សម្ដេចតេជោ ហ៊ុន សែន ជំរុញការចុះបញ្ជីក្បាលដីជូនពលរដ្ឋ ឱ្យបានរួចរាល់ត្រឹមឆ្នាំ២០២៣

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបញ្ជាទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណងឱ្យចុះបញ្ជីក្បាលដីជូនពលរដ្ឋឱ្យបានរួចរាល់ត្រឹមឆ្នាំ២០២៣។ការលើកឡើងរបស់សម្តេច តេជោនាយករដ្ឋមន្រ្តីធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែធ្នូក្នុង ពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើយោងទៅតាម តួលេខដែលបានចុះបញ្ជីគឺមានប្រមាណ៩០ភាគរយទៅហើយដែលបានធ្វើនាពេលកន្លងមក ប៉ុន្តែភាពីយឺតយ៉ាងគឺដោយសារតែ មន្រ្តីជំនាញហាក់ពន្យាពេលក្នុងចុះបញ្ចីទាំងជាប្រព័ន្ធ និងដាច់ដោយ ដុំដែលជាហេតុធ្វើឱ្យការងារនេះចុះបញ្ជីនេះហាក់មិនលឿន។សម្តេច តេជោបន្តថាសម្ដេចក៏ធ្លាប់ទទួលបានការស្នើសុំពីប្រជាពលរដ្ឋដែលបានឆាតមកបណ្តាញសង្គមផ្តាល់របស់លោក (Facebook) ដើម្បី ស្នើទៅកាន់លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយ កម្ម និងសំណង់ ជំរុញទៅដល់មន្រ្តីរបស់ខ្លួនតាមបណ្តាខេត្តនានា។

សម្ដេចតេជោបានមានប្រសាសន៍ ថា៖ «ខ្ញុំទទូចឱ្យធ្វើកិច្ចការងារនេះ ឱ្យបានសម្រេចដូចដែលបានគ្រោង នៅឆ្នាំ២០២៣។ ចំណុច សេសសល់របស់យើងនៅមិនច្រើនទេ វានៅតិចណាស់ ប៉ុន្ដែ កន្លែងខ្លះយើងហាក់ដូចពន្យានូវការធ្វើរឿងនេះ ទោះបីការចុះបញ្ជី ឬធ្វើប័ណ្ណកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធក្ដី ជាលក្ខណៈដាច់ដោយដុំក្ដី គឺហាក់ដូចជានៅទ្រឹង ឬធ្វើដែរ ប៉ុន្ដែធ្វើដោយមិនមានការជំរុញ មិនមានសន្ទុះ ដែលធ្វើឱ្យប្រជាជនរង់ចាំរឿងនេះ»។

សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាក៏បានណែនាំបន្ថែមដល់អភិបាលខេត្ត ត្រូវមើលកិច្ចការងារនេះឱ្យបានល្អ ដោះស្រាយបញ្ហាទាក់ទង ដីរដ្ឋ ដីសហគមន៍ ដីប្រជាពលរដ្ឋដែលមិនទាន់បានចុះបញ្ជី។

លោក ច្រឹក សុខនីម ប្រធានអ្នកវាយតម្លៃអចលនទ្រព្យ បានគូស បញ្ជាក់ថា ការចុះបញ្ជីក្បាលដីបានត្រឹមត្រូវ និងលឿនគឺជារឿងមួយ ដ៏ចាំបាច់ក្នុងការផ្តល់ភាពជាកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ។
លោកបានថ្លែងថា៖«ខ្ញុំគាំទ្រជាមួយការពន្លឿនក្នុងការចុះបញ្ជីក្បាលដីពីសំណាករាជរដ្ឋាភិបាល ទោះបីជានាពេលកន្លងមកយើង ធ្វើ បានល្អក៏ពិតមែន ប៉ុន្តែបើសិនជាការវាស់វែងនិងការចេញប្លង់ កម្មសិទ្ធិ ជូនពលរដ្ឋបានកាន់តែលឿននឹងកាន់តែប្រសើ»។

បើយោងតាមឯកឧត្តម ជា សុផារ៉ា បានថ្លែងក្នុងសន្និបាតនោះ គឺគិតពីចាប់ផ្តើមអនុវត្តដល់ខែវិច្ឆិកា ឆ្នាំ២០២២ ចេញបណ្ណកម្ម សិទ្ធិដីបានចំនួន៦,៧៣០,៧៥២បណ្ណ ស្មើនឹង៩៦,២ភាគរយ នៃចំនួនក្បាលដីប៉ាន់ស្មានដំបូង៧លានក្បាលដី។ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន ៦,១០៤,០៥២ បណ្ណ និងចែកបណ្ណបានចំនួន៥,៥៩០,៨០៨បណ្ណ (សម្បទានដី សង្គមកិច្ចចំនួន១៧,៩៩៣បណ្ណ) និងការចុះបញ្ជីដី មានលក្ខណៈ ដាច់ដោយដុំ សម្រេចបាន៦២៦,៧០០បណ្ណ៕
ដោយ៖យុទ្ធ វីរៈ

ads banner