សិក្ខាសាលាស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក និងបណ្ដាញសង្គម ត្រូវបានរៀបចំឡើង ដើម្បីចែករំលែកចំណេះដឹងថ្មីៗជូនដល់សិស្ស និស្សិត ក្នុងការផ្ដល់បទពិសោធន៍ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម លើប្រព័ន្ធអេឡិចត្រូនិច

ភ្នំពេញ៖ សិក្ខាសាលាស្តីពី «ពាណិជ្ជកម្មអេឡិចត្រូនិក និងបណ្ដាញសង្គម» ត្រូវបានក្រុមហ៊ុន អាយ អ៊ី បាយ សហការជាមួយវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ រៀបចំឡើងដើម្បីចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងថ្មីៗ ស្តីពីការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក និងបណ្ដាញសង្គម ស្របតាមបដិវត្តន៍ឧស្សាហកម្ម ៤.0 (Industry 4.0) ជូនដល់សិស្ស និស្សិត និងបុគ្គលិក ក្នុងការស្វែងយល់អំពីចំណេះដឹងបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញផ្ទាល់ខ្លួន លើការសិក្សា ការងារ និងអាជីវកម្ម ។

សិក្ខាសាលានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានលោក ចាន់ ជឿន នាយករង វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងលោក ឯម ឬទ្ធី អគ្គនាយក នៃក្រុមហ៊ុន អាយ ម៉ី បាយ អេប ដោយមានការចូលរួមពីសិស្ស និស្សិតជាច្រើនរូប ។

លោក ឯម ឬទ្ធី បានលើកឡើងថា ក្រុមហ៊ុន អាយ អ៊ី បាយ គឺជាមជ្ឍមណ្ឌលពាណិជ្ជកម្ម និងកម្សាន្ត ឌីជីថល ត្រូវបានបង្កើតឡើងនៅ ឆ្នាំ២០១៨ នឹងចុះបញ្ជីបើកក្រុមហ៊ុនជាផ្លូវការនៅថ្ងៃទី១៨ មេសា ឆ្នាំ២០២០ ដោយស្នាដៃកូនខ្មែរសុទ្ធសាធ និងដាក់ឱ្យប្រើប្រាស់សាកល្បង នៅប្រព័ន្ធប្រតិបត្តិការទូរស័ព្ទដៃស្មាតហ្វូន នៅខែតុលា ឆ្នាំ២០២១ ហើយបច្ចុប្បន្ន ក្រុមហ៊ុននេះ កំពុងតែអភិវឌ្ឍន៍បន្ថែមនូវមុខងារសំខាន់ៗ ជាច្រើនទៀតនៅកម្មវិធីអេបតែមួយ ។

លោក សិន សុលីណា ព្រឹទ្ធបុរសមហាវិទ្យាល័យបច្ចេកវិទ្យាព័ត៌មាន នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានបង្ហាញការភ្ញាក់ផ្អើល ដែលឃើញថា បច្ចុប្បន្ន កូនខ្មែរយើង បានបង្កើតនូវអេបមួយ ដែលមានសារៈសំខាន់ប្រហាក់ប្រហែលទៅនឹង អេប របស់បរទេស ក្នុងការផ្សព្វផ្សាយទាក់ទងទៅនឹង Social Media ក៏ដូចជាការលក់ទំនិញ និងការទំនាក់ទំនងគ្នាទៅវិញទៅមក តាមរយៈអនឡាញ ។

សូមបញ្ជាក់ថា អេប អាយ អ៊ី បាយ គឺជាសមិទ្ធផលថ្មីមួយ លើវិស័យបច្ចេកវិទ្យា ដែលកូនខ្មែរបានធ្វើឡើង ហើយនេះ ក៏ជាមោទនៈភាពជាតិខ្មែរមួយ ដែលកន្លងមក យើងធ្លាប់តែប្រើប្រាស់ របស់បរទេស តែពេលនេះ កូនខ្មែរយើងអាចបង្កើតបាន ដូច្នេះយើងគួរតែនាំគ្នាមកជួយគាំទ្រ និងលើកស្ទួយទាំងអស់គ្នា ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner