ចិនបញ្ជូនយន្តហោះចម្បាំងរាប់សិបគ្រឿងឆ្លងច្រកសមុទ្រតៃវ៉ាន់
ចិន៖ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំងចំនួន ៤៧ គ្រឿង ឆ្លងកាត់ខ្សែបន្ទាត់ព្រំដែននៃច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃអាទិត្យក្នុងប្រតិបត្តិការចូលតំបន់ការពារដែនអាកាសតៃវ៉ាន់ដ៏ធំបំផុតមួយ ខណៈក្រុងប៉េកាំងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើប្រក្រតីកម្មនៃប្រតិបត្តិការយោធាជុំវិញកោះតៃវ៉ាន់។
យោងទៅតាមក្រសួងការពារជាតិតៃវ៉ាន់ យន្តហោះចិនដែល បានបើកចូលនោះរួមមាន៖ យន្តហោះចម្បាំងប្រភេទ J-10, J-11, J-16 និង Su-30 ចំនួន ៤២ គ្រឿង យន្តហោះល្បាតដែនសមុទ្រ Y-8 ចំនួន ២ គ្រឿង យន្តហោះសម្រាប់ការព្រមាន KJ-500 មួយ គ្រឿង និងពីរគ្រឿងទៀតគឺយន្តហោះគ្មានមនុស្សបើក (ដ្រូន) CH-4 និង WZ-7 ។
ក្រសួងការពារជាតិតៃវ៉ាន់ក៏បានបន្ថែមផងដែរថា យន្តហោះ ចម្បាំងចិនសរុបចំនួន ៧១ គ្រឿង បានហោះធ្វើប្រតិបត្តិការ នៅជុំវិញកោះ ហើយថាយោធារបស់ខ្លួន បានឆ្លើយតបវិញដោយ បញ្ចេញប្រតិបត្តិការយន្តហោះល្បាតតាមអាកាស នាវាកង ទ័ពជើងទឹក និងប្រព័ន្ធមីស៊ីលនៅលើដីរបស់ខ្លួន។
ចិនបានហៅសកម្មភាពយោធាចុងក្រោយរបស់ខ្លួន ថាជាផ្នែក មួយនៃ «សមយុទ្ធវាយប្រហារ» ដែលធ្វើឡើងបន្ទាប់ពីចិនធ្វើ សមយុទ្ធកងទ័ពជើងទឹកដោយក្រុមនាវាផ្ទុកយន្តហោះចិននៅប៉ាស៊ីហ្វិកខាងលិច ជិតប្រទេសជប៉ុនកាលពីថ្ងៃសុក្រ សប្ដាហ៍មុន។
បញ្ជាការកងទ័ពភាគខាងកើតចិនអះអាងកាលពីថ្ងៃអាទិត្យថា ខ្លួនបានធ្វើការល្បាតត្រៀមប្រយុទ្ធរួមគ្នា និង «សមយុទ្ធវាយ ប្រហារ» ជុំវិញកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងការបង្ក រឿងរបស់ តៃវ៉ាន់ និងសហរដ្ឋអាមេរិក ប៉ុន្តែមិនបានបញ្ជាក់ឱ្យលម្អិតនោះទេ។បញ្ជាការកងទ័ពដដែលបន្ថែមថា៖ «កងទ័ពនឹងចាត់វិធានការ ចាំបាច់ទាំងអស់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន»។
ឆ្លើយតបទៅនឹងសកម្មភាពយោធាចិន ក្រសួងការពារជាតិតៃវ៉ាន់ លើកឡើងក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅយប់ថ្ងៃអាទិត្យថា ខ្លួនមានទំនុកចិត្តក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។
ក្រសួងនិយាយថា៖ «សកម្មភាពរបស់បក្សកុម្មុយនីស្តចិន បាន គូសបញ្ជាក់ពីចិត្តគំនិតរបស់ខ្លួនក្នុងការប្រើប្រាស់កម្លាំងដើម្បីដោះស្រាយភាពខុសគ្នា ដែលបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់»។
មិនត្រឹមតែប៉ុណ្ណេះ ក្រសួងការពារជាតិតៃវ៉ាន់ដដែលបានគូស បញ្ជាក់ យ៉ាងដូច្នេះថា៖ «កិច្ចសហប្រតិបត្តិការរវាងតៃវ៉ាន់ និង សហរដ្ឋអាមេរិក នឹងជួយការពារតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី បើក ចំហ និងស្ថិរភាព។
យោធា(តៃវ៉ាន់)នឹងបន្តពង្រឹងការត្រៀមលក្ខណៈយោធា ដោយ ផ្អែកលើការគំរាមកំហែងរបស់សត្រូវ និងតម្រូវការការពារខ្លួន»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់ការពារជាតិថ្មីមួយ ដែលរួម បញ្ចូលទាំងការបង្កើតកម្មវិធីទំនើបកម្មយោធាសម្រាប់តៃវ៉ាន់ ដើម្បីទប់ស្កាត់ការឈ្លានពានរបស់ចិន។
ច្បាប់ថ្មីនេះ បង្កការខឹងសម្បារពីចិន ដោយក្រសួងការបរទេសចិន ថ្លែងនៅថ្ងៃសៅរ៍ថា ខ្លួនមិនពេញចិត្ត និងប្រឆាំងជាដាច់ខាតលើ កិច្ច សហប្រតិបត្តិការការពារជាតិរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ ហើយថា ច្បាប់ការពារជាតិថ្មីរបស់ទីក្រុងវ៉ាស៊ីនតោន «ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រក សមុទ្រ តៃវ៉ាន់»។
គួររំឭកថាចិនដែលគ្រប់គ្រងដោយគណបក្សកុម្មុយនីស្តចាត់ទុកតៃវ៉ាន់ថាជាផ្នែកមួយនៃដែនអធិបតេយ្យភាពរបស់ខ្លួន ហើយថាចិន នឹងប្រើកម្លាំងវាយយកកោះប្រជាធិបតេយ្យមួយនេះ ប្រសិនបើចាំ បាច់។ កាលពីដើមខែសីហា ប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី បានធ្វើដំណើរទស្សនកិច្ចទៅកាន់ក្រុងតៃប៉ិ ដែលបង្កភាពតានតឹងនៃវិបត្តិតៃវ៉ាន់កើនឡើងខ្លាំង នៅពេលចិន ធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន នៅជុំវិញកោះតៃវ៉ាន់ ដែលច្រានចោលការទាមទាររបស់ក្រុងប៉េកាំង។
តាំងពីពេលនោះមក ទីក្រុងប៉េកាំងបានបង្កើនយុទ្ធសាស្ត្រ ដាក់ សម្ពាធយោធាយ៉ាងខ្លាំងក្លាទៅលើក្រុងតៃប៉ិ ដោយ បញ្ជូន យន្តហោះចម្បាំងជាច្រើនគ្រឿងឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ ដែលជាខ្សែបន្ទាប់បំបែកដែនទឹករវាងចិន និង តៃវ៉ាន់ ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែន អាកាស របស់កោះ (ADIZ)៕
ដោយ៖ ហួន ឌីណា