ក្រសួងកសិកម្ម ទទួលបានវ៉ាក់សាំងការពារជំងឺឆ្លងសត្វ ពីសាធារណៈរដ្ឋប្រជាមានិតចិន ចំនួន ១លានកម្រិត

ភ្នំពេញ៖ រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានថ្លែងអំណរគុណ ដល់មិត្តចិន ដែលតែងតែជួយគាំទ្រដល់ក្រសួងកសិកម្ម កម្ពុជា ក៏ដូចជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រហូតមក ។

នៅទីស្តីការ ក្រសួងកសិកម្ម កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ មានរៀបចំពិធីប្រគល់ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិត ដែលជាអំណោយរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ថ្លែងអំណរគុណដល់សាធារណៈរដ្ឋប្រជាមានិតចិនដែលបានផ្ដល់អំណោយជាវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិត ដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រងជំងឺឆ្លងសត្វនៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដែលតែងតែជួយគាំទ្រដល់ ក្រសួង ក៏ដូចជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រហូតមក។

គួររំឭកផងដែរថា នាពេលកន្លងមកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនលើវិស័យកសិកម្មសំខាន់ៗដូចជាដំណាំ ការចិញ្ចឹមសត្វ នេសាទ និងកៅស៊ូជាដើម ត្រូវបានអនុវត្តយ៉ាងពេញលេញ និងទទួលបានផ្លែផ្កា ជាក់ស្តែងនាពេលថ្មីៗនេះកម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិនបានជាង ២.៦០០តោន គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ហើយនាពេលខាងមុខ កម្ពុជានឹងនាំចេញ ពោត ម្រេច និងផលិតផលកសិកម្មផ្សេងៗទៀតទៅកាន់ទីផ្សារចិនផងដែរ។

សូមជម្រាបដែរថា វ៉ាក់សាំងសត្វ១លានកម្រិតដែលទទួលបានពីក្រសួងកសិម្ម និងកិច្ចការជនបទនៃប្រទេសចិន រួមមាន៖ វ៉ាក់សាំងជំងឺអុតក្តាម ៣ប្រភេទ សម្រាប់គោ ក្របី ចំនួន៥០ម៉ឺនកម្រិត និងវ៉ាក់សាំងជំងឺបូសខ្យល់គោក្របីសរុប៥០ម៉ឺនកម្រិត ហើយវ៉ាក់សាំងទាំងនេះនឹងជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វដែលបាន និងកំពុងកើតមាន ជាបន្ថែមទៅនឹងវ៉ាក់សាំងដែលកម្ពុជាមានស្រាប់ ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner