សម្តេចក្រឡាហោម ស ខេង ៖ ក្រសួងមហាផ្ទៃមានតួនាទីក្នុងការរៀបចំតាក់តែងច្បាប់សម្រាប់ក្រសួងផ្ទាល់ ហើយក៏មានការចូលរួមចំណែកក្នុងការរៀបចំតាក់តែងច្បាប់ជាមួយអន្តរក្រសួង ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល ផងដែរ
ភ្នំពេញ ៖ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានក្រុមប្រឹក្សានីតិកម្ម និងប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំ និងចង្អុលបង្ហាញដល់ប្រធានក្រុមប្រឹក្សានីតិកម្ម និងប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃដែលទើបតែងតាំងថ្មីថា ក្រសួងមហាផ្ទៃមានតួនាទីក្នុងការរៀបចំតាក់តែងច្បាប់សម្រាប់ក្រសួងផ្ទាល់ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃក៏មានការចូលរួមចំណែកក្នុងការរៀបចំតាក់តែងច្បាប់ជាមួយអន្តរក្រសួងលើច្បាប់នានាក្នុងក្របខណ្ឌរាជរដ្ឋាភិបាលដែលនេះជាតួនាទីសំខាន់ណាស់សម្រាប់ប្រើប្រាស់នាពេលបច្ចុប្បន្ន និងក្នុងពេលអនាគត ។
សូមជម្រាបជូនផងដែរថា ប្រធានក្រុមប្រឹក្សានីតិកម្ម និងប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ ដែលត្រូវបានតែងតាំង រួមមាន៖ ឯកឧត្តម អ៊ូច ចាន់ណូរ៉ា ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ឯកឧត្តម ហ៊ន យុវនា ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ១ ជាប្រធានក្រុមប្រឹក្សានីតិកម្ម ឯកឧត្តម ឆាន់ ចន្ទសុភក្តិ៍ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអនុប្រធានក្រុមប្រឹក្សានីតិកម្ម និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង រត្នសីមា ជាសមហាជិកក្រុមប្រឹក្សានីតិកម្ម ឯកឧត្តម វ៉ែន បញ្ញា ឋានន្តរស័ក្តិ វរមន្ត្រីថ្នាក់លេខ៤ ជាប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ ៕ ដោយ-រ៉ាវុធ