មន្ត្រីនគរបាលម្នាក់ ត្រូវបានផ្អាកការងារ និងដកមកបញ្ឈរជើងរយៈពេល ០៣ខែ ក្រោយប្រកាសលក់ស្លាកចេញ-ចូល អគ្គស្នងការដ្ឋាន ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២២នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការបកស្រាយបំភ្លឺ បន្ទាប់ពីបានឃើញវីដេអូបង្ហោះតាមបណ្តាញសង្គម Tik Tok ទាក់ទងទៅនឹងម្ចាស់គណនីឈ្មោះថា Tik Tok Fan Dy 9828 ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដែលបានបង្ហោះខ្លឹមសារ “បងប្អូនត្រូវការស្លាកចេញ-ចូលអគ្គស្នងការដ្ឋាននគរបាលជាតិ ឬក្រសួងមហាផ្ទៃ អាចមកទាក់ទងខ្ញុំបាន” កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ហួរ ម៉ែងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ និងកោះហៅលោកអនុសេនីយ៍ឯក ម៉ិច មាស អត្តលេខ ៨៦៩០៤ មកបកស្រាយបំភ្លឺករណីនេះ។

ក្រោយពីធ្វេីការសាកសួររួចរាល់ លោកអនុសេនីយ៍ឯក ម៉ិច មាស បានសារភាពថា រូបលោកពិតជាបានបង្ហោះខ្លឹមសារខាងលើប្រាកដមែន តែពុំមានចេតនាក្នុងការលក់ដូរអ្វីឡើយ គោលបំណងគឺផុសអួតដល់មិត្តភក្តិដែលជាកងកម្លាំងដូចគ្នាតែប៉ុណ្ណោះ ។

ក្រោយមកសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដាក់វិន័យរដ្ឋបាល ដោយសម្រេចចេញលិខិតព្រមានដោយផ្អាកការងារ និងដកមកបញ្ឈរជើងរយៈពេល ០៣ខែ ហើយត្រូវបង្ហាញមុខនៅផ្នែករដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខជារៀលរាល់ថ្ងៃ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner