មូលដ្ឋានទ័ពអាកាសរុស្ស៊ីដែលនៅចម្ងាយរាប់រយគីឡូម៉ែត្រពីអ៊ុយក្រែនត្រូវបំផ្ទុះជាថ្មី

ម៉ូស្គូៈមូលដ្ឋានទ័ពអាកាសរុស្ស៊ី Engels ក្នុងតំបន់ Saratov ដែល នៅ ចម្ងាយប្រមាណ ៦០០ គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ត្រូវបំផ្ទុះ ជាថ្មី ខណៈអភិបាលតំបន់អះអាងថា អាជ្ញាធរកំពុងធ្វើការស៊ើប អង្កេតលើការផ្ទុះដែលមិនបង្កឱ្យមានការខូតខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមួយនេះ។

ប្រព័ន្ធផ្សព្វផ្សាយនានារួមទាំងពីអ៊ុយក្រែន និងរុស្ស៊ី បានរាយការណ៍ ថា ការផ្ទុះចំនួនពីរ បានកើតឡើងនៅយប់រំលងអធ្រាត ត្រូវនឹងព្រឹក ថ្ងៃចន្ទ ទី២៦ ខែធ្នូ។ ចំណែកឯអភិបាលតំបន់ លោក Roman Busargin បានអះអាងនៅលើបណ្ដាញផ្ញើសារតេឡេក្រាម ថា៖«មិនមានភាពអាសន្ននៅក្នុងតំបន់លំនៅដ្ឋាននៃទីក្រុង (Engels) នោះទេ»។

ខណៈលោក Busargin ថាគ្មានការខូតខាតលើហេដ្ឋារចនា សម្ព័ន្ធស៊ីវិលនោះ លោកមិនបានគូសបញ្ជាក់បន្ថែមថា ការផ្ទុះ ធ្វើឱ្យខ្ទេចខ្ទីសម្ភារយោធាអ្វីខ្លះក្នុងមូលដ្ឋានទ័ពអាកាសនោះទេ ដោយភ្នាក់ងារអនុវត្តច្បាប់កំពុងធ្វើការត្រួតពិនិត្យ។

គួរបញ្ជាក់ថា មូលដ្ឋានទ័ពអាកាស Engels និងមូលដ្ឋានទ័ពអាកាស Dyagilevo ដែលស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រពី ព្រំដែន អ៊ុយក្រែន ដូចគ្នា បានរងការវាយប្រហារដោយដ្រូនម្ដងរួចមកហើយ កាលពីដើមខែធ្នូនេះ ដោយរុស្ស៊ីទម្លាក់កំហុសលើអ៊ុយក្រែន ប៉ុន្តែ អ៊ុយក្រែនមិនបានច្រានចោល ឬប្រកាសទទួលខុសត្រូវជា ផ្លូវការនោះទេ។

មូលដ្ឋានទ័ពអាកាស Engels គឺជាមូលដ្ឋានដាក់យន្តហោះ ទម្លាក់ គ្រាប់បែករយៈចម្ងាយឆ្ងាយ និងដើរដោយនុយក្លេអ៊ែរមួយ ចំនួន របស់រុស្ស៊ី ដូចជាយន្តហោះ Tupolev-160 និង Tupolev-95 ជាដើម។ ការវាយប្រហារមូលដ្ឋានទ័ពនេះ បង្កជាសំណួរលើ សមត្ថភាពការពារដែនអាកាសរបស់រុស្ស៊ី និងសមត្ថភាព វាយ ប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ចូលទៅក្នុងទឹកដីរុស្ស៊ី។

គួររំឭកផងដែរថា កាលពីខែសីហា យន្តហោះចម្បាំងរុស្ស៊ី យ៉ាង តិចចំនួន៧គ្រឿង ត្រូវបានបំផ្លាញដោយការផ្ទុះនៅឯមូលដ្ឋានទ័ព អាកាសរុស្ស៊ីនៅគ្រីមៀ ដែលរុស្ស៊ីកាត់យកពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤។ អ៊ុយក្រែនមិនដែលប្រកាសទទួលខុសត្រូវជាសាធារណៈ លើការវាយប្រហារណាមួយនៅក្នុងប្រទេសរុស្ស៊ីនោះទេ ប៉ុន្តែបាន ហៅឧប្បត្តិហេតុបែបនេះគឺជា «កម្មផល» សម្រាប់ការ ឈ្លានពានរបស់រុស្ស៊ី ដែលកំពុងបន្តអូសបន្លាយ៕
ដោយ៖ហួន ឌីណា
ប្រភព៖ Explosions reported at military airbase deep inside Russia

ads banner