មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល៖ ជប៉ុននឹងចាត់ទុកគោលនយោបាយ ដំឡើងប្រាក់ឈ្នួលជាអាទិភាព

តូក្យូ៖ អនុប្រធានខុទ្ទកាល័យលោក សៃជី គីហារ៉ា(Seiji Kihara) បានលើកឡើងថា រដ្ឋាភិបាលជប៉ុននឹងចាត់ចូលការ ដំឡើងប្រាក់ឈ្នួលជាអាទិភាពទីមួយនៅក្នុងគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំក្រោយនេះ។ នេះជាការលើកឡើង របស់លោកនៅក្នុងកម្មវិធីទូរទស្សន៍មួយកាលពីថ្ងៃពុធ។

លោកបានថ្លែងថា «បញ្ហាប្រឈមដ៏ធំបំផុតសម្រាប់សេដ្ឋកិច្ច របស់ប្រទេសជប៉ុនគឺកង្វះការផ្ដោតសំខាន់ទៅលើគោលនយោបាយកំណើនប្រាក់ឈ្នួល។ បើប្រាក់ឈ្នួលមិនមានការកើន ឡើងទេ នោះការចំណាយទៅលើទំនិញប្រើប្រាស់ក៏ នឹងមិន កើន ឡើងដូចគ្នា ហើយបណ្ដាក្រុមហ៊ុនក៏នឹងមិនបង្កើនការ វិនិយោគនោះដែរ»។

អនុប្រធានខុទ្ទកាល័យរូបនេះក៏បានបញ្ជាក់ផងដែរថា ខណៈ បណ្ដាក្រុមហ៊ុនត្រូវទទួលខុសត្រូវក្នុងការសម្រេចចិត្តថាតើពួកគេនឹងដំឡើងប្រាក់ខែដល់បុគ្គលិកកម្រិតណា នោះរដ្ឋាភិបាល ក៏អាចជួយបន្ថែមពីលើទៀត តាមរយៈការលើកទឹកចិត្តផ្នែក ពន្ធផ្សេងៗ។ លោកបានបន្តថា រដ្ឋាភិបាលក៏អាចជំរុញឱ្យ ក្រុមហ៊ុនទាំងអស់ធ្វើការបង្ហាញព័ត៌មានបន្ថែមទៀត អំពី ចំនួនទឹកប្រាក់ដែលពួកគេត្រូវចំណាយលើធនធានមនុស្សនៅក្នុងក្រុមហ៊ុន។

លោក ហារ៉ូហ៊ីគូ គូរ៉ូដា(Haruhiko Kuroda) ទេសាភិបាល ធនាគារ កណ្តាលជប៉ុន បានសង្កត់ធ្ងន់ថា ការសម្រេចបាន នូវការដំឡើងប្រាក់ឈ្នួលខ្ពស់ នឹងមានសារៈសំខាន់សម្រាប់ សេដ្ឋកិច្ចជប៉ុន ដើម្បីសម្រេចបាននូវគោលដៅអតិផរណាចំនួន ២ ភាគរយរបស់ខ្លួនប្រកបដោយនិរន្តរភាព ដែលគោលដៅនេះ ត្រូវការចាំបាច់ខ្លាំងនូវការកើនឡើងនៃតម្រូវការក្នុងស្រុក។

លោក Kihara ក៏បានរំលេចផងដែរថា «រដ្ឋាភិបាលនឹងបង្កើន ការយកចិត្តទុកដាក់របស់ខ្លួន លើការសម្រេចបាននូវកំណើន ប្រាក់ឈ្នួលរបស់និយោជិត។ វាពិតជាមានសារៈសំខាន់ ខ្លាំង ណាស់ ព្រោះតម្លៃទំនិញនៅក្នុងទីផ្សារកំពុងកើនឡើង ខ្លាំង ផងដែរ»។

គួរដឹងផងដែរថា រដ្ឋបាលរបស់នាយករដ្ឋមន្ត្រី លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បានសង្កេតឃើញថា ចំនួននៃការ គាំទ្រនាយករដ្ឋមន្ត្រីជប៉ុនមានការធ្លាក់ចុះ ដោយសារតែ ពលរដ្ឋមាន ការមិនពេញចិត្តនិងព្រួយបារម្ភអំពីការកើន ឡើង តម្លៃទំនិញចាំបាច់ក្នុងតម្រូវការរស់នៅប្រចាំថ្ងៃ។ បញ្ហានេះក៏អាចមកពីតម្លៃនៃប្រាក់យ៉េន ជប៉ុនបានធ្លាក់ ចុះ យ៉ាងខ្លាំងនាពេលថ្មីៗនេះ និងបានជំរុញឱ្យតម្លៃនៃការនាំចូល វត្ថុធាតុដើមមានតម្លៃកើនឡើងខ្លាំង។

បើតាមប្រភពមួយចំនួនបានប្រាប់សារព័ត៌មានរ៉យទ័រ ឱ្យដឹងថា ការព្រួយបារម្ភរបស់រដ្ឋាភិបាលលើផលប៉ះពាល់ នៃការធ្លាក់ ចុះតម្លៃប្រាក់យ៉េនដោយសារតែគោលនយោបាយសេដ្ឋកិច្ចរបស់ធនាគារជប៉ុន គឺគ្រាន់តែជាបញ្ហាមួយផ្នែកប៉ុណ្ណោះ។ បញ្ហាដែលសំខាន់មួយទៀតនោះគឺ ការសម្រេចចិត្តដ៏គួរឱ្យ ភ្ញាក់ផ្អើលរបស់ធនាគារជប៉ុននៅដើមខែនេះ ក្នុងការកែប្រែ វិធាន ការគ្រប់គ្រងទិន្នផលសញ្ញាណ ប័ណ្ណរបស់ខ្លួន និង អនុញ្ញាតឱ្យអត្រាការប្រាក់រយៈពេលវែងកើនឡើងបន្ថែមទៀត។

គួរកត់សម្គាល់ផងដែរថា អស់រយៈពេលបួនទសវត្សរ៍មកនេះ អតិផរណានៅប្រទេសជប៉ុនបានឡើង ៣,៧ ភាគរយគិត ត្រឹមខែវិច្ឆិកា ដែលតួលេខនេះលើសពីគោលដៅរបស់ ធនាគារ ជប៉ុន។ ដូច្នេះវាបានប៉ះពាល់ដល់គ្រួសារដែលមិនទាន់ ទទួល បានការដំឡើងប្រាក់ឈ្នួលគ្រប់គ្រាន់ ដើម្បីឱ្យសមស្របទៅនឹង ការកើនឡើងនៃតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃ៕
ដោយ៖ធា សុខណា

ads banner