អាជ្ញាធរខេត្ត៖ កំពង់ស្ពឺតែជាតំបន់ដែលប្រឈម នឹងជំងឺ គ្រុនចាញ់

អត្ថបទដោយ៖
CPA

កំពង់ស្ពឺ៖ខេត្តកំពង់ស្ពឺនៅតែប្រឈមនឹងជំងឺគ្រុនចាញ់ ព្រោះ ប្រជាពលរដ្ឋមិនអនុវត្តតាមការណែនាំ។នេះបើតាមការបញ្ជាក់ របស់អាជ្ញាធរខេត្តកំពង់ស្ពឺដែលឡើងក្នុងកម្មវិធីថ្នាក់ខេត្តមួយកាលពីថ្ងៃទី២៧ខែធ្នូ។

អ្នកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តកំពង់ស្ពឺ បាននិយាយ ថា កន្លងមកកិច្ចសហការពីមន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងអ្នកស្ម័គ្រចិត្ត បានធ្វើឲ្យជំងឺគ្រុនចាញ់នៃខេត្តនេះលុប បំបាត់ស្ទើរតែក្បែរសូន្យប៉ុន្តែទំនងជាពិបាកបំបាត់ជំងឺនេះឱ្យអស់១០០ភាគរយបានណាស់។
អ្នកស្រីបន្ថែមថា៖« ការដែលមិនអាចលុបបំបាត់ជំងឺគ្រុនចាញ់ ក្បែរសូន្យទាំងស្រុងនេះ គឺដោយសារតែប្រជាពលរដ្ឋ បាន បោះបង់ការព្យាបាល និងមួយទៀតអ្នកដែលធ្លាប់បានកើត ជំងឺ គ្រុនចាញ់ហើយច្រើនតែមានអាការៈរើឡើងវិញ ពីព្រោះអ្នកធ្លាប់ កើតជំងឺទាំងនោះ គឺមិនបានធ្វើតាមការណែនាំរបស់ក្រុម គ្រូពេទ្យ ដោយប្រើប្រាស់ថ្នាំព្យាបាលមិនទៀងទាត់»។

អ្នកស្រីបន្តថា ៖ «ដោយសារប្រជាពលរដ្ឋជីវភាពរបស់ពួកគាត់ ចេញចូលប្រកបរបររកអនុផលព្រៃឈើក្នុងព្រៃរហូត ពីព្រោះវដ្ត នៃជីវិតសត្វមូសនៅពេលមានទឹកភ្លៀង គឺចាប់ផ្ដើមកកើត ទៀត»។

ទោះបីជាយ៉ាងនេះក្តីអ្នកស្រីបញ្ជាក់ថា មានជំនួយជាច្រើន បានគាំទ្រ ក្នុងការដោះស្រាយបញ្ហានេះ ដូច្នេះប្រជាពលរដ្ឋ នឹងទទួលបានការបង្កើនព្យាបាលផ្តាច់ឱ្យបាន ១០០ភាគរយ ពីមន្ត្រីសុខាភិបាល(មណ្ឌលសុខភាព) អ្នកស្ម័គ្រចិត្ត និង អាជ្ញាធរ មូលដ្ឋាន ក្នុងការជំរុញឲ្យមានការចូលរួមរបស់ ប្រជាជន ប្រឈមនឹងជំងឺគ្រុនចាញ់ ជាពិសេសអ្នកដែលចូលព្រៃ ប្រកប របររកអនុផលព្រៃឈើ និងអ្នកត្រូវទទួលការព្យាបាល ផ្តាច់។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ គឺលោក ហុក គ្រី បានថ្លែងថា ក្នុងខេត្តកំពង់ស្ពឺ នៅតែប្រឈមនឹងបញ្ហាជំងឺ គ្រុនចាញ់ ដោយពិបាកក្នុងការលុបបំបាត់ឱ្យ អស់ ១០០ ភាគរយ ខណៈដែលប្រជាពលរដ្ឋចូលព្រៃប្រកបរបរ រកអនុផល ព្រៃឈើមិនអនុវត្តវិធានការណែនាំរបស់ពេទ្យឱ្យបានត្រឹមត្រូវ និងមិនទទួលការព្យាបាលផ្តាច់។
លោក ហុក គ្រី បានថា៖ «បច្ចុប្បន្នប្រជាពលរដ្ឋនៅតាមភូមិនៃ ស្រុកឆ្ងាយៗនៅតែប្រើទម្លាប់ចូលព្រៃដើម្បីរកអនុផលព្រៃឈើមកលក់ដោះដូរជីវភាព។ ការចូលព្រៃរបស់ពួកគាត់ត្រូវស្នាក់នៅ ក្នុងរយៈពេលវែងនៅក្នុងព្រៃនោះ ពួកគាត់មិនសូវបានអនុវត្ត តាមការណែនាំរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តភូមិនោះទេ ដោយ ដេកមិនមានមុងសុវត្ថិភាព ឬក៏ប្រើថ្នាំការពារមុនចូលព្រៃ ប្រការ នេះធ្វើឲ្យពួកគាត់ងាយប្រឈមនឹងកើតជំងឺគ្រុនចាញ់»។
លោកបន្តថា មិនតែប៉ុណ្ណោះ ក្រោយការព្យាបាលក៏មិនព្យាយាម ព្យាបាលឱ្យដាច់ដែរ ដែលងាយធ្វើឱ្យជំងឺលាប់ឡើងវិញ ប្រឈម នឹងគ្រោះថ្នាក់ដល់អាយុជីវិត។

លោកថា៖«មានករណីគ្រុនចាញ់មួយប្រភេទគឺ ជំងឺគ្រុនចាញ់ ប្រភេទម៉ាឡាយ៉េ ដែលស្ថិតនៅតំបន់ព្រំប្រទល់ជាមួយ ខេត្ត ពោធិ៍សាត់(ភូមិត្រពាំងក្រើន ស្រុកថ្ពង) គឺមិនអាចប្រើប្រាស់ តេស្ត រហ័សដើម្បីធ្វើរកវិនិច្ឆ័យបានទេ ដែលទាមទារឱ្យ អ្នកជំងឺត្រូវប្រើពេលដើម្បីរកវិនិច្ឆ័យឲ្យឃើញ និងព្យាបាល»។

របាយការណ៍ពីមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺឱ្យដឹងថា ក្នុងឆ្នាំ២០២២ ខេត្តកំពង់ស្ពឺមានករណីគ្រុនចាញ់ចំនួន ៨០៨ករណីក្នុងនោះករណីញគ្រុនចាញ់ប្រភេទម៉ាឡាយ៉េ មានចំនួនបួនករណី ដែលករណីគ្រុនចាញ់នេះមិនធ្លាប់ត្រូវ បានរកឃើញនៅក្នុងខេត្តកំពង់ស្ពឺកន្លងមកទេ។

មណ្ឌលសុខភាពចំនួនប្រាំមួយដែលមានករណីគ្រុនចាញ់ ច្រើន បំផុតគឺ មណ្ឌលសុខភាពឱរ៉ាល់ មណ្ឌលសុខភាព ត្រពាំងជោរ មណ្ឌលសុខភាពចំបក់ មណ្ឌលសុខភាពតាំង សំរោង មណ្ឌលសុខភាពអមលាំង និងមណ្ឌលសុខភាព មនោរុងរឿង៕ ដោយ៖ ជា សុខនី

ads banner