សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នកលេងបណ្តាញសង្គម ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យអ្នកលេងបណ្តាញសង្គម ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានប្រាប់ឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន រៀបរាប់ពីប្រវត្តិសាងសង់អគារសន្តិភាព ព្រមទាំងដំណើរការដឹកនាំកិច្ច ប្រជុំកំពូលអាស៊ាន និងអាស៊ីបូព៌ា នៅវិមានសន្តិភាពនេះកាលពីឆ្នាំ២០១២ ដែលកម្ពុជា ជាប្រធានអាស៊ាន។

ក្រៅតែរំលឹកពីប្រវត្តិវិមានសន្តិភាពហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចពីភាពលេចធ្លោនៃការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ ផងដែរ។

ភាពលេចធ្លោដែលសម្តេចតេជោ បានលើកឡើងរួមមាន៖ ១-ការរក្សាបានសុខសន្តិភាព និងស្ថេរភាពនយោបាយ, ២-ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ បានល្អប្រកបដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា, ៣-ការគ្រប់គ្រងជំងឺកូវីដ១៩ បានយ៉ាងល្អតាមរយៈវិធានសុខាភិបាល និងការចាក់ស្រោចវ៉ាក់សាំង តាមរយៈយុទ្ធសាស្ត្រផ្ការីក និងប្រភពផ្គត់ផ្គង់វ៉ាក់សាំង, ៤-ការគ្រប់គ្រងសេដ្ឋកិច្ច បានល្អប្រសើរជម្នះនឹងវិបត្តិកូវីដ១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន, ៥-ការអនុវត្តន៍នយោបាយការបរទេសឈរលើភាពឯករាជ្យ ផ្អែកលើច្បាប់អន្តរជាតិ និង៦-ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២នេះ ប្រកបដោយភាពជោគជ័យ។

បន្ទាប់ពីជំនួបសម្តែងការគួរសមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំអាហារសាមគ្គីជាមួយក្រុមអ្នកលេងបណ្តាញសង្គមទាំង២៦រូបផងដែរ។

សូមបញ្ជាក់ថា អ្នកលេងបណ្តាញសង្គមការពាររាជរដ្ឋាភិបាល និងបង្ហាញព្រឹត្តិការណ៍ពិតនៅក្នុងប្រទេសកម្ពុជា ដែលសម្តេចតេជោអនុញ្ញាតជួបសម្តែងការគួរសមនេះ មានចំនួន ២៦នាក់ មានទាំងអ្នករស់នៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ។ ជំនួបត្រូវបានធ្វើឡើងនៅវិមានសន្តិភាព ដែលជាការបង្ហាញឱ្យឃើញនូវការទទួលបដិសណ្ឋារកិច្ចកម្រិតខ្ពស់មួយ។ ក្រុមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដែលសម្តេចតេជោ បានអនុញ្ញាតឱ្យជួបសម្តែងការគួរសមនៅថ្ងៃនេះ គឺជាអ្នកដែលធ្វើសកម្មភាពឆ្លើយតបជាសំខាន់ទៅនឹងអ្នកលេងបណ្តាញសង្គមគាំទ្របក្សប្រឆាំង ហើយប្រឆាំងនឹងរាជរដ្ឋាភិបាល។ ពួកគេតែងតែឆ្លើយតប និងវាយបកទៅក្រុមប្រឆាំងទាំងនោះ ដើម្បីការពាររាជរដ្ឋាភិបាល ព្រមទាំងលើកបង្ហាញនូវតថភាព និងព្រឹត្តិការណ៍មួយចំនួននៅក្នុងសង្គមកម្ពុជា៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner