មនុស្ស១៧នាក់ស្លាប់និងរាប់សិបនាក់រងរបួសដោយសារព្រិលធ្លាក់ខ្លាំងនៅជប៉ុន

ជប៉ុន: មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយជប៉ុន បាននិយាយថា ព្រិលធ្លាក់ខ្លាំងនៅប្រទេសជប៉ុនបានសម្លាប់មនុស្ស 17 នាក់ និងបង្ករឱ្យមនុស្សជាង៩០នាក់ផ្សេងទៀតរងរបួស ព្រមទាំងធ្វើឱ្យផ្ទះរាប់រយខ្នងគ្មានអគ្គិសនីប្រើប្រាស់។

ព្យុះព្រិលនៅថ្ងៃបុណ្យណូអែលចុងសប្ដាហ៍កន្លងទៅនេះ បានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ 17 នាក់ និងរបួសដល់ 93 នាក់គិតត្រឹមព្រឹកថ្ងៃចន្ទ។ នេះបើតាមសារព័ត៌មានដែលស្រង់របាយការណ៍របស់ទីភ្នាក់ងារគ្រប់គ្រងអគ្គិភ័យ និងគ្រោះមហន្តរាយជប៉ុន។

សាកសពជាច្រើនត្រូវគេរកឃើញពីគំនរព្រិលលើដំបូលផ្ទះ ឬត្រូវបានកប់នៅក្រោមគំនរព្រិលក្រាស់ដែលរអិលពីលើដំបូល។អាជ្ញាធរនៅតំបន់ដែលរងគ្រោះដោយព្រិល ជំរុញឱ្យអ្នកស្រុកប្រុងប្រយ័ត្នក្នុងអំឡុងពេលដែលពួកគេជីកកកាយព្រិលចេញពីផ្ទះសម្បែងនិងស្នើកុំធ្វើការតែម្នាក់ឯង។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជប៉ុនបាននិយាយថា ស្ត្រីម្នាក់ក្នុងវ័យ 70 ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់កប់នៅក្រោមគំនរព្រិលដ៏ក្រាស់នៅលើដំបូល នៅក្នុងទីក្រុង Nagai នៃខេត្ត Yamagata ចម្ងាយប្រហែល 300 គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងតូក្យូ។ទីក្រុងនេះជាកន្លែងដែលមានព្រិលធ្លាក់កម្ពស់ជិត១ម៉ែត្រ( 80 សង់ទីម៉ែត្រ)កាលពីថ្ងៃសៅរ៍។

យោងតាមក្រសួងសេដ្ឋកិច្ច និងឧស្សាហ៍កម្មជប៉ុនបានឱ្យដឹងថា ព្រិលធ្លាក់ខ្លាំងធ្វើឱ្យប៉មបញ្ជូនថាមពលអគ្គិសនីនៅភាគខាងជើងប្រទេសជប៉ុនរងការខូចខាតនិងដួលរលំ។ ហេតុការណ៍ខូចខាតបង្គោលភ្លើងនេះ ធ្វើឱ្យផ្ទះប្រហែល 20,000 ខ្នងគ្មានអគ្គិសនីប្រើប្រាស់នៅព្រឹកថ្ងៃបុណ្យណូអែល ទោះបីជាអគ្គិសនីត្រូវបានភ្ជាប់ឡើងវិញនៅក្នុងតំបន់ភាគច្រើននៅថ្ងៃនោះក៏ដោយ ។
ក្រសួងដឹកជញ្ជូនបានឱ្យដឹងថា រថភ្លើង និងជើងហោះហើររាប់សិបត្រូវបានផ្អាកដំណើរការរហូតដល់ថ្ងៃអាទិត្យ ប៉ុន្តែសេវាកម្មទាំងនេះភាគច្រើនបានដំណើរការឡើងវិញហើយ៕
ដោយ:វណ្ណ ស័ក្កិ

ads banner