សុខ អាន ក៏ដូចជាការចូលរួមឧបត្ថម្ភពីវិស័យឯកជន ពិសេសការចូលរួមគាំទ្រពីសំណាក់បងប្អូនកីឡាករ កីឡាការិនី គ្រូបង្វឹក អាជ្ញាកណ្ដាល គណៈកម្មការ ព្រមទាំងក្រុមកាងាររៀបចំការប្រកួត ដែលបានសហការល្អជាមួយសហព័ន្ធ ដើម្បីជំរុញឱ្យដំណើរកាប្រកួតប្រព្រឹត្តទៅបានតាមការគ្រោងទុក។
ជាការកត់សម្គាល់ តាមរយៈកំណែទម្រង់ការប្រកួតរយៈពេល២ឆ្នាំកន្លងទៅនេះ ការប្រកួតឆ្នាំនេះមានការកើនឡើងនូវសន្ទុះការគាំទ្រនិងចូលរួមយ៉ាងច្រើនពីសំណាក់កីឡាករ កីឡាការិនី ពីបណ្ដាសម្ព័ន្ធ-ក្លិប រាជធានី ខេត្តទូទាំងប្រទេស ដែលសរុបអ្នកចូលរួមប្រកួតទាំងអស់មានចំនួនរហូតដល់ ៤៥៩នាក់ មកពី៦២សម្ព័ន្ធ-ក្លិប (ក្នុងនោះមាន ១១ ស្ថាប័ន) ដែលចំនួននេះគឺជាការចូលរួមដ៏ច្រើនបំផុត ក្នុងរយៈកាល៣០ឆ្នាំនៃដំណើរការរបស់សហព័ន្ធ។ លើសពីនេះ ចំនួនការប្រកួតក៏បានកើនឡើងទ្វេដង គឺសរុបរហូតដល់ទៅ ៤៣៨ប្រកួត លើវិញ្ញាសាប្រកួតចំនួន៨។ បន្ថែមពីលើនេះ លទ្ធផលនៃការប្រកួតក៏បានបង្ហាញថា ក្រុមមហាជនដែលបានចូលរួមប្រកួតនាឆ្នាំនេះ
គឺមានការដុសខាត់សមត្ថភាពបានល្អប្រសើរខ្លាំង
ដោយជាការភ្ញាក់ផ្អើលបានយកឈ្នះនូវក្រុមកីឡាករជម្រើសជាតិយើងមួយចំនួន ដែលនេះជាសារមួយរំលឹកដាស់តឿនដល់គ្រប់កីឡាករ កីឡាការិនីយើង មិនត្រូវមានការធ្វេសប្រហែសឬមើលស្រាលលើគូប្រកួតនោះឡើយ ដោយត្រូវបន្តយកចិត្តទុកដាក់ហ្វឹកហាត់ជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពនិងបច្ចេកទេសប្រកួតឱ្យកាន់តែល្អប្រសើរ៕អត្ថបទ៖ ជាវ ចន្ធូ