ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ៖ ក្រសួងកសិកម្ម នឹងធ្វើការកំណត់នូវកម្រិតសន្ទស្សន៍ (indicator) ដែលត្រូវសម្រេចក្នុងឆ្នាំ២០២៣ខាងមុខនេះឱ្យបានជាក់លាក់ សម្រាប់ការរៀបចំប្រព័ន្ធស្នើសុំសេវាសាធារណៈរបស់ក្រសួងជាទម្រង់ឌីជីថល

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអញ្ជើញក្រុមការងារបច្ចេកទេសផ្នែកព័ត៌មានវិទ្យា ដឹកនាំដោយ ឯកឧត្តម គង់ មារី អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ក្នុងការរៀបចំថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់ការស្នើសុំចុះបញ្ជីអាជីវកម្ម អាជ្ញាបណ្ណ ឬលិខិតអនុញាតផ្សេងៗ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅក្រសួងកសិកម្ម ។

យោងតាមបទបង្ហាញ របស់ក្រុមការងារជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការរៀបចំប្រព័ន្ធគ្រប់គ្រង និងតាមដានការចរន្តឯកសាររបស់អង្គភាព ដើម្បីពិនិត្យមើលលទ្ធភាព និងទទួលបានធាតុចូលក្នុងការរៀបចំ រួមមាន ៖
១). ថ្នាលព័ត៌មានវិទ្យាសម្រាប់ប្រព័ន្ធស្នើសុំការចុះបញ្ជី ឬអាជ្ញាបណ្ណ លើសេវាសាធារណៈផ្សេងៗរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
២). ប្រព័ន្ធគ្រប់គ្រង និងតាមដានការចរន្តឯកសាររបស់អង្គភាពដែលអាចជួយសម្រួល ពន្លឿន និងបង្កើនប្រសិទ្ធភាពក្នុងការចរន្តឯកសារផ្សេងៗសម្រាប់ក្រសួង និងស្ថាប័នក្រោមឱវាទ និង
៣). ថ្នាលព័ត៌មានវិទ្យាដែលមានលក្ខណៈសមញ្ញ និងងាយស្រួលប្រើសម្រាប់កសិករប្រើប្រាស់ក្នុងផ្សព្វផ្សាយ និងលក់ផលិតផលរបស់ខ្លួន។

ដើម្បីចូលរួមក្នុងការអនុវត្តយុទ្ធសាស្ត្ររដ្ឋាភិបាលឌីជីថល (Digital Government) និងឆ្លើយតបទៅនឹងការវិវឌ្ឍនៃឧស្សាហកម្ម៤.០ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់ថា ក្រសួងកសិកម្ម នឹងធ្វើការកំណត់នូវកម្រិតសន្ទស្សន៍ (indicator) ដែលត្រូវសម្រេចក្នុងឆ្នាំ២០២៣ខាងមុខនេះឱ្យបានជាក់លាក់ សម្រាប់ការរៀបចំប្រព័ន្ធស្នើសុំសេវាសាធារណៈរបស់ក្រសួងជាទម្រង់ឌីជីថល ដើម្បីសម្រួលដល់សាធារណៈជនក្នុងការស្នើសុំ ដោយកាត់បន្ថយពេលវេលា ពន្លឿននិតិវិធី និងភាពស្មុគស្មាញ និងសម្រាប់ប្រព័ន្ធគ្រប់គ្រង និងតាមដានចរន្តឯកសារមួយចំនួនរបស់ក្រសួងដោយរៀបចំជាប្រព័ន្ធមួយដែលងាយស្រួលក្នុងការប្រើប្រាស់ ធានាបាននូវប្រសិទ្ធភាព កាត់បន្ថយពេលវេលា ថវិកា និងការប្រើប្រាស់ក្រដាស់ដែលជាការរួមចំណែកក្នុងការការពារបរិស្ថានផងដែរ ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner