វៀតណាមផ្អាកដំណើរការហាងខារ៉ាអូខេ និងរង្គសាលជាងមួយពាន់នៅហាណូយ ពីព្រោះបញ្ហាសុវត្ថិភាពអគ្គិភ័យ

ហាណូយ៖សារព័ត៌មានវៀតណាមបានផ្សាយថា រដ្ឋបាលនៃ រដ្ឋធានីហាណូយបានផ្អាកហាងខារ៉ាអូខេ និងរង្គសាលជាង១ ១០០ ក្នុងរយៈពេលពីរខែកន្លងមកនេះ ដោយសារតែហាង ទាំងនោះមិនមានបទដ្ឋានសុវត្ថិភាពអគ្គិភ័យ។

នៅក្នុងសន្និសីទនាសប្ដាហ៍នេះ ស្តីពីសុវត្ថិភាពអគ្គិភ័យដែល រៀប ចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Pham Trung Hieu ប្រធានការិយាល័យពន្លត់ អគ្គិភ័យ និងជួយសង្គ្រោះនៃនាយកដ្ឋានប៉ូលីសក្រុងហាណូយ បាននិយាយថា ទីក្រុងនេះមានហាងខារ៉ាអូខេ បារ និងក្លឹប រាំជាង១ ៥០០ នៅក្នុងទីក្រុងកុង អាន(Cong An) ។

លោកបន្តថា បន្ទាប់ពីអាជ្ញាធរបើការត្រួតពិនិត្យរួចមក អាជ្ញាធរ សម្រេចផ្អាកដំណើរការហាងប្រមាណជាង១ ១០០ ក្នុងចំណោ ម អាជីវកម្មទាំងអស់ ព្រោះតែហាងទាំងនោះប្រឈមនឹងគ្រោះ ថ្នាក់ដោយសារអគ្គិភ័យ។

នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជីញ( Pham Minh Chinh )កាលពីខែកញ្ញា បានស្នើឱ្យក្រសួងសន្តិសុខ សាធារណៈ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ធ្វើការត្រួត ពិនិត្យសុវត្ថិភាពអគ្គិភ័យ ដោយផ្តោតលើហាងខារ៉ាអូខេ សហគ្រាសដែលមានមនុស្សច្រើន និងអគារផ្ទះល្វែង។

សំណើនេះបានធ្វើឡើងបន្ទាប់ពីមានអគ្គិភ័យឆាបឆេះហាងខារ៉ាអូខេមួយកន្លែងក្នុងក្រុង Thuan An នៃខេត្ត Binh Duong បានសម្លាប់មនុស្ស៣២ នាក់កាលពីថ្ងៃទី៦ ខែកញ្ញា។ កាលពីខែតុលា អ្នកពន្លត់អគ្គិភ័យវៀតណាម បីនាក់បាន ស្លាប់បន្ទាប់ពីព្យាយាមពន្លត់ភ្លើងនៅហាងខារ៉ាអូខេមួយកន្លែងក្នុងស្រុក Cau Giay ទីក្រុងហាណូយ។ កាលពីឆ្នាំ ២០១៦ ភ្លើងឆេះខារ៉ាអូខេមួយទៀតនៅ Cau Giay បានសម្លាប់មនុស្ស ១៣នាក់។

ទិន្នន័យផ្លូវការវៀតណាមបានបង្ហាញថា ចន្លោះឆ្នាំ ២០១៧ ដល់២០២១វៀតណាមមានអគ្គិភ័យជាង ១៧ ០០០ករណី ដោយបានសម្លាប់មនុស្ស ៤៣៣នាក់ និងរបួស ៧៩០នាក់ ផ្សេងទៀត។អ្នកជំនាញប៉ាន់ស្មានថា អគ្គិភ័យប្រាំឆ្នាំ ចុងក្រោយ នាំឱ្យមានការខាតបង់លើសពី ប្រាំពីពាន់ពាន់លានដុង (២៩៧លានដុល្លារ)៕ ដោយ៖ វណ្ណ ស័ក្ដិ

ads banner