កម្ពុជាមានបក្សីរនាលពណ៌ ប្រមាណជាង ២៥០០គូ ស្មើ ២០ភាគរយ នៃចំនួន រនាលពណ៌ អាស៊ីអាគ្នេយ៍ និង ស្មើ ១២ភាគរយនៅលើពិភពលោក
ភ្នំពេញ៖ កម្ពុជា បច្ចុប្បន្ន មាន បក្សី រនាលពណ៌ចំនួនសរុបប្រមាណជាង ២៥០០គូ ស្មើ ២០ភាគរយ នៃចំនួន រនាលពណ៌សរុប នៅតំបន់អាស៊ីអាគ្នេយ៍ និង ស្មើ ១២ភាគរយ នៃចំនួន សរុប លើពិភពលោក។ នេះជាការបញ្ជាក់ឱ្យដឹងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។
តាមរយៈការផ្សព្វផ្សាយក្នុង ទំព័រហ្វេសប៊ុកនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា៖ តំបន់បឹងទន្លេសាបជាទីតាំងសំបុកពងកូនដ៏ធំរបស់សត្វរនាលពណ៌ ហើយបងប្អូនអាចទស្សនាសត្វរនាលពណ៌ និងប្រភេទសត្វស្លាបជាច្រើនប្រភេទទៀតបាននៅតំបន់រ៉ាមសារព្រែកទាល់ដែលជាតំបន់បន្ទាយពងកូនរបស់សត្វស្លាបជាច្រើនប្រភេទនៅកម្ពុជា។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិកាមានប្រសាសន៍ថា៖” បក្សី រនាលពណ៌ ត្រូវបានការពារយ៉ាងតឹងរ៉ឹង ដោយមន្ត្រី ឧទ្យានុរក្ស ក្រសួង បរិស្ថាន ជាពិសេស កន្លែងបន្តពូជ ពងកូន នៅតំបន់ រ៉ាមសារ ព្រែកទាល់ ដែលជាតំបន់ការពារធម្មជាតិ ហើយក៏បានអនុវត្តកម្មវិធី ពិនិត្យ អង្កេត តាមដានពីបម្រែបម្រួល ចំនួនរបស់ ប្រភេទនេះ ផងដែរ”។
ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់ប្រាប់បន្ថែមថា៖រនាលពណ៌ មាន ឈ្មោះ ជា ភាសា អង់គ្លេស Painted Stork និង ឈ្មោះ វិទ្យាសាស្រ្ត Mycteria leucocephala ។ រនាលពណ៌ ជាប្រភេទ ជិតទទួលរងការ គំរាមកំហែង លើពិភពលោក ក្នុង បញ្ជីក្រហម របស់អង្គការ IUCN ហើយប្រភេទនេះ មានវត្តមាន នៅប្រទេស នេប៉ាល់ ឥណ្ឌា បងក្លាដេស ស្រីលង្កា ចិន មីយ៉ាន់ម៉ា ថៃ ឡាវ វៀតណាម និង កម្ពុជា យើង ។ វា មាន ប្រវែងខ្លួន ៩៣-១០២ ស.ម ខ្លួន ពណ៌ ស ស្លាប ទី១ និង ទី២ ពណ៌ ខ្មៅ ចុងខ្នង ពណ៌ ផ្កាឈូក វ័ណ្ឌខ្មៅ លើដើមទ្រូង ចំពុះធំវែង លឿងកោង ខុបចុះបន្តិច ។
ពេលបន្តពូជ៖ ស្បែក ក្បាល ឡើង ក្រហម ចំពុះពណ៌លឿង ។
ទីជម្រក៖ ភាគច្រើននៅតាមតំបន់ដីសើម ដូចជា តំបន់ព្រៃលិចទឹក ទំនាបលិចទឹក តំបន់វាលភក់ និង តំបន់ ឆ្នេរជាដើម ហើយមានបនា្ទយ ពងកូនតែមួយគត់ នៅកម្ពុជា គឺ នៅ តំបន់ រ៉ាមសារ ព្រែកទាល់ ដែលជាតំបន់ស្នូល នៃ ឋបនីយជីវមណ្ឌល បឹង ទន្លេសាប ហើយក៏ជាបន្ទាយ ពងកូន ធំជាងគេបំផុត នៅ អាស៊ី អាគ្នេយ៍ ។
ជីវសាស្ត្រ៖ វាចូលចិត្ត បន្តពូជ រស់នៅ និង រកចំណីជាហ្វូងៗ រួមគ្នា ។
របាយ៖ មានវត្តមាន ពេញមួយឆ្នាំ ។
រដូវបន្តពូជ៖ ចាប់ ពី ខែវិច្ជិកា ដល់ខែឧសភា ពង ចំនួន ពី ២-៥។ បន្ទាប់ ពី បន្តពូជ ពងកូន នៅតំបន់ បឹងទន្លេសាប ហើយផ្លាស់ទី ទៅកាន់តំបន់ ដីសើម ផ្សេងៗទៀត ក្នុងប្រទេស និង ប្រទេសជិតខាង ដើម្បីរកចំណី ។
កត្តាគំរាមកំហែងសំខាន់ៗ៖ ការ ប្រមាញ់ និង ប្រមូលពងកូន ពីកន្លែង បន្តពូជ ការបាត់បង់ ទីជម្រក និង ការ រំខាន ដោយ សកម្មភាព មនុស្ស៕ដោយ៖ ម៉ាដេប៉ូ



