ថៃដាក់ពង្រាយប៉ូលីសប្រាំម៉ឺននាក់ដើម្បីរក្សាសន្តិសុខក្នុងពិធីចូលឆ្នាំសកល

ថៃ៖អាជ្ញាធរថៃប្រកាសថា ក្រុមប៉ូលីសនឹងបង្កើនការត្រួតពិនិត្យ ទ្រង់ទ្រាយធំដើម្បីរក្សាសន្តិសុខសុវត្ថិភាពសាធារណៈ ព្រមទាំង បង្ការហានិភ័យផ្សេងៗ។
សារព័ត៌មានថៃបានស្រង់សម្ដីឧត្តមសេនីយ៍ឯក Damrongsak Kittipraphat អគ្គស្នងការនគរបាលជាតិ ដែលបាននិយាយនៅថ្ងៃពុធនេះថា ដើម្បីធានាសុវត្ថិភាព សាធារណៈ ប៉ូលិសប្រហែល៥០ ០០០នាក់នឹងត្រូវដាក់ ពង្រាយនៅប៉ុស្តិ៍ត្រួតពិនិត្យនិងនៅកន្លែងប្រារព្ធពិធីសាធារណៈនៅទូទាំងប្រទេសថៃចន្លោះពីថ្ងៃទី ២៩ខែធ្នូ ដល់ថ្ងៃទី៤ ខែមករា ។

លោកបន្តថា ក្នុងអំឡុងពេលនេះ រថយន្តដឹកទំនិញ នឹង ត្រូវហាមប្រាមមិនឱ្យធ្វើដំណើរលើផ្លូវជាតិ ទាំងក្នុង និងក្រៅទីប្រជុំជន លើកលែងតែមានការអនុញ្ញាតជាមុន និងប្រើប្រាស់គន្លងពិសេស ឬផ្លូវដែលទុកសម្រាប់ រថយន្ត ដឹកទំនិញ។

ឧត្តមសេនីយ៍ឯក Damrongsak Kittipraphat ៖«ប៉ូលីស ក៏នឹងបំពេញភារកិច្ចផ្សេងទៀត ដូចជាការទប់ស្កាត់ និងបង្រ្កាប សកម្មភាពខុសច្បាប់ និងធានាឱ្យមានការគោរពច្បាប់ និង សណ្តាប់ធ្នាប់នៅកន្លែងកើតហេតុនៃការប្រារព្ធពិធីសាធារណៈ ដូចជាព្រឹត្តិការណ៍រាប់ថយក្រោយឆ្នាំថ្មីជាដើម»។

នាយប៉ូលិសបាននិយាយថា៖« បទបញ្ជាដែលដាក់ចេញ ទៅ ប៉ូលីសត្រូវធ្វើឱ្យប្រាកដថាមិនមានការឈ្លោះប្រកែកគ្នានៅក្នុងព្រឹត្តិការណ៍ណាមួយនោះទេ ហើយក៏មិនអនុញ្ញាតឱ្យមាន អាវុធ ចូលទៅក្នុងកន្លែងប្រារព្ធពិធីដែរ» ។

យោងតាមការប៉ាន់ប្រមាណរបស់ប៉ូលីសបានឱ្យដឹងថា រថយន្ត ប្រហែល៧.៣លានគ្រឿងត្រូវបានគេរំពឹងថានឹងធ្វើដំណើរក្នុងនិងក្រៅរដ្ឋធានីក្នុងអំឡុងពេលប្រាំពីរថ្ងៃ ដើម្បីដើរលេង កម្សាន្តអបអរឆ្នាំថ្មីឆ្នាំ២០២៣៕ ដោយៈវណ្ណ ស័ក្ដិ

ads banner