អត្តសញ្ញាណបណ្ណមន្រ្តីរាជការស៊ីវិលប្រភេទថ្មី អាចដកប្រាក់ តាមអេធីអឹម ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានប្រកាសដាក់ឱ្យដំណើរ ការជាផ្លូវការនូវអត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី ដែលមានអត្ថប្រយោជន៍ជាច្រើនយ៉ាង ខណៈបណ្ណគំរូថ្មីនេះ អាចប្រើប្រាស់ជាបណ្ណសម្គាល់ខ្លួន ជាប័ណ្ណអេធីអឹម(ATM) សម្រាប់បើកប្រាក់បៀវត្សពីធនាគារ និងអាចទូទាត់ទំនិញ តាមរយៈ ម៉ាស៊ីនឆូតកាតផងដែរ។

ក្នុងពិធីប្រកាសដាក់ឱ្យដំណើរជាផ្លូវការនូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី កាលពីថ្ងៃទី ២៨ ខែធ្នូ រដ្ឋមន្រ្តី ក្រសួង មុខងារសាធារណៈឯកឧត្តម ព្រុំ សុខា បានថ្លែងថា អត្តសញ្ញាណ បណ្ណ មន្ត្រីរាជការស៊ីវិលប្រភេទថ្មីនេះ នឹងត្រូវប្រើ ប្រាស់ ជាប័ណ្ណសម្គាល់ខ្លួនផង ជាបណ្ណអេធីអឹមសម្រាប់ដក ប្រាក់បៀវត្សពីធនាគារផង ហើយនឹងអាចប្រើប្រាស់ជា មធ្យោបាយចាំបាច់ផ្សេងទៀត។

ឯកឧត្តមបន្តថា៖«ក្រៅពីការបោះពុម្ពអត្តសញ្ញាណបណ្ណប្រភេទថ្មីនេះ ក្រសួងមុខងារសាធារណៈនឹងដាក់ដំណើរ ឱ្យប្រើប្រាស់ កម្មវិធីព័ត៌មានមន្ត្រីរាជការលើទូរស័ព្ទដៃ (Mobile App) ដែលអនុញ្ញាតឱ្យមន្ត្រីរាជការអាចពិនិត្យព័ត៌មានផ្ទាល់ខ្លួន និងកែតម្រូវព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដោយខ្លួនឯងបានផងដែរ»។
ជាមួយគ្នានោះ ក្រសួងនឹងបន្តសហការជាមួយដៃគូ និងស្ថាប័ន ពាក់ព័ន្ធ លើកកម្ពស់កិច្ចការគាំពារមន្រ្តីរាជការ (សំណាញ់សុវត្ថិ ភាព) ដើម្បីបម្រើជាប្រយោជន៍ជូនមន្រ្តីរាជការ ក្នុងបុព្វហេតុ សុខ សន្តិភាព វឌ្ឍនភាព វិបុលភាពយូរអង្វែងរបស់សង្គមជាតិ។

ធនាគារចំនួនបីដែលជាដៃគូជាមួយក្រសួងមុខងារសាធារណៈសម្រាប់ការបើកប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការនោះរួមមាន ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា និងធនាគារវីង។ ឯកឧត្តម ព្រុំ សុខា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែង របស់ក្រុមការងារក្រសួងមុខងារសាធារណៈ និងកិច្ចសហការ គាំទ្រពីក្រសួង-ស្ថាប័នទាំងអស់ ក៏ដូចជារដ្ឋបាលនៅថ្នាក់ ក្រោមជាតិ និងធនាគារដៃគូទាំងបី ក្នុងការរៀបចំបោះពុម្ព អត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី (ស្មាតកាត)។

លោកថា៖«ព្រឹត្តិការណ៍ថ្ងៃនេះបានសបញ្ជាក់ច្បាស់ថាយើងសម្រេចបាននូវពន្លកសា្នដៃមួយ ដែលយើងបានរួមគ្នាអនុវត្តគោល នយោបាយរដ្ឋាភិបាលឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជាមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ»។

អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាន នាយិកា ប្រតិបត្តិប្រតិបត្តិការធនាគារ អេស៊ីលីដា លោកស្រី សូ ផនណារី មានប្រសាសន៍ថា ធនាគារ អេស៊ីលីដា បានបោះពុម្ព អត្តសញ្ញាណបណ្ណមន្រ្តីរាជការស៊ីវិលទម្រង់ថ្មីនេះ គឺផ្អែកលើ ការវិវត្តជឿនលឿននៃបច្ចេកវិទ្យា ស្របតាមប្រក្រតីភាពថ្មីនៃបរិបទកូវីដ១៩ ដោយបានរៀបចំបោះពុម្ពជាប្រភេទស្មាតកាត (Smart Card) ដែលអនុញ្ញាតឱ្យមន្ត្រីរាជការស៊ីវិល អាចប្រើ ប្រាស់សេវាប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងងាយស្រួល នៅ គ្រប់ពេលវេលា ប្រកបដោយសុវត្ថិភាពខ្ពស់ ជាពិសេសមន្រ្តី រាជការ ស៊ីវិលទូទាំងប្រទេស នឹងទទួលបានបណ្ណនេះដោយ ឥតគិតថ្លៃ។

លោកស្រីបញ្ជាក់ថា៖«ការដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលថ្មីនេះ សបញ្ជាក់ឱ្យឃើញថា វិស័យ សារធារណៈ និងវិស័យឯកជនមានទំនាក់ទំនង គ្នាយ៉ាង ស្អិតរមួត គាំទ្រគ្នាទៅវិញទៅមក មិនអាចកាត់ផ្តាច់ពីគ្នាបាន ឡើយ ។ជាងនេះទៅទៀត ជាលទ្ធផលបង្ហាញឱ្យឃើញថា វិស័យសាធារណៈ និងវិស័យឯកជន ជាពិសេសប្រទេសកម្ពុជា ទាំងមូល មានការរីកចម្រើន ជឿនលឿន ដោយប្រើប្រាស់ បច្ចេក វិទ្យាទាន់សម័យ ដូចប្រទេសជឿនលឿនមួយចំនួន នៅក្នុងតំបន់ និងក្នុងពិភពលោក»។

ជាមួយគ្នានេះដែរ ធនាគារកាណាឌីយ៉ា ដែលជាដៃគូសហការ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា អត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី អាចប្រើប្រាស់ បានមុខងារពីរក្នុងបណ្ណតែមួយ។ ធនាគារ បានឱ្យដឹង ថា ៖«បណ្ណមន្ត្រីរាជការប្រភេទថ្មី ដែលអាចប្រើប្រាស់ ជា បណ្ណ សម្គាល់ខ្លួនផង ជាបណ្ណអេធីអឹម (ATM) ផង និងអាចប្រើ ប្រាស់ ជាមធ្យោបាយសម្រាប់មុខងារដទៃផ្សេងទៀតមានដូចជា ដក ដាក់ប្រាក់ ផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក ទូទាត់ទំនិញ តាម ម៉ាស៊ីនឆូតកាត និងទូទាត់វិក្កយបត្រផ្សេងៗទៀត តាមរយៈ ម៉ាស៊ីន ដក ឬដាក់ប្រាក់របស់ធនាគារ កាណាឌីយ៉ា និង ធនាគារ ដទៃទៀតដែលជាសមាជិកCSS»។

អត្តសញ្ញាណបណ្ណមន្រ្តីរាជការស៊ីវិលទម្រង់ថ្មីនេះ មានភ្ជាប់ និមិត្តសញ្ញា CSS (Cambodian Shared Switch) ដែល ជាបណ្ណអេធីអឹម សម្រាប់បម្រើមន្រ្តីរាជការស៊ីវិល ក្នុងការ ទូទាត់ទំនិញ-សេវាកម្មតាមម៉ាស៊ីនឆូតកាត និងតាមអនឡាញ ជាមួយដៃគូអាជីវកម្មដែលប្រើប្រាស់ប្រព័ន្ធទូទាត់ជាមួយធនាគារដែលបានសហការ ៕
ដោយ៖ឡាយ សាមាន

ads banner