ភ្លើងឆេះនៅលើផ្លូវល្បឿនលឿនមួយកន្លែងនៅកូរ៉េខាងត្បូង ស្លាប់មនុស្ស៦នាក់
សេអ៊ូល៖ នាយកដ្ឋានពន្លត់អគ្គីភ័យបានប្រាប់ថា មនុស្សប្រាំមួយនាក់បានស្លាប់ បន្ទាប់ពីរថយន្តក្រុង និងឡានដឹកទំនិញបុកគ្នា បណ្តាលឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅលើផ្លូវល្បឿនលឿនមួយកន្លែង នៅជាយក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។
រូបភាពនៃកន្លែងកើតហេតុនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីអណ្តាតភ្លើងដ៏ធំ និងផ្សែងហុយចេញពីផ្លូវល្បឿនលឿនមួយកន្លែង ខណៈដែលអ្នកពន្លត់អគ្គីភ័យរាប់រយនាក់បានដុតដៃដុតជើង ដើម្បីពន្លត់ភ្លើងឱ្យស្ថិតក្រោមការគ្រប់គ្រង។
អគ្គិភ័យបានឆាបឆេះឡើងដោយរថយន្តក្រុងបុកជាមួយរថយន្តកុងតឺន័រ នៅវេលាម៉ោង១និង៥០នាទីរសៀលនៅក្នុងផ្លូវល្បឿនលឿនមួយកន្លែងនៅ Gwacheon ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីម្នាក់នៅនាយកដ្ឋានពន្លត់អគ្គីភ័យតំបន់ Gwacheon ។
មន្ត្រីរូបនេះបានបន្ថែមថា យើងកំពុងធ្វើការស្វែងរកមនុស្សនៅក្នុងផ្លូវល្បឿនលឿន ក្នុងករណីមានអ្នកស្លាប់ និងរបួសបន្ថែម។ លោកបានបន្ថែមថា មនុស្សប្រហែល ២០ នាក់បានទទួលការព្យាបាលដោយសារស្រូបផ្សែង៕ ប្រភពពី AFP, ដោយ៖ សារ៉ាត

