លោកគីម ជុងអ៊ុន អះអាងពីភាពជោគជ័យរបស់កូរ៉េខាងជើង ហើយចង់ជម្នះនូវឧបសគ្គ
ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន អះអាង ពីភាពជោគជ័យផ្សេងៗ ហើយអំពាវនាវឱ្យមានការ ខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ដើម្បីជម្នះការលំបាក និង បញ្ហាប្រឈមរបស់ប្រទេស ក្នុងកិច្ចប្រជុំនយោបាយដ៏សំខាន់ មួយ ដែលរៀបចំឡើងបន្ទាប់ពីក្រុងព្យុងយ៉ាងធ្វើតេស្ត មីស៊ីល ជាច្រើនដងក្នុងឆ្នាំនេះ។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍នៅ ថ្ងៃអង្គារទី ២៧ ខែធ្នូ ថា កិច្ចប្រជុំពេញអង្គនៃគណបក្សពលករ ដែល កំពុងកាន់អំណាច បានកោះប្រជុំនៅទីក្រុងព្យុងយ៉ាង កាល ពីថ្ងៃចន្ទ ដើម្បីពិនិត្យមើលគម្រោងកន្លងមក និងពិភាក្សា អំពីផែនការការងារនៅឆ្នាំក្រោយ។
ក្នុងការអត្ថាធិប្បាយបើកកិច្ចប្រជុំនៅថ្ងៃចន្ទលោក គីម បាន ប្រៀបធៀបការលំបាក និងបញ្ហាប្រឈមចាប់តាំងពីកិច្ច ប្រជុំ គណបក្សនៅដើមឆ្នាំ២០២១ ទៅនឹង «ការតស៊ូ១០ឆ្នាំ នៃ បដិវត្តន៍»។ ប៉ុន្តែលោកបានអះអាងថា កូរ៉េខាងជើងសម្រេច បានភាពជោគជ័យមួយចំនួន «ក្នុងដំណើរដ៏លំបាក» ហើយថាអំណាចរបស់ប្រទេសបានកើនឡើងគួរឲ្យកត់សម្គាល់លើវិស័យនយោបាយ យោធា សេដ្ឋកិច្ច និងវប្បធម៌។
KCNA រាយការណ៍ថា៖ «លោក(គីម)សង្កត់ធ្ងន់លើតម្រូវការ ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រដើម្បីចាប់ផ្តើមការតស៊ូដ៏គួរឱ្យរំភើប និងមានទំនុកចិត្តបន្ថែមទៀត ដោយផ្អែកលើការពិត ដ៏មានតម្លៃដែលប្រទេសសម្រេចបាននូវភាពជឿនលឿនជាក់ស្តែង បន្ទាប់ពីការស៊ូទ្រាំនឹងការលំបាកទាំងអស់»។
KCNA បានបន្តថា លោក គីម បានពិនិត្យឡើងវិញនូវ សមិទ្ធផល «ដ៏អស្ចារ្យ» ដែលបានធ្វើនៅឆ្នាំនេះ ហើយ បានបញ្ជាក់ពីភារកិច្ច «យុទ្ធសាស្ត្រ និងតាកទិក» ដើម្បីសម្រេចបាននូវសង្គមនិយមបែបកូរ៉េខាងជើង។
ទោះយ៉ាងណា KCNA មិនបានបញ្ជាក់លម្អិតអំពីសមិទ្ធផល ដែលលោក គីម បានអះអាង ក៏ដូចជាភារកិច្ចដែលលោកបាន កំណត់ ឱ្យច្បាស់នោះទេ។
អ្នកសង្កេតការណ៍មួយចំនួនបាននិយាយថា លោក គីម ប្រហែលជាត្រូវការការលើកឡើងដែលពោពេញដោយការឃោសនា ដើម្បីទាក់ទាញការគាំទ្រជាសាធារណៈកាន់តែខ្លាំង ដើម្បី ជំរុញគម្រោងពិបាកៗក្នុងការពង្រឹងឃ្លាំងអាវុធរបស់លោក និង ដោះស្រាយវិបត្តិសេដ្ឋកិច្ច ខណៈប្រឈមមុខនឹងទណ្ឌកម្ម និងយុទ្ធនាការដាក់សម្ពាធដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បី ទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់លោក។
កិច្ចប្រជុំរបស់គណបក្សពលករ រំពឹងថានឹងមានរយៈពេលជា ច្រើន ថ្ងៃ ហើយលោក គីម ទំនងជានឹងលើកឡើងអំពីបញ្ហា ផ្សេងៗដូចជាការផលិតអាវុធ ទំនាក់ទំនងជាមួយសហរដ្ឋ អាមេរិក និងសេដ្ឋកិច្ច នៅក្នុងវគ្គបន្ទាប់ៗ។
នៅឆ្នាំ ២០២២ នេះ កូរ៉េខាងជើងបានបាញ់សាកល្បង មីស៊ីល ជាច្រើនក្នុងទំហំ និងល្បឿនមិនធ្លាប់មានពីមុនមក ខណៈ លោក គីម បានអះអាងថា លោកនឹងមិនត្រឡប់ទៅជួប ពិភាក្សា ជាមួយសហរដ្ឋអាមេរិកវិញទេ លុះត្រាតែមហាអំណាចមួយនេះ ដកគោលនយោបាយអរិភាពរបស់ខ្លួន ដោយលោកសំដៅលើ ទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិក និងការធ្វើសមយុទ្ធ យោធាផ្សេងៗទៀតជាមួយកូរ៉េខាងត្បូង៕
ដោយ៖ហួន ឌីណា
ប្រភព៖ Kim claims N. Korean successes, wants to overcome challenges