ចិន និងរុស្ស៊ីបញ្ចប់ការធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា
ប៉េកាំង៖ កងទ័ពជើងទឹកចិន និងរុស្ស៊ី ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ចប់សមយុទ្ធយោធាជើងទឹករួមគ្នារយៈពេល ៧ថ្ងៃនៅក្នុងសមុទ្រចិនខាងកើត។
សមយុទ្ធខាងលើនេះគឺជាលើកទី ១១ហើយ ចាប់តាំងពីឆ្នាំ ២០១២មក ដែលត្រូវបានធ្វើឡើងនៅក្នុងដែនទឹកភាគខាងកើតនៃតំបន់ដែលលាតសន្ធឹងពីដែនកោះ Zhoushan ទៅ Taizhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ សមយុទ្ធកងទ័ពជើងទឹកនេះដែរ ត្រូវបានធ្វើឡើងដោយអនុលោមតាមកាលវិភាគកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរវាងយោធាប្រទសទាំងពីរ។
ទោះបីជាមានស្ថានភាពភាពតានតឹងនៅក្នុងតំបន់ដែនសមុទ្រក៏ដោយ ក៏កងទ័ពជើងទឹកចិន-រុស្ស៊ីបានបញ្ចប់ប្រតិបត្តិការរួមគ្នា ដែលគ្របដណ្តប់លើវិធានការនានារួមមានការទប់ស្កាត់ និងការគ្រប់គ្រង ការជួយសង្គ្រោះ ការប្រឆាំងនាវាមុជទឹក និងការការពារដែនអាកាសជាដើម។
បើតាមលោកឧត្តមសេនីយ Wang Yu មេបញ្ជាការកងទ័ពជើងទឹកចិន សមយុទ្ធរួមគ្នានេះ បានបង្ហាញពីគំរូជោគជ័យមួយទៀត នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកចិន និងរុស្ស៊ី៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា


