អាជ្ញាធរមីនកម្ពុជា និងប្រតិបត្តិករបោសសម្អាតមីន ប្រជុំពិនិត្យ រៀបចំ និងបែងចែកតំបន់សម្រាប់បោសសម្អាតមីន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អាជ្ញាធរមីនកម្ពុជានិងប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ, កងទ័ពជើងគោក, មជ្ឈមណ្ឌលរក្សាសន្តិភាព, អង្គភាព ស៊ីម៉ាក់, អង្គការ Halo Trust, MAG, NPA, CSHD និងអង្គការ APOPO បានប្រជុំពិនិត្យរៀបចំ និងបែងចែកតំបន់សម្រាប់បោស សម្អាតមីន។

កិច្ចប្រជុំនេះបានធ្វើឡើងនាទីស្នាក់ការអាជ្ញាធរមីន កាលពីថ្ងៃ ទី២៦ ខែធ្នូ ក្រោមការដឹកនាំពីឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុ ប្រធានទី១ អាជ្ញាធរមីន ដើម្បីពិនិត្យ រៀបចំ និងបែងចែកតំបន់ សម្រាប់ បោសសម្អាតមីន ជាមួយប្រតិបត្តិករបោសសម្អាត មីនជាតិ-អន្តរជាតិ រួមមានកងទ័ពជើងគោក មជ្ឈមណ្ឌលរក្សា សន្តិភាព អង្គភាពស៊ីម៉ាក់ អង្គការ Halo Trust, MAG, NPA, CSHD និង APOPO។ ក្នុងនោះរាប់បញ្ចូលទាំងការរៀបចំ ផែនការបោសសម្អាតមីនក្រោមការគាំទ្រពី មូលនិធិកម្ពុជា គ្មានមីនឆ្នាំ២០២៥។

ឯកឧត្តម លី ធុជ បានថ្លែងនាឱកាសនោះថា កិច្ចប្រជុំនេះប្រព្រឹត្តិ ទៅ ក្នុងគោលដៅពន្លឿនការងារបោសសម្អាតមីនប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ស្របតាមទស្សនវិស័យដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺកម្ពុជាគ្មានមីនឆ្នាំ២០២៥។

កិច្ចប្រជុំ នេះក៏ផ្តោតសំខាន់ផងដែរលើទីតាំងឈរជើង និងការ ពង្រាយកម្លាំងរបស់ប្រតិបត្តិករនីមួយៗសម្រាប់ពេលបច្ចុប្បន្ន និងអនាគត ដើម្បីផ្តល់លទ្ធភាពងាយស្រួលឲ្យអាជ្ញាធរមីន ធ្វើការចាត់ចែង និងរៀបចំផែនការឲ្យមានប្រសិទ្ធភាពផងដែរ។
ឯកឧត្តមមានប្រសាសន៍ថា ៖ «ក្នុងនាមសម្តេចតេជោ ខ្ញុំបាន ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំង ប្រតិបត្តិករ ជាតិ-អន្តរជាតិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារបោស សម្អាតមីននៅកម្ពុជា ព្រមទាំងសម្រេចបាននូវសមិទ្ធផលយ៉ាង ធំធេងនាពេលកន្លងមក»។

ឯកឧត្តម លី ធុជ បានបន្តទៀតថា ការសម្រេចនូវសមិទ្ធផលនេះ តាមរយៈការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ព្រមទាំងបានស្នើសុំឲ្យប្រតិបត្តិករជាតិ-អន្តរជាតិទាំងអស់ ត្រូវបន្តការកៀរគរធនធានបន្ថែមពីដៃគូអភិវឌ្ឍន៍ និងប្រទេស ជាមិត្តឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមគាំទ្រ និងពន្លឿន ដល់ការងារបោសសម្អាតមីននៅកម្ពុជា។

បើតាមឯកឧត្តម លី ធុជ ប្រតិបត្តិករទាំងអស់បានធ្វើការតាំងចិត្ត និងដាក់ផែនការពង្រាយកម្លាំងបោសសម្អាតមីន ដែលនៅសល់ ចំនួន ៦៧០ គីឡូម៉ែត្រក្រឡា ឲ្យបានទាន់ពេលវេលា និងសម្រេច តាមផែនការគ្រោងទុក ទាំងប្រើប្រាស់ទាំងធនធានមក ពីដៃ គូអភិវឌ្ឍន៍ និងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥។

ទាក់ទងនឹងការបោសសំអាតមីននេះដែរ នាព្រឹកថ្ងៃទី២៦ ខែធ្នូ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានធ្វើការស្នើ សុំជំនួយកងទ័ពពីរាជរដ្ឋាភិបាលចិន ដើម្បីជួយដល់កងទ័ពកម្ពុជា ក្នុងការបំផ្លាញចោលគ្រាប់មីនឲ្យអស់ត្រឹមឆ្នាំ២០២៥ខាងមុខនេះ។
សម្ដេចតេជោមានប្រសាសន៍ថា ៖ «ខ្ញុំកំពុងតែពន្លឿនជំរុញ នៃ ការដោះមីនដែលនៅសេសសល់។ ខ្ញុំសុំស្នើឱ្យកងទ័ពចិន ជួយ មកដល់កងទ័ពកម្ពុជា ដើម្បីបំផ្លាញចោលគ្រាប់មីន ធ្វើម៉េចឱ្យ អស់មីនក្នុងឆ្នាំ២០២៥ខាងមុខនេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់ សម្រាប់ប្រជាជនយើងផង និងដើម្បីផ្ដល់ដីដោយសុវត្ថិភាព សម្រាប់ ប្រជាជនរបស់យើងបង្កបង្កើនផល»។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកង យោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកធ្លាប់ បានលើកឡើងកាលពីពាក់កណ្តាលខែធ្នូកន្លងមកថា ការបោស សម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងរយៈពេល ៣០ ឆ្នាំកន្លង មកនេះ គឺសម្រេចបាននូវសមិទ្ធផលដ៏ធំធេងណាស់ ដោយបាន រំដោះផ្ទៃដីបានរាប់ពាន់គីឡូម៉ែត្រក្រឡា និងបំផ្លាញមីនជាង មួយលានគ្រាប់។

ឯកឧត្តមបានបន្តថា អ្វីៗទាំងនេះមិនមែនមានតម្លៃត្រឹមតែជា តួលេខ ប៉ុណ្ណោះទេ ប៉ុន្តែជាសកម្មភាពពិតជាក់ស្តែងដែលបាន ផ្តល់សុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ ក៏ដូចជាការរំដោះផ្ទៃដីឱ្យ ក្លាយទៅជាធនធានបម្រើឱ្យការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ៖ «យ៉ាងណាក៏ដោយ ទោះបីតួ លេខ នៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ មានការធ្លាក់ចុះយ៉ាង គំហុក ប៉ុន្តែចំនួនដ៏តិចតួចដែលនៅសេសសល់ ក៏នៅជាហានិភ័យ ដ៏គួរឱ្យព្រួយបារម្ភ និងអាចបង្កឱ្យមានសោកនាដកម្មបន្តទៅទៀត ប្រសិនបើយើងមិនយកចិត្តទុកដាក់ប្រុងប្រយ័ត្ន»។
ដូច្នេះ សម្រាប់ទិសដៅទៅមុខ គឺទាមទារឱ្យមានខិតខំរួមគ្នា បន្ត ដោះស្រាយជាជំហានៗ ដោយត្រូវចាប់ផ្តើមពីភូមិមួយ, ឃុំមួយ, ស្រុកមួយ និងខេត្តមួយ រហូតដល់អស់មីននៅទូទាំងប្រទេស ស្របតាមចក្ខុវិស័យឆ្នាំ២០២៥។ នេះបើតាមការបន្ថែមពីឯកឧត្តម ហ៊ុន ម៉ាណែត៕
ដោយ៖នាង សុគន្ធា

ads banner