អត្តពលិកក្រសួងមហាផ្ទៃ ឈ្នះមេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាវូស៊ូ ថ្នាក់ជាតិឆ្នាំ២០២២
ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ រៀបចំដោយសហព័ន្ធកីឡាវូស៊ូកម្ពុជា ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវូស៊ូកម្ពុជា បានអោយដឹងថា ការប្រកួតជើងឯកឆ្នាំនេះ មាន១៣រាជធានី-ចូលរួមប្រកួត និងប្រតិភូសរុប ១១៥នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនីទាំងអស់ចូលរួមប្រកួតចំនួន៩១នាក់ លើវិញ្ញាសាប្រកួតចំនួន១៩ រួមមាន ថាវលូ ( Taolu ) សម្ដែង ១២ វិញ្ញាសា និងសាន់ដា ( Sanda ) ប្រយុទ្ធ៧ប្រភេទទម្ងន់បុរស៤ ទម្ងន់ និងនារី៣ ប្រភេទទម្ងន់។ ការប្រកួតកីឡាវស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២នេះ អនុវត្តន៍តាមកិច្ចព្រមព្រៀងអនុវត្ដន៍ថវិកាទ្រទ្រង់សហព័ន្ធកីឡាវស៊ូកម្ពុជា របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២២ ជាមួយសហព័ន្ធ។ ជាទីបញ្ចប់ក្នុងនាមសហព័ន្ធកីឡាវស៊ូកម្ពុជា សូមថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែគិតគូរដល់ការអភិវឌ្ឍន៍ប្រភេទកីឡាវ៉ូស៊ូគ្រប់ពេល។ សូមថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង C A M S O C តែងតែគិតគូរដល់ការអភិវឌ្ឍន៍ប្រភេទកីឡាវ៉ូស៊ូគ្រប់ពេល។
លោក សំ សុខយី បានមានប្រសាសន៍ថា ការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២នេះ ដើម្បីវាស់អំពីកម្រិតសមត្ថភាពរបស់កីឡាករ-កីឡាការិនី មន្ត្រីបច្ចេកទេស របស់សហព័ន្ធកីឡាវស៊ូកម្ពុជា ដើម្បីឆ្ពោះ ទៅចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣ ខាងមុខនេះ។
គួរបញ្ជាក់ថា ការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២នេះ ក្រុមអត្តពលិកកីឡាវូស៊ូក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសច្រើនជាងគេ សរុប១៦គ្រឿង មាស១០ ប្រាក់៥ និងសំរិទ្ធ១ លេខ២ក្លឹប មានជ័យ ដណ្តើមបានមេដាយមាស៣ ប្រាក់៣ និងសំរិទ្ធ៤ និងលេខ៣ ក្លឹបកុងហ្វូ ដណ្តើមបានមេដាយ មាស២ ប្រាក់១ និងសំរិទ្ធ២គ្រឿង និងក្លឹបជាច្រើនដណ្តើមបានមេដាយមាសប្រាក់ និងសំរិទ្ធផងដែរ៕ ចាន់ វិចិត្រ