ការចេះអប់រំខ្លួនឯង យល់ដឹងពីតម្លៃពិត នៃទំនៀមទំលាប់ វប្បធម៌ សីលធម៌ និងសុជីវធម៌ គឺជារឿងចាំបាច់សម្រាប់ យុវជនខ្មែរ

អត្ថបទដោយ៖
CPA

កណ្តាល៖ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្ដាល លោកស្រី ជុំ ស៊ីណាត បានលើកឡើងថា ប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវវ័យទាំងអស់ ត្រូវចេះអប់រំខ្លួនឯង យល់ដឹងពីតម្លៃពិត នៃទំនៀមទំលាប់ វប្បធម៌ សីលធម៌ និងសុជីវធម៌ ដើម្បីចៀស វាងការប្រព្រឹត្តសកម្មភាពពុំគប្បី ប្រាស់ចាកពីសីលធម៌ ដែលនាំឲ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់របស់ខ្លួន។

លោកស្រីបានថ្លែងដូចនេះក្នុងវេទិកាផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋស្តីពីការ «លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និង គ្រួសារខ្មែរ» កាលពីថ្ងៃទី២៧ខែធ្នូ នាមន្ទីរកិច្ចការនារី ខេត្តកណ្ដាល ដែលវេទិកាផ្សព្វផ្សាយមានការចូលរួមពី មន្រ្តីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និង ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

វេទិកាផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងសំដៅ បំផុសស្មារតី ឱ្យប្រជាពលរដ្ឋ សិស្សានុសិស្សចេះអប់រំខ្លួនឯង យល់ដឹងកាន់តែច្បាស់ពីតម្លៃពិត នៃទំនៀមទំលាប់ វប្បធម៌ ប្រពៃណី សីលធម៌ សុជីវធម៌ ដ៏ល្អ ផូរផង់របស់ខ្មែរ ហើយក៏ មិនចង់ឃើញយុវវ័យមួយចំនួន ប្រព្រឹត្តសកម្មភាពពុំគប្បី ប្រាស់ចាកពីសីលធម៌ ដែលនាំឲ្យមានផលប៉ះពាល់ជា អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ប្រពៃណី និងទំនៀម ទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរឡើយ។

លោកស្រី ជុំ ស៊ីណាត មានប្រសាសន៍ថា ៖«វេទិកាផ្សព្វផ្សាយ នៅពេលនេះ គឺដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប ជា ពិសេសយុវវ័យ គួរពិចារណានូវអ្វីដែលគួរតែធ្វើសម្រាប់ខ្លួនឯង ក្រុមគ្រួសារ តាមរយៈការផ្ដល់តម្លៃឱ្យគ្នាទៅវិញ ទៅមក ចែក រំលែក ក្តីស្រឡាញ់ ដឹងគុណ សេចក្តីថ្លៃថ្នូរ និងទំនួលខុសត្រូវ ខ្ពស់ ស័ក្តសមជាកុលបុត្រកុលធីតាខ្មែរជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំ សម្រាប់អភិវឌ្ឍន៍ជាតិ»។

នាឱកាសនោះដែរ អភិបាលរងស្រុកកៀនស្វាយ លោកស្រី ហង្ស ចន្ថា បានថ្លែងដែរថា អំពើហិង្សាក្នុងគ្រួសារ ដែលបាន កើតឡើងនៅស្រុកកៀនស្វាយ ភាគច្រើនបណ្ដាលមកពីកត្តា ក្រីក្រ ខ្វះការយល់ដឹងអំពីច្បាប់ ខ្វះការយោគយល់ និងអធ្យា ស្រ័យឱ្យគ្នាទៅវិញទៅមក ការប្រើប្រាស់គ្រឿងញៀន និងគ្រឿង ស្រវឹងជាដើម ។កត្តានេះហើយបានធ្វើឱ្យមានអំពើហិង្សា កើត ឡើងនៅក្នុងគ្រួសារ។

លោកស្រីមានប្រសាសន៍ថា ៖ «បន្ទាប់ពីវេទិកាផ្សព្វផ្សាយ នេះហើយ ខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនៅ ក្នុងស្រុក កៀនស្វាយ ធ្វើការផ្សព្វផ្សាយជូនដល់សមាជិកគ្រួសារ និងមានការយោគយល់ និងអធ្យាស្រ័យឱ្យគ្នាឱ្យបានច្រើន ដើម្បីឈានដល់ការលុបបំបាត់នូវអំពើហិង្សាក្នុងគ្រួសារឱ្យបានទូទាំងស្រុកកៀនស្វាយ»។

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរលោកជំទាវ អ៊ឹង កន្ថាផាវី ធ្លាប់បានលើកឡើងថា ការងារសីលធម៌សង្គម ជាការងារដែលពាក់ព័ន្ធ ដល់ការផ្លាស់ប្តូរអាកប្បកិរិយា ក៏ដូចជា ផ្នត់គំនិត របស់ប្រជាពលរដ្ឋ ហើយការលើកកម្ពស់ សីលធម៌ សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ គឺជាការងារអប់រំសង្គម ដែល មានភាពលំបាក ស្មុគស្មាញ ហើយការងារនេះ មិនអាចអនុវត្ត ដោយក្រសួង ឬស្ថាប័នណាមួយ ដោយឡែកបានទេ៕ ដោយ៖ នាង សុគន្ធា

ads banner